ដឹងគុណម្តាយឪពុកសំខាន់ គ្រាន់តែផុសរូបពួកគាត់ហើយសរសេរថា ទិវាម្តាយ ឬទិវាឪពុកឬ?

កាលពីថ្ងៃទី១០ខែឧសភា ដែលជាថ្ងៃប្រសិទ្ធពរថាទិវាម្តាយ ឃើញនៅលើបណ្តាញសង្គមនាំគ្នាបង្ហោះ រូបម្តាយព្រោងព្រាត ហើយសរសេរចំណងជើងនេះចំណងជើងនោះយ៉ាងពិរោះ ប៉ុន្តែធាតុពិតអ្នកម្តាយគ្រប់រូបទំនងជាមិនត្រេកត្រអាលនឹងសកម្មភាពនោះទេ។

ក្រៅពីទិវាម្តាយទិវាឪពុកក៏ដូចគ្នាគឺមានសកម្មភាពមិនសូវជាខុសគ្នាពីទិវាម្តាយនោះទេគ្រាន់តែប្តូរពីរូបម្តាយមកឪពុកតែប៉ុណ្ណោះ។

សម្រាប់សកម្មភាពបែបនេះវាមិនខុសត្រូវអ្វីនោះទេ វាគឺជាការសំដែងមតិរំលឹកគុណអ្នកទាំងពីរ ប៉ុន្តែទោះជាយ៉ាងណា គុណធម៌ជាកូន​ ការសំដែងការដឹងគុណឪពុកម្តាយមិនមែនត្រឹមតែសកម្មភាពនៅថ្ងៃបុណ្យនោះទេ។ នៅថ្ងៃទិវានេះវាគ្រាន់តែជានិមិត្តរូបប៉ុណ្ណោះសំខាន់អ្វីដែលឪពុកម្តាយ គ្រប់រូបប្រាថ្នាចង់បាន គឺចង់ឃើញកូនខំរៀន ខំធ្វើការ ខំរកស៊ី និងប្រកបការងារដោយសុចរិត មានជម្រករស់នៅត្រឹមត្រូវ មានធនធានសមរម្យ ។

រាល់ការលះបង់របស់អ្នកមានគុណទាំងពីរចាប់តាំងពីកូនចាប់បដិសន្ធិមកនៅក្នុងពោះរហូតកើតចេញ និងធំធាត់ចំរើនវ័យ ឪពុកម្តាយគ្រប់រូបទោះជាស្ថិនៅក្នុងកម្រិតជីវភាពបែបណាគឺគ្រប់គ្នា មានការលះបង់ និង ធ្វើពលីកម្មច្រើនណាស់សម្រាប់កូនៗដូច្នេះ ពេលដែលដឹងក្តី សូមកុំភ្លេច ទុក្ខធុរៈអ្នកទាំងពីរ។

គាត់ទំនុកបម្រុងយើងយ៉ាងណាកាលនៅក្មេងដល់ពេលលោកទាំងពីរចាស់ទៅយើងគួរតែ លៃលក ផ្គត់ផ្គង់អ្នកទាំងពីរឲ្យគ្រប់គ្រាន់ នាំគាត់ដើរលេងកំសាន្ត នាំគាត់ទៅនេះទៅនោះ  មើលគក់ច្របាច់ ធ្វើសរសៃលោកទាំងពីរនៅក្នុងករណីនៅជិតពួកគាត់​។

បើនៅឆ្ងាយគួរតែឧស្សាហ៍ទំនាក់ទំនងសួរសុខទុក្ខ ផ្ញើរនេះផ្ញើនោះជូនអ្នកទាំងពីរផង ហើយបើឆ្លៀតបានគួរតែឆ្លៀតទៅលេងទៅសួរសុខទុក្ខលោកទាំងពីរឲ្យបានញឹកញាប់ ។

ក្រៅពីនោះ លោកទាំងពីរកចង់ឃើញបងប្អូនចេះជួយគ្នាចេះស្រលាញ់ ហើយសាមគ្គីហើយជួយគ្នាទៅវិញទៅមក។ ចេះដឹងទុក្ខធុរៈគ្នាទៅវិញទៅមក ដែលទាំងអស់នោះ គឺជាសេចក្តីសុខ និង ស្ងប់ចិត្តរបស់់ឪពុកម្តាយគ្រប់រូប។

សរុបមក ការស្រលាញ់ និងការដឹងគុណឪពុកម្តាយ មិនមែនស្ថិតនៅត្រឹមការបង្ហោះរូប ឬសរសេរពាក្យពិរោះនៅថ្ងៃទិវាណាមួយប៉ុណ្ណោះទេ ប៉ុន្តែស្ថិតនៅក្នុងទង្វើជាក់ស្តែងដែលកូនៗបានធ្វើជារៀងរាល់ថ្ងៃ។ ការខិតខំរៀនសូត្រ ខិតខំធ្វើការ ប្រកបរបរដោយសុចរិត ការយកចិត្តទុកដាក់ថែទាំ សួរសុខទុក្ខ និងការធ្វើឲ្យគ្រួសារមានភាពសុខដុមរមនា គឺជាអំណោយដ៏មានតម្លៃបំផុតសម្រាប់អ្នកមានគុណទាំងពីរ។ ដូច្នេះ កុំរង់ចាំដល់ថ្ងៃពិសេសទើបបង្ហាញក្តីស្រលាញ់ ប៉ុន្តែគួរធ្វើវាឲ្យក្លាយជាទម្លាប់ និងកាតព្វកិច្ចមួយដែលកូនគ្រប់រូបគួរបំពេញចំពោះឪពុកម្តាយដែលបានលះបង់គ្រប់បែបយ៉ាងដើម្បីកូនៗ៕

Daily Program

Livesteam thumbnail