អធិរាជចក្រភពរ៉ូម ទីបេរីយ៉ុស គ្រប់គ្រងយ៉ាងតឹងរ៉ឹង ប៉ុន្តែមានស្ថិរភាពសេដ្ឋកិច្ច

អធិរាជទីបេរីយ៉ុស កើតនៅរដ្ឋធានីរ៉ូម នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ៤២ និងសោយទីវង្គត់នៅទីក្រុង មីសេន នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ៣៧ នៃគ្រិស្តសករាជ។ ព្រះអង្គគឺជាអធិរាជរ៉ូមទី២ ពីឆ្នាំ១៤ ដល់ឆ្នាំ៣៧។ ព្រះអង្គស្ថិតនៅក្នុងរាជវង្ស ហ្ស៊ូលីយ៉ូ ក្លូដៀ។

អធិរាជទីបេរីយ៉ុស មានភាពខុសពីគេដោយសារទេពកោសល្យខាងយោធារបស់ព្រះអង្គ។ ព្រះ​អង្គបានធ្វើយុទ្ធនាការយោធាដោយជោគជ័យជាច្រើនតាមបណ្តោយព្រំដែនភាគ​ខាងត្បូង​នៃ​ចក្រភព និងនៅតំបន់អ៊ីលលីរី សព្វថ្ងៃជាភាគពាយព្យនៃឧបទ្វីបបាល់កង់។

បន្ទាប់ពីមរណភាពរបស់​ឪពុក​ចិញ្ចឹមរបស់ព្រះអង្គនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ១៤ ព្រះអង្គបាន ទទួលនាម ទីបេរីយ៉ុស លូលីយ៉ុស សេសា អូហ្គូស្តូស ហើយព្រះអង្គអាចបន្តតំណែង ជាផ្លូវ ការនៅក្នុងមុខងារជា​ព្រឹទ្ធបុរសទី១ ដែលមានទំនាក់ទំនងនឹងរដ្ឋាភិបាលនៃចក្រភព។  បន្ទាប់​មក​ព្រះអង្គបានកាន់អំណាចនៅក្នុងទាំងសភា និងរដ្ឋាភិបាល ដែលធ្វើព្រះអង្គក្លាយជាអធិរាជ​នៃ​ចក្រភពរ៉ូម។ ព្រះចៅអធិរាជទីបេរីយ៉ុស បានដាក់ឲ្យដំណើរការនូវ​កំណែទម្រង់​ដ៏មាន​សារ​សំខាន់ៗ ជាច្រើន​នៅក្នុងសេដ្ឋកិច្ច និងនយោបាយនៃចក្រភព។ ព្រះអង្គបានបញ្ឈប់​នូវ​នយោបាយពង្រីកយោធា និងកម្រិតកងទ័ពនៅត្រឹមធ្វើឲ្យព្រំដែនមានសុវត្ថិភាព។

បុគ្គលិកលក្ខណៈរបស់អធិរាជទីបេរីយ៉ុស ត្រូវបានវាយតម្លៃដោយអ្នកប្រវត្តិសាស្រ្តសម័យថ្មី ថា ព្រះអង្គគឺជាអ្នកនយោបាយដែលមានភាពជំនាញ និងប្រុងប្រយ័ត្ន។

អធិរាជទីបេរីយ៉ុស ក៏មានភាពខុសប្លែកពីគេ តាមទំនោរ​នៃនយោបាយកែលម្អរបស់ព្រះអង្គ។ នៅអំឡុងការគ្រងរាជ្យ គោលដៅរបស់ព្រះអង្គគឺថែរក្សាចក្រភព និងធានា​សន្តិភាពផ្ទៃក្នុង និងខាងក្រៅ ដោយពង្រឹងនូវសណ្តាប់ធ្នាប់ថ្មី និងជៀសវាងការប្រកាន់យក​លក្ខណៈរបប​ផ្តាច់ការ​​ដែរ។  ដើម្បី​ធ្វើឲ្យដំណើរការនូវផែនការរបស់ព្រះអង្គ ព្រះអង្គបានប្រើប្រាស់សហការី និង​ទីប្រឹក្សា​ផ្ទាល់​​ខ្លួន​ជាច្រើន ដែលសុទ្ធសឹងជាមន្រ្តី​ដែលបានតាមព្រះអង្គអស់ពេលដ៏យូរ និង​ក្នុង​​យុទ្ធនាការ​យោធាជាច្រើន ដែលមានរយៈពេលជិត ៤០ឆ្នាំ។ វាមានភាពសមហេតុផល​នឹង​បន្ថែមថា រដ្ឋបាលរបស់រដ្ឋនៅអំឡុងបណ្តាឆ្នាំដំបូងៗ​នៃការសោយរាជ្យរបស់ព្រះអង្គ ត្រូវបាន​ទទួល​​ស្គាល់ថា មានភាពល្អប្រសើរ​នៅក្នុងន័យល្អ និងការចេះប៉ាន់ប្រមាណរបស់ព្រះអង្គ ដែល​​មិនតឹងពេក និងមិនធូរពេក។

អធិរាជទីបេរីយ៉ុស មានទេព្យកោសល្យខ្ពស់ ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។ នៅពេលព្រះអង្គ​សោយទីវង្គត ព្រះអង្គបានបន្សល់ទុកនូវទ្រព្យសម្បត្តិដ៏លើសលុប​នៅក្នុងកេសប្រាក់រដ្ឋ។អធិរាជទីបេរីយ៉ុស តែងតែត្រៀមខ្លួនជួយ  និងមានចិត្តសប្បុរសក្នុងការចូលរួមធ្វើអន្តរាគមន៍​គ្រប់​ស្ថានភាព នៅពេលមានបញ្ហាផ្ទៃក្នុង ដូចជាពេលដែលប្រជាជនប្លេប នៅទីក្រុងទទួល​រង​គ្រោះទុរភិក្ស ឬដូចជាពេល នៅឆ្នាំ៣៦ ព្រះអង្គបានផ្តល់ជំនួយបន្ទាប់ពីមាន​អគ្គិភ័យ​នៅលើ​ភ្នំ​អាវ៉ាទីន។

អធិរាជទីបេរីយ៉ុស ជាមេដឹកនាំស្មោះត្រង់ ចំពោះក្រុមប្រឹក្សា​ដែលមិនធ្វើឲ្យព្រំដែនប្រែប្រួល មានន័យថា គឺជាសេចក្តីសម្រេចចិត្ត​រក្សាព្រំដែនចក្រភពមិនប្រែប្រួល។ ព្រះអង្គព្យាយាម​ការពារ​ទឹកដីខាងក្នុង និងធានាភាពស្ងៀមស្ងាត់។ ព្រះអង្គប្រតិកម្មតែពេលត្រូវការផ្លាស់ប្តូរ​ចាំបាច់​សម្រាប់សន្តិសុខចក្រភព។ អធិរាជទីបេរីយ៉ុស បានទទួលជោគជ័យក្នុង​ការបញ្ចៀស​សង្រ្គាម និងការបញ្ជូនទាហានទៅប្រយុទ្ធដោយគ្មានប្រយោជន៍ និងធ្វើឲ្យមានផលអវិជ្ចមាន​លើ​ការចំណាយសាធារណៈ ដោយធ្វើការងារការទូតនៃចក្រភព​ឲ្យគេគ្រប់គ្នាទទួលការ​ទុក​ចិត្ត។  អ្វីដែលពិសេស អធិរាជទីបេរីយ៉ុស តែងបណ្ដេញ និងដកហូត ព្រះមហាក្សត្រ និង​អភិបាល ដែលបង្ហាញខ្លួនថា មិនសមស្របនឹងតួនាទីរបស់ពួកគេ ហើយព្រះអង្គខិតខំធានាឲ្យ​មាន​​ប្រព័ន្ធ​រដ្ឋបាល​ដ៏មានប្រសិទ្ធភាពកាន់តែខ្ពស់នៅក្នុងចក្រភពរ៉ូម។

 

Daily Program

Livesteam thumbnail