ពេលបានទទួលព័ត៌មានអ្វីក៏ដោយ! សូមកុំប្រញាប់វាយតម្លៃនិងសម្រេចិត្តលឿនពេក
នៅសម័យកាលនេះការទទួលបានព័ត៌មានគឺកាន់តែលឿននិងសំបូរបែបពីព្រោះបណ្តាញសង្គមធ្វើឲ្យមនុស្សដែលជាកោសិការបស់សង្គមម្នាក់ៗកាន់តែមានឱកាសទូលំទូលាយនិងបានក្លាយជាអ្នកធ្វើសេចក្តីរាយការណ៍ព័ត៌មានមួយនឹងគេទៅហើយ។
ព័ត៌មាននៅលើបណ្តាញសង្គមនៅពេលនេះមានច្រើនណាស់ ហើយគ្រប់យ៉ាងមានតាំងពីរឿងផ្ទាល់ខ្លួន រឿងសង្គម រឿងបានប្រយោជន៍និងគ្មានប្រយោជន៍ រឿងសប្បាយនិងរឿងកើតទុក នយោបាយ សន្តិសុខ រឿងជម្លោះ រហូតដល់រឿងអសីលធម៌នានា។
នៅពេលដែលរឿងនិងព័ត៌មានវាសំបូរបែប ហើយលឿនបែបនេះ វាពិតជាធ្វើឲ្យយើងមានភាពច្របូកច្របល់ពិបាកបែងចែករឿងណាដែលពិតរឿងណាដែលមិនពិត រឿងណាដែលមានប្រយោជន៍និងរឿងណាដែលមានទុក្ខទោសដល់ខ្លួនឬអ្នកដ៏ទៃ ។
នៅក្នុងស្ថានភាពបែបនេះយើងទាំងអស់គ្នាក៏ត្រូវតែរៀនគិតរៀនវិភាគ ហើយរៀនផ្ទៀងផ្ទាត់ ដើម្បីកុំអោយព័ត៌មានដែលយើងទទួលជារឿងដែលមិនត្រឹមត្រូវ ហើយនាំគ្នាចេញតែប្រតិកម្ម ចេះតែចែករំលែក ចេះតែបញ្ចេញយោបល់វល់ពេញសង្គម ។
រឿងខ្លះជារឿងប្រឌិតដែលគេបង្កើតឡើងដើម្បីហេតុផល ឬមានចេតនាណាមួយ ហើយនៅក្នុងករណីដែលយើងខ្វះការប្រុងប្រយ័ត្ន ខ្វះការវិភាគឲ្យស៊ីជម្រៅយើងអាចក្លាយទៅជាកូនអុកដែលគេប្រើ ហើយនៅពេលនោះយើងនឹងក្លាយខ្លួនទៅជាឈ្នាន់ ដែលគេប្រើប្រាស់ដើម្បីហេតុផលនិងគោលដៅរបស់គេដោយមិនដឹងខ្លួន។
កុំធ្វេសប្រហែសឲ្យសោះ សម័យនេះគឺគ្រោះថ្នាក់បំផុតបើយើងចេះតែទទួលព័ត៌មាន ប៉ុន្តែខ្សោយខាងវិភាគនិងសិក្សាឲ្យស៊ីជម្រៅដល់ឫសគល់នៃព័ត៌មាន។
ព័ត៌មាននីមួយៗវាមានចារិកលក្ខណៈរបស់វា ព័ត៌មានខ្លះជាអារម្មណ៍របស់បុគ្គល ព័ត៌មានខ្លះជាដំណឹងកំសាន្ត ខ្លះជាបញ្ហាបំពុលសង្គម ហើយវានៅមានចារិកលក្ខណៈជាច្រើនទៀត ដែលយើងត្រូវតែប្រុងប្រយ័ត្ន។
សូមប្រុងប្រយ័ត្នហើយនៅពេលដែលទទួលព័ត៌មានកុំចេះតែទទួល សូមចេះថ្លឹងថ្លែង ទើបយើងអាចទទួលបានអត្ថប្រយោជន៍នៃព័ត៌មាន ឬយើងអាចនិយាយបានថា យើងទទួលព័ត៌មានត្រឹមត្រូវ ។ សូមប្រុងប្រយ័ត្ន បុគ្គលខ្លះគេប្រើព័ត៌មានដើម្បីប្រើយើងប្រសិនបើយើងល្ងង់៕