ចង់បម្រើជាតិ និងពង្រឹងសមត្ថភាពការពារប្រទេស ឱកាសមកដល់ហើយ!

យុវវ័យដែលមានអាយុពី ១៨ ដល់ ២៥ ឆ្នាំ ដែលមានបំណងចង់ពង្រឹងសមត្ថភាពផ្នែកបំណិនជីវិត និងសមត្ថភាពការពារជាតិ ឱកាសបានមកដល់ហើយនៅដើមខែតុលាខាងមុខនេះ។

ក្រសួងការពារជាតិបានប្រកាសជាផ្លូវការ និងជាសាធារណៈថា ក្រសួងនឹងជ្រើសរើសអ្នកស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធានៅដើមខែក្រោយនេះ។

តាមការប្រកាស កាលបរិច្ឆេទនៃការចែកពាក្យគឺចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៩ ហើយការទទួលពាក្យគឺចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦។ ដោយឡែក ទីកន្លែងចែកពាក្យ និងដាក់ពាក្យ គឺនៅតាមការិយាល័យគណៈកម្មាធិការកាតព្វកិច្ចយោធាក្រុង ស្រុក ខណ្ឌ ដែលជាទីលំនៅរបស់ក្មួយៗផ្ទាល់។

កាតព្វកិច្ចនេះមានរយៈពេល ២ ឆ្នាំ ដោយនៅក្នុងអំឡុងពេលនេះ យុវវ័យដែលចូលរួមនឹងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែ ៤០ ម៉ឺនរៀល និងរបបផ្សេងៗដូចយោធិនអាជីពដែរ ដែលរួមមាន៖ ប្រាក់ម្ហូបប្រចាំថ្ងៃ, ប្រាក់អាហារបំប៉នបន្ថែមពេលហ្វឹកហ្វឺន, ប្រាក់បំណាច់ឧបត្ថម្ភគ្រួសារ និងកូន, របបអង្ករប្រចាំថ្ងៃ, របបឯកសណ្ឋានប្រយុទ្ធ ព្រមទាំងបរិក្ខារចាំបាច់មួយចំនួនទៀតជាដើម។

ក្រៅពីនោះ អ្វីដែលសំខាន់ និងចាំបាច់ដែលយើងរំពឹងថានឹងទទួលបាន ហើយពិបាករកបាននៅកន្លែងផ្សេង គឺចំណេះដឹង និងបំណិនជីវិត ការហ្វឹកហាត់កាយសម្បទា ផ្នត់គំនិត ក៏ដូចជាចរិយាសម្បត្តិដែលជាដើមទុនដ៏មានតម្លៃរបស់យើង។ បំណិនជីវិត និងការអភិវឌ្ឍសមត្ថភាពផ្ទាល់ខ្លួនលើវិន័យ និងសីលធម៌ ព្រមទាំងឯកទេស និងបច្ចេកទេសយោធានេះ នឹងជួយពង្រឹងភាពធន់ កាយសម្បទាមាំមួន ស្មារតីសាមគ្គីភាព និងភាពជាអ្នកដឹកនាំ ព្រមទាំងបង្កើតបាននូវភាពជឿជាក់ និងទំនុកចិត្ត ដែលសុទ្ធសឹងជាមូលដ្ឋានគ្រឹះដ៏ល្អសម្រាប់ការសិក្សា ការងារ និងការរស់នៅក្នុងសង្គមទៅថ្ងៃអនាគត។

បើយើងជាប់រវល់ការសិក្សា ឬការងាររកស៊ី ក៏បន្តសិនចុះ ប៉ុន្តែសម្រាប់អ្នកដែលទំនេរពុំទាន់មានការងារធ្វើ គួរឆ្លៀតពេលវេលានេះចុះឈ្មោះបំពេញកាតព្វកិច្ច។ សូមកុំយកពេលវេលានេះទៅដើរផឹកស៊ី បង្កបញ្ហាក្នុងសង្គម ដែលនាំមកនូវពិរុទ្ធឥតប្រយោជន៍។ ផ្ទុយទៅវិញ បើយើងប្រឹងប្រែងត្រងត្រាប់ និងឆ្លងកាត់ការបំពេញកាតព្វកិច្ចនេះបាន យើងនឹងយល់ច្បាស់ពីគុណតម្លៃរបស់វា។ បំណិនជីវិតទាំងនេះពិតជាមានសារៈសំខាន់ខ្លាំងណាស់ ហើយយុវវ័យក៏នឹងទទួលបានបទពិសោធន៍ មេរៀនជីវិត ព្រមទាំងជំនាញជាច្រើនផ្សេងទៀត។

រយៈពេល ២ ឆ្នាំនៃការលត់ដំ យុវវ័យអាចទទួលបានបទពិសោធន៍ និងបំណិនជីវិតដ៏សម្បូរបែប ដែលជួយសម្រួលឱ្យខ្លួនងាយសម្របតាមកាលៈទេសៈ និងការរស់នៅគ្រប់ស្ថានភាព ទោះបីជាត្រូវជួបប្រទះការលំបាកយ៉ាងណាក៏ដោយ។

សរុបមក នេះជាកាតព្វកិច្ចបម្រើជាតិផង និងជាឱកាសបង្កើតគុណតម្លៃដ៏វិសេសវិសាលសម្រាប់អនាគតផ្ទាល់ខ្លួនផងដែរ។ មនុស្សយើងចាំបាច់ត្រូវមានបំណិនជីវិតទាំងនេះ ដើម្បីបន្ស៊ាំខ្លួននៅពេលមានឧបសគ្គ ឬការលំបាកមកដល់។

Daily Program

Livesteam thumbnail
khmer popup image