ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៥ អត្ថបទគម្ពីរ (៦,៣០-៣៥)អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ រឿង ឆ័ត្រសិរី

បាទជម្រាបសួរបងប្អូនជាទីស្រឡាញ់! ព្រះបន្ទូលរបស់ព្រះយេស៊ូថ្ងៃនេះបង្ហាញថាព្រះអង្គដូចជាអាហារដែលមកពីស្ថានបរមសុខ ខ្ញុំនេះហើយដែលជាអាហារដែលផ្តល់ជីវិត អ្នកណាមករកខ្ញុំអ្នកនោះលែងឃ្លានទៀតហើយ អ្នកណាជឿលើខ្ញុំអ្នកនោះលែងស្រេកទៀតហើយ។
បាទបងប្អូន! នៅក្នុងរយៈពេលដែលយើងកំពុងមានអំណរសប្បាយក្រោយបុណ្យចម្លងព្រះយេស៊ូមានរបៀបបង្ហាញខ្លួន និងព្យាយាមទាក់ទងជាមួយសាវ័ករបស់ព្រះអង្គ ជូនកាលតាមឆ្នេរសមុទ្រ ប៉ុន្តែមានច្រើនដងដែលព្រះអង្គអង្គុយ និងពិសារនំបុ័ងជាមួយក្រុមសាវ័ក។ បន្តិចម្តងៗព្រះយេស៊ូបង្ហាញថា ព្រះអង្គនេះហើយជាអាហារមកពីស្ថានបរមសុខជាអាហារដែលផ្តល់ជីវិតសម្រាប់យើង។
បាទបងប្អូន! យើងដឹងថាព្រះយេស៊ូជាអាហារដែលមិនមែន ផ្តល់សម្រាប់តែរូបកាយរបស់យើងឲ្យមានកម្លាំងមាំមួនសុខភាពល្អតែប៉ុណ្ណឹង តែព្រះអង្គជាម្ហូបអាហារខាងផ្លូវវិញ្ញាណ អាហារខាងផ្លូវវិញ្ញាណនេះព្រះអង្គបានបង្ហាញថា ព្រះអង្គផ្ទាល់ដែលជាម្ហូបមកពីស្ថានបរមសុខដែលព្រះបិតាចាត់ព្រះអង្គឱ្យមកតែយើងទទួលព្រះអង្គតាមរបៀបណា។ បាទបងប្អូនដឹងហើយថា នៅក្នុងពិធីអភិបូជាយើងមានពាក្យបន្ទូលរបស់ព្រះយេស៊ូដែលរំលឹកយើងថានេះជាព្រះកាយរបស់ខ្ញុំ នេះជាលោហិតរបស់ខ្ញុំ។
បន្តិចទៀតយើងនឹងបានទទួលព្រះអង្គជារៀងរាល់អាទិត្យពេលដែលបងប្អូនបានចូលរួមអភិបូជា នេះជារបៀបមួយដែលព្រះយេស៊ូរក្សាទំនាក់ទំនងរវាងយើង និងមនុស្សជាពិសេសជាមួយអ្នកជឿ។ បងប្អូនដឹងហើយថាខាងមុខនេះយើងនិងមានបុណ្យមួយគឺបុណ្យព្រះកាយ និងព្រះលោហិតរបស់ព្រះអង្គ។ ហាក់ដូចជានៅពេលនេះព្រះបន្ទូលជួយរៀបចំយើង ឱ្យយើងស្គាល់របៀបព្រះអង្គបានរស់នៅក្នុងជីវិតរបស់យើង ម្យ៉ាងដែរ។ ព្រះវិញ្ញាណដ៏វិសុទ្ធជួយឱ្យយើងយល់ថា អ្វីដែលព្រះអង្គកំពុងតែមានព្រះបន្ទូលជាមួយយើងបានឱ្យយើងដឹងថា ព្រះយេស៊ូគ្រីស្តតែមួយព្រះអង្គប៉ុណ្ណោះដែលជាម្ហូបខាងផ្លូវវិញ្ញាណរបស់យើង។
ជួនកាលយើងបាត់បង់អំណោយទាន ឬក៏បាត់បង់អ្វីដែលយើងអាចទទួលបានខាងផ្លូវវិញ្ញាណដោយសារអំពើបាបរបស់យើង ប៉ុន្តែថ្ងៃនេះព្រះអង្គបានប្រៀបធៀប និងពន្យល់ដល់ក្រុមដែលមកសួរព្រះយេស៊ូថា តើព្រះអង្គផ្ទាល់អ្វីឱ្យយើង! ដោយសារនៅក្នុងប្រវត្តិសាស្រ្ត សេរីភាពជនជាតិអ៊ីស្រាអែលបានទទួលការចិញ្ចឹមពីព្រះអម្ចាស់តាមរយៈនំអាហារ តែឥឡូវនេះព្រះយេស៊ូលើសពីនំអាហារទៅទៀត ដោយសារនំអាហាររបស់បុព្វបុរសរបស់ជនជាតិយូដាញាំហើយនឹងស្លាប់ ក៏ប៉ុន្តែអ្នកដែលទទួលម្ហូបខាងផ្លូវវិញ្ញាណគឺព្រះកាយព្រះអង្គផ្ទាល់នាំឱ្យយើងមានជីវិតអស់កល្បជានិច្ច។
មានន័យថា ទោះបីយើងស្លាប់ទៅហើយក៏យើងអាចទទួលអំណោយទាននោះឱ្យជីវិតរបស់យើងរស់រានបន្តទៅមុខជាមួយព្រះអង្គ។ បាទបងប្អូនឱ្យយើងត្រៀមចិត្តគំនិតយ៉ាងល្អ រាល់ពេលដែលបងប្អូនទៅទទួលព្រះកាយ រាល់ពេលដែលយើងស្តាប់ព្រះបន្ទូលផ្តល់ជីវិត ហើយធ្វើឱ្យយើងទាំងអស់គ្នារស់នៅដោយមានក្តីសង្ឃឹមជាពិសេសនៅក្នុងឆ្នាំនៃសេចក្តីសង្ឃឹមនេះផង។ សូមព្រះជាម្ចាស់ប្រទានពរឱ្យអស់បងប្អូន៕
Daily Program
