ប្រធានបទ៖ព្រះយេស៊ូគង់នៅជាមួយយើងគ្រប់ពេលវេលាគ្រប់សកម្មភាព តែហេតុអ្វីយើងមិនឃើញព្រះអង្គ?
បកស្រាយដោយ៖ លោកសិលា សួន ហង្សលី (អភិបាលឧបត្ថម្ភកៈភូមិភាគភ្នំពេញ)
អភិសួន ហង្សលី៖ ដោយសារតែសេចក្តីស្រឡាញ់របស់ព្រះអង្គនៅជាមួយយើង ដូចព្រះយេស៊ូគ្រីស្តបានមានព្រះបន្ទូលថា ប្រសិនបើអ្នករាល់គ្នាទុកសេចក្តីស្រឡាញ់របស់ខ្ញុំនៅជាមួយអ្នករាល់គ្នា ដូចខ្ញុំទុកសេចក្តីស្រឡាញ់របស់ព្រះបិតានៅជាមួយអ្នករាល់គ្នា ហើយបើអ្នករាល់គ្នាប្រតិបត្តិតាមវិន័យរបស់ខ្ញុំ គឺសេចក្តីស្រឡាញ់នេះ! នោះយើងទាំងអស់គ្នាពិតជាមិត្តសំឡាញ់របស់ព្រះអង្គ ហើយយើងទាំងអស់គ្នានិងទទួលព្រះអង្គដែលគង់នៅជាមួយយើង ដោយយើងក៏មានជីវិតរួមជាមួយព្រះអង្គដែរ។
ដោយសារសេចក្តីស្រឡាញ់ និងការបម្រើរបស់យើងដោយមានចិត្តមេត្តាករុណាបានបង្ហាញថាព្រះយេស៊ូបានគង់នៅជាមួយយើង ហើយព្រះអង្គគឺជាកម្លាំងដែលជំរុញឲ្យយើងខិតខំប្រព្រឹត្តអំពើដែលសប្បុរសដល់បងប្អូនដែលរស់នៅជុំវិញយើង ជាពិសេសអស់អ្នកដែលក្រីក្រ រងទុក្ខលំបាកផ្សេងៗ។ ព្រះអង្គគង់នៅជាមួយយើងតាមរយៈការអធិដ្ឋាន និងតាមរយៈអគ្គសញ្ញានាៗដែលយើងបានប្រារព្ធនៅក្នុងព្រះសហគមន៍។ ពេលណាយើងអធិដ្ឋាន ពេលណាយើងចូលរួមនៅក្នុងអគ្គសញ្ញាដែលយើងមាន ពេលនោះហើយដែលធ្វើឲ្យយើងមានអារម្មណ៍ជិតស្និតជាមួយព្រះយេស៊ូ។
សម្រាប់អ្នកដែលបានខិតខំអធិដ្ឋានប្រាកដជាបានដឹងហើយ ពេលនោះគឺជាពេលដែលរីករាយជាទីបំផុត ព្រោះយើងបាននៅជិតស្និតជាមួយព្រះអង្គ ហើយមានអារម្មណ៍ដឹងថាព្រះជាម្ចាស់បានគង់នៅជាមួយយើង ជំរុញឲ្យដួងចិត្តរបស់យើងរំភើប និងអំណរយ៉ាងខ្លាំង។ ពេលខ្លះយើងឃើញមានបងប្អូនមួយចំនួនមានអំណររហូតស្រក់ទឹកភ្នែក ដោយសារពិធីទាំងនោះ ឬក៏ការអធិដ្ឋានរបស់យើងជាមួយព្រះអង្គ។ មានន័យថាព្រះយេស៊ូគ្រីស្តដែលមានព្រះជន្មថ្មីពិតជាគង់នៅជាមួយយើងមែន ព្រះអង្គបានគង់នៅជាមួយយើងមែន តែយើងមើលទ្រង់មិនឃើញនោះទេ ផ្ទុយទៅវិញហេតុទាំងនោះបានស្តែងចេញតាមរយៈសកម្មភាពនៅក្នុងជីវិតរបស់យើងម្នាក់ៗ ឬក៏ព្រឹត្តិការណ៍នៅក្នុងសង្គម ដែលណែនាំឲ្យយើងបានដឹងថា ពិតណាស់ព្រះយេស៊ូគ្រីស្តបានគង់នៅជាមួយយើងមែន។
សូមព្រះយេស៊ូដែលមានព្រះជន្មរស់ឡើងវិញ គង់នៅជាមួយយើង និងប្រទានពរដល់យើងគ្រប់គ្នាឲ្យបានទទួលអំណរ និងសេចក្តីសង្ឃឹមនៅក្នុងជិវិតរបស់គេម្នាក់ៗ។ អាមែន
ដោយ ឆាក លាំង