ទោះបីជាយើងមានសេវាវះកាត់ប្ដូរតម្រងនោមក៏ដោយ ក៏ការវះកាត់នេះមិនមែនចេះតែធ្វើឡើងដោយងាយៗនោះដែរ!

សព្វថ្ងៃនេះ កម្ពុជាយើងពិតជាមានសេវាវះកាត់ប្ដូរតម្រងនោម ឬក្រលៀននឹងគេហើយ ប៉ុន្តែកុំភ្លេចថា ដំណើរការវះកាត់នេះមិនមែនក្រុមគ្រូពេទ្យចេះតែធ្វើឡើងផ្ដេសផ្ដាសនោះឡើយ ហើយទោះជាមានលុយកាក់ ក៏មិនមែនចេះតែឈឺចូលទៅវះកាត់ប្ដូរបានតាមចិត្តនោះដែរ ដូច្នេះចូរបន្តថែរក្សាសុខភាពឱ្យបានល្អ។

តាមការបង្ហើបឱ្យដឹងពីមន្ទីរពេទ្យកាល់ម៉ែត ដំណើរការវះកាត់ប្ដូរតម្រងនោមនៅមន្ទីរពេទ្យ គឺត្រូវបានធ្វើឡើងដោយជោគជ័យលើស្ត្រីពេញវ័យមួយរូបមកពីខេត្តព្រៃវែង។ ការវះកាត់ដ៏ជោគជ័យនេះ សម្រេចទៅបានក្រោមកិច្ចសហការរវាងក្រុមវេជ្ជបណ្ឌិតជំនាញកម្ពុជា និងក្រុមវេជ្ជបណ្ឌិតបារាំង។ ក្រោយការវះកាត់ ស្ថានទូតបារាំង ជាពិសេសសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលបានខ្នះខ្នែងឱ្យមានសេវាកម្មនេះតាំងពីជំនាន់សម្ដេចនៅជានាយករដ្ឋមន្ត្រី ក៏បានចេញសារនៅលើបណ្ដាញសង្គមសម្ដែងការស្វាគមន៍ និងកោតសរសើរចំពោះសមិទ្ធផលនេះនៅកម្ពុជាផងដែរ។

ផ្អែកតាមសមិទ្ធផលនេះ ដំណើរការវះកាត់ប្ដូរតម្រងនោមនឹងប្រព្រឹត្តទៅជាករណីទី២ ទី៣ ជាបន្តបន្ទាប់ តាមជំហាន និងកាលវិភាគរបស់ក្រុមវេជ្ជបណ្ឌិត។ ប៉ុន្តែសូមកុំភ្លេចថា នៅកម្ពុជាទើបតែមានមន្ទីរពេទ្យនេះមួយប៉ុណ្ណោះដែលផ្ដល់សេវានេះ ដូច្នេះកុំធ្វេសប្រហែសរឿងថែទាំសុខភាពឱ្យសោះ។

ជាទូទៅ ការវះកាត់ប្ដូរ ឬផ្សាំសរីរាង្គបែបនេះមិនមែនជារឿងងាយស្រួលឡើយ ហើយក៏មិនមែនចេះតែវះកាត់ដូចជាវះបូស ឬវះពោះវៀនដុះខ្នែងនោះដែរ។ វាជាករណីវះកាត់ដ៏ស្មុគស្មាញ និងទាមទារឱ្យគោរពយ៉ាងម៉ឺងម៉ាត់តាមគោលការណ៍វេជ្ជសាស្ត្រ និងបទដ្ឋានច្បាប់ត្រឹមត្រូវ។

ដំណើរការនៃការវះកាត់ ចាំបាច់ត្រូវតែមានអ្នកស្ម័គ្រចិត្តផ្ដល់តម្រងនោមដល់អ្នកជំងឺ ដែលពួកគាត់ជាសមាជិកក្រុមគ្រួសាររបស់អ្នកជំងឺផ្ទាល់ ហើយស្ម័គ្រចិត្តបរិច្ចាគ។ រីឯដំណើរការនោះទៀតសោត គឺត្រូវពិនិត្យរកភាពស៊ីគ្នារវាងសរីរាង្គអ្នកជំងឺ និងអ្នកបរិច្ចាគយ៉ាងហ្មត់ចត់។ សូមកុំភ្លេចថា ទោះជាមានលុយ ក៏មិនអាចចេះតែស្នើសុំវះកាត់បានតាមចិត្តនោះឡើយ។

ក្នុងស្ថានភាពបែបនេះ សូមបន្តលើកកម្ពស់ និងថែរក្សាសុខភាពផ្ទាល់ខ្លួន ដោយរស់នៅក្នុងជីវភាពដែលមានរបបអាហាររូបត្ថម្ភគ្រប់គ្រាន់ មិនផ្អែមខ្លាំង មិនប្រៃខ្លាំង និយាយឱ្យចំគឺកុំទទួលទានចំណីអាហារណាដែលដិតគ្រឿងខ្លាំងពេក។ ត្រូវបន្តប្រុងប្រយ័ត្នក្នុងការទទួលទានភេសជ្ជៈ និងគ្រឿងកំប៉ុងផ្សេងៗ ជាពិសេសពពួកភេសជ្ជៈប៉ូវកម្លាំង ប្រយ័ត្នខូចតម្រងនោម។

សរុបមក សមិទ្ធផលនៃការវះកាត់ប្ដូរតម្រងនោមដោយជោគជ័យនៅមន្ទីរពេទ្យកាល់ម៉ែត គឺជាការរីកចម្រើនដ៏សំខាន់មួយនៃវិស័យសុខាភិបាលកម្ពុជា ដែលផ្ដល់ក្ដីសង្ឃឹមថ្មីដល់អ្នកជំងឺដែលមានបញ្ហាតម្រងនោមធ្ងន់ធ្ងរ។ ទោះជាយ៉ាងណា ការប្ដូរតម្រងនោមជាការវះកាត់ស្មុគស្មាញ ដែលតម្រូវឱ្យមានការវាយតម្លៃសុខភាព ការផ្គូផ្គងសរីរាង្គ និងការគោរពតាមគោលការណ៍វេជ្ជសាស្ត្រ ព្រមទាំងច្បាប់យ៉ាងត្រឹមត្រូវ។ ដូច្នេះ យើងគ្រប់គ្នាគួរបន្តយកចិត្តទុកដាក់ថែរក្សាសុខភាពតម្រងនោម តាមរយៈការទទួលទានអាហារមានតុល្យភាព កាត់បន្ថយអំបិល និងស្ករលើសកម្រិត ជៀសវាងការប្រើប្រាស់ថ្នាំដោយគ្មានការណែនាំពីគ្រូពេទ្យ និងពិនិត្យសុខភាពជាប្រចាំ ដើម្បីកាត់បន្ថយហានិភ័យនៃជំងឺតម្រងនោម ព្រមទាំងលើកកម្ពស់គុណភាពជីវិតរបស់យើង។

 

Daily Program

Livesteam thumbnail
khmer popup image