លួចអីមិនលួច ! ចោរឥឡូវលួចប្រេងឥន្ធនៈ ដូច្នេះសូមប្រុងប្រយ័ត្ន

ករណីចោរកម្មលួចនេះលួចនោះហាក់ថមថយ ហើយមិនសូវមានការចែករំលែកច្រើនពេកនោះទេ ប៉ុន្តែទន្ទឹមនឹងនោះមានសកម្មភាពចោរកម្មថ្មីគឺករណីចោរលួចបូមប្រេងឥន្ធនៈ ដូច្នេះសូមប្រុងប្រយ័ត្នផង ជាពិសេសអ្នកដែលមានរថយន្តចតក្រៅផ្ទះ។

ពាក់ព័ន្ធនឹងករណីនេះ ប្រជាពលរដ្ឋយើងខ្លះក៏ចែករំលែកលើបណ្តាញសង្គម ហើយខ្លះក៏ខ្ជិលពីព្រោះវាជាការបាត់បង់ដែលមិនធំដុំ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ យើងចាំបាច់ត្រូវតែរក្សាសុវត្ថិភាព ពីព្រោះវាក៏ជាលុយកាក់ ហើយម្យ៉ាងទៀតវាអាចបណ្តាលឱ្យកើតមានគ្រោះអគ្គិភ័យផងដែរ។

មានការជជែកគ្នាតាមតុកាហ្វេជាបន្តបន្ទាប់មកហើយ ពាក់ព័ន្ធនឹងករណីចោរកម្មលួចប្រេងឥន្ធនៈនេះ ជាពិសេសគឺចាប់តាំងពីប្រេងឥន្ធនៈឡើងថ្លៃមកដល់សព្វថ្ងៃ។

ក្រុមចោរដែលប្រព្រឹត្តអំពើចោរកម្មប្រភេទនេះ វាធ្វើសកម្មភាពដោយដើរលួចគាស់ធុងសាំងរថយន្ត ហើយដាក់ទុយោបូមប្រេងយកមិនថាម៉ាស៊ូត ឬប្រេងសាំងឡើយ គឺប៉ះអីយកហ្នឹង ដូច្នេះសូមប្រុងប្រយ័ត្ន ដើម្បីបង្ការការខូចខាតរថយន្តដោយសកម្មភាពអវិជ្ជមានទាំងនេះ។

លើកមុនសំបូរករណីគាស់រថយន្តដោះយកអាគុយ ឥឡូវពួកវាបែកគំនិតក៏ដើរគាស់រថយន្តបូមយកប្រេងឥន្ធនៈទៅវិញ។ ពីព្រោះបើពួកវាបូមបានមួយប៊ីដុងធំៗអី គឺសុទ្ធតែលុយ ពីព្រោះឥឡូវនេះទោះប្រេងឥន្ធនៈរៀងចុះថ្លៃបន្តិចក៏ដោយ ក៏វាជាលុយ ដែលពួកគេអាចនឹងរកបានស្រួលដែរ ហើយមិនសូវមានហានិភ័យផងដែរ។

ដើម្បីបង្ការនិងការពារករណីនេះ សមត្ថកិច្ចគួរតែយកចិត្តទុកដាក់ផងដែរ ហើយកុំគិតថាវាតូចតាច ពីព្រោះទោះវាបែបនេះ ក៏វាគឺនៅតែជាអំពើទុច្ចរិតដែលមិនគួរកើតមាននៅក្នុងសង្គមយើងឡើយ។ វាគឺជារូបភាពអវិជ្ជមានមួយថ្មី ដែលយើងមិនគួរមើលរំលងបានដែរ។ ដូច្នេះសូមសមត្ថកិច្ចជួយល្បាត និងចាត់វិធានការធានាសុវត្ថិភាពតាមភូមិ ឃុំ តាមសង្កាត់ និងមូលដ្ឋាននានាផង។

ដោយឡែកយើងជាប្រជាពលរដ្ឋវិញក៏គួរតែប្រុងប្រយ័ត្នផងដែរ ពីព្រោះវាគឺជាអំពើរំខាន និងខូចប្រយោជន៍ ខាតពេលវេលា និងខូចខាតទ្រព្យសម្បត្តិរបស់យើងដែរ ដូច្នេះគួរតែរកកន្លែងទុកដាក់ដែលសមរម្យ ដើម្បីការពារសុវត្ថិភាពរថយន្តដែលជាទ្រព្យសម្បត្តិរបស់យើងទាំងអស់គ្នា។

សរុបទៅ ករណីចោរកម្មលួចបូមប្រេងឥន្ធនៈពីរថយន្ត គឺជាបញ្ហាសន្តិសុខសង្គមថ្មីមួយដែលយើងមិនគួរមើលរំលងឡើយ ទោះបីជាការខូចខាតមិនមានទំហំធំដុំក៏ដោយ។ អំពើនេះមិនត្រឹមតែធ្វើឱ្យប្រជាពលរដ្ឋបាត់បង់ប្រាក់កាស ខាតបង់ពេលវេលា និងខូចខាតទ្រព្យសម្បត្តិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចបង្កហានិភ័យដល់សុវត្ថិភាព និងបង្កជាគ្រោះអគ្គិភ័យថែមទៀតផង។ ដើម្បីបង្ការ អាជ្ញាធរ និងសមត្ថកិច្ចគ្រប់មូលដ្ឋាន គួរតែបង្កើនការយកចិត្តទុកដាក់ ពង្រឹងការល្បាត និងចាត់វិធានការទប់ស្កាត់បទល្មើសឱ្យបានទាន់ពេលវេលា។ ចំណែកប្រជាពលរដ្ឋគ្រប់រូប ក៏ត្រូវចូលរួមបង្ការដោយចតរថយន្តនៅកន្លែងមានសុវត្ថិភាព មានភ្លើងបំភ្លឺ និងមានការការពារត្រឹមត្រូវ ជាពិសេសអ្នកដែលតែងតែចតរថយន្តនៅខាងក្រៅផ្ទះ។

 

Daily Program

Livesteam thumbnail
khmer popup image