ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៦អត្ថបទគម្ពីរ ម៉ាកុស (៦,៣០-៣៤)អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ អ៊ុន សុន

ថ្ងៃនេះយើងមក ស្តាប់ព្រះបន្ទូលដំណឹងល្អតាមលោកម៉ាកុស(៦,៣០-៣៤)។ ព្រះយេស៊ូបានចាត់សាវ័ក របស់​ព្រះអង្គឱ្យទៅប្រកាសដំណឹងល្អ។ ពេលត្រឡប់មកវិញពួកគាត់មានអំណរសប្បាយរីករាយ ហើយ​ព្រះយេស៊ូក៏បានយល់ពីអារម្មណ៍ របស់ក្រុមសាវ័កដែលបាន ទៅបំពេញសកម្មភាព ការងាររ​បស់​ខ្លួន។​ ព្រះយេស៊ូអញ្ជើញគេឱ្យរកកន្លែងសម្រាក ដើម្បីឱ្យមានពេលនៅជាមួយព្រះអង្គ។ ព្រះអង្គនៅជាមួយគេ នឹងទទួលបានកម្លាំងថ្មី។

ការសម្រាកនេះចាំបាច់ ក្នុងមួយសប្តាហ៍មាន៧ថ្ងៃ ហើយ៧ថ្ងៃនេះយើងបានធ្វើកិច្ចការជាប់ ប្រៀប​ដូច​ជា​សកម្ម​ភាព ម្តាយជូនកូនៗទៅសាលារៀន  និងធើ្វកិច្ចការផ្ទះ អញ្ចឹងយើងឃើញថា ថ្ងៃសម្រាក គឺ​ជា​ថ្ងៃ​ជួប​ជុំ​គ្រួសារ ជាថ្ងៃដែលយើងទៅលើកតម្កើងព្រះជាម្ចាស់ដូចថ្ងៃអាទិត្យ។ ជាការមួយដើម្បីយើងមានពេល ទទួល​ព្រះបន្ទូល មានពេលស្ងប់ស្ងាត់ សម្រាកនៅក្នុងចិត្តគំនិត អារម្មណ៍ ស្មឹងស្មាតទទួលកម្លាំងពន្លឺថ្មី។

នេះជាចំណុចមួយ ដើម្បីឱ្យ យើងជាគ្រីស្តបរិស័ទ យកថ្ងៃសម្រាកជាថ្ងៃមួយ ធ្វើឱ្យយើងជួបជុំក្រុមគ្រួសារ មានពេលវេលាទទួលអាហារជាមួយគ្នា មានពេលទៅសួរសុខទុក្ខឪពុកម្តាយចាស់ ដែលគាត់នៅផ្ទះ បាត់​កូន​បាត់ចៅយូរ គាត់មានការនឹករលឹក។ ទាំងអស់នេះឃើញថា ជីវិតរបស់យើង គ្មានអ្វី ដែលល្អប្រសើរ​ជាង​ការជួបជុំគ្នា និងរួមរូមគ្នា។

ព្រះយេស៊ូបានអញ្ជើញយើង បានត្រាស់ហៅយើង ឱ្យយើងមកសម្រាក មិនដើម្បី​តែសុខភាពតែប៉ុណ្ណឹង ប៉ុន្តែត្រូវគិតពីជីវិតខាងវិញ្ញាណ ដែលជាកម្លាំងមួយដើម្បីនាំសកម្មភាពនៃជីវិតរបស់យើង កើតមានគំនិតថ្មី មាន​​យោ​បល់​​ថ្មីក្នុងការងារ ជាពិសេសទំនាក់ទំនង ជាមួយបងប្អូន។ បើយើងមានទំនាក់ទំនងជា​មួយ​បង​ប្អូនល្អប្រសើរ និងការគោរពស្រឡាញ់ព្រះជាម្ចាស់ នឹងធ្វើឱ្យយើង​យល់អំពី​តម្លៃថ្លៃថ្នូរ ដែលព្រះជាម្ចាស់​ប្រទាន​ឱ្យ​យើង។

ដូច្នេះថ្ងៃសម្រាក សូមឱ្យបងប្អូនមានពេលជាគ្រួសារ ដើម្បីមកជុំគ្នា មកស្តាប់ព្រះបន្ទូល ចូលរួមអភិបូជា អធិដ្ឋានរួមគ្នា មានពេល ដើម្បីចែកចាយអំណរសប្បាយ ក្នុងគ្រួសារ បងប្អូន ឬអ្នកជិតខាង ដែល​ត្រូវ​ការ​បង​ប្អូន។ ដូច្នេះសូមឱ្យយើងមានពេលវេលាមួយដើម្បីបង្ហាញថា យើងបានស្តាប់ព្រះបន្ទូល យើង​បាន​ទទួល​ដំណឹងល្អ ហើយនាំដំណឹងល្អទៅដល់បងប្អូនឯទៀតៗ ដោយសកម្មភាពប្រចាំថ្ងៃ។ ខ្ញុំសូមជូនពរ ឱ្យ​បងប្អូនមានអំណរសប្បាយ មានពេលសម្រាករួមជាមួយព្រះយេស៊ូ ដើម្បីទទួលអំណរ ទទួលកម្លាំង និងទទួលវិញ្ញាណ ដែលព្រះជាម្ចាស់សព្វព្រះហឫទ័យប្រទានឱ្យ សូមឱ្យយើងឃើញព្រះជាម្ចាស់ជា​សេចក្តី​ស្រឡាញ់គ្រប់ពេលវេលា អាមែន៕

 

Daily Program

Livesteam thumbnail