ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ អត្ថបទគម្ពីរ (ម៉ាថាយ ២៥,១-១៣)អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ ផាន បូរី
អត្ថបទព្រះគម្ពីរដំណឹងល្អនៅថ្ងៃនេះ ព្រះយេស៊ូបានលើកឡើងអំពីស្ដ្រីក្រមុំទាំង១០នាក់។ ស្ដ្រីក្រមុំទាំង១០នាក់នោះមាន៥នាក់ជាស្ដ្រីក្រមុំដែលចេះត្រៀមខ្លួនយកចង្កៀងនិងប្រងទៅដើម្បីបង្កា។ រីឯស្ដ្រីក្រមុំ៥នាក់ទៀតយកតែចង្កៀងទៅ នៅពាក់កណ្ដាលអាត្រាតក៏អស់ប្រេង ហើយមានតែស្រ្តី៥នាក់ប៉ុណ្ណោះដែលមានគំនិត។
ហេតុនេះហើយបានជាព្រះយេស៊ូនិយាយថាស្ដ្រី៥នាក់ ជាស្ដ្រីដែលមានប្រាជ្ញា ស្ដ្រី៥នាក់ទៀតជាស្ដ្រីដែលអត់មានប្រាជ្ញា។ ស្ដ្រី៥នាក់ដែលមានគំនិតគេចេះរៀបចំខ្លួន រៀបចំអាកប្បកិរិយាបានយ៉ាងត្រឹមត្រូវដើម្បីទទួលស្វាមី។ នៅពេលស្វាមីមកដល់គេមានឱកាសហូបបាយជាមួយគ្នា និងជជែកគ្នាលេងយ៉ាងល្អ ដោយឡែកស្ដ្រី៥នាក់ទៀតដែលអត់បានរៀបចំអ្វីទាំងអស់នោះបានត្រឹមនឹកស្តាយក្រោយ។
តើព្រះយេស៊ូព្រះអង្គចង់លើកឡើងអំពីអ្វី? ស្ដ្រីក្រមុំទាំង១០នាក់នេះតំណាងឲ្យអ្វី? ពេលដែលយើងនិយាយអំពីកូនក្រមុំ គឺយើងនិយាយអំពីព្រះសហគមន៍។ រីឯកូនកំលោះ គឺនិយាយពីព្រះយេស៊ូ ហេតុនេះ កូនកំលោះនិងកូនក្រមុំ មានទំនាក់ទំនងជាមួយគ្នា។ ប៉ុន្តែព្រះយេស៊ូដែលជាកូនកំលោះ ចង់ឲ្យកូនក្រមុំ ចេះត្រៀមខ្លួនដ៏ពិតប្រាកដ ដើម្បីទទួលស្វាមីរបស់ខ្លួនគឺទទួលព្រះរាជរបស់ព្រះជាម្ចាស់ គឺទទួលព្រះយេស៊ូគ្រីស្ត។
ចំណុចទីពីរ៖ ព្រះយេស៊ូចង់ឲ្យយើងរស់នៅល្អ ចេះត្រៀមខ្លួន ត្រៀមចិត្តគំនិត ដើម្បីឲ្យជីវិតរបស់យើងបានគាប់ប្រសើរ។ ចេះធ្វើតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ ជាពិសេសយើងជាគ្រីស្តបរិស័ទ តោងដឹងថាយើងគឺជានរណា ប្រសិនបើយើងជាអ្នកជឿ យើងចេះត្រៀមខ្លួនធ្វើតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ចេះត្រៀមខ្លួនដើម្បីធ្វើសេចក្តីល្អ ចេះត្រៀមខ្លួនដើម្បីធ្វើធម៌មេត្តាករុណា ចេះត្រៀមខ្លួនដើម្បីឲ្យអ្វីដែលយើងនិយាយ គឺជាសេចក្តីពិត។ ចេះត្រៀមខ្លួនធ្វើឲ្យចិត្តមានភាពនឹងនរ ឲ្យការរស់នៅរបស់បុគ្គលឬរបស់យើងមានសីលធម៌ មានសច្ចៈធម៌ មានគុណធម៌ ចេះយោគយល់ ចេះអាព្យាស្រ័យ នឹងចេះកសាងសុខសន្តិភាពនៅកន្លែងដែលយើងរស់នៅ។
បងប្អូនជាទីស្រឡាញ់ ព្រះយេស៊ូចង់ឲ្យយើងមានចំណេះដឹង ចេះរិះគិត ចេះថ្លឹងថ្លែង អ្វីល្អនិងមិនល្អ ហេតុនេះសេចក្តីល្អដែលព្រះយេស៊ូចង់ឲ្យយើងធ្វើយើងត្រូវតែត្រៀមខ្លួនជានិច្ច ដូចកូនសិស្សដែលនឹងត្រៀមខ្លួនប្រឡង។ ចំណុចទីបី៖ ចូលឲ្យយើងខិតខំប្រឹងប្រែងចេញពីភាពងងឹតចូលទៅក្នុងពន្លឺ ដើម្បីយើងអាចចូលទៅក្នុងពន្លឺបាន យើងត្រូវចេះត្រៀមខ្លួនមានន័យថា យើងត្រូវតែពឹងផ្អែកលើព្រះបន្ទូលរបស់ព្រះយេស៊ូគ្រីស្ត ដែលចង់ឲ្យយើងធ្វើសេចក្តីល្អ ចង់ឲ្យយើងកសាងសន្តិភាព និងចង់ឲ្យយើងមានអនាគតល្អ។ ព្រះយេស៊ូអត់ចង់ឲ្យយើងរស់នៅដោយលំបាកតោកយ៉ាកទេ ហើយព្រះយេស៊ូក៏អត់ចង់ឃើញសង្គមនេះមានបញ្ហា មានសង្គ្រាម មានហិង្សា មានការប្រើប្រាស់គ្រឿងញៀន និងរឿងមិនល្អផ្សេងៗ។
ផ្ទុយទៅវិញ ព្រះយេស៊ូចង់ឲ្យសង្គមរបស់យើងក្លាយជាទឹកដីពោរពេញដោយសន្តិភាព នឹងសេចក្តីសុខសាន្ត។ ហេតុនេះ យើងទូលអង្វរព្រះជាម្ចាស់ សូមព្រះវិញ្ញាណដ៏វិសុទ្ធ គង់នៅជាមួយយើង បំភ្លឺចិត្តគំនិតរបស់យើងដែលជាកូនក្រមុំ សូមឲ្យយើងចេះត្រៀមខ្លួនដើម្បីទទួលស្វាមី គឺព្រះយេស៊ូគ្រីស្ត។ អាម៉ែន៕