អភិបាលព្រះសហគមន៍កាតូលិកនៅអាស៊ី អំពាវនាវឱ្យប្រើAI ដើម្បីប្រកាសដំណឹងល្អតែត្រូវគោរពសីលធម៌សង្គម

ក្រុមលោកអភិបាលនៃព្រះសហគមន៍កាតូលិក និង អ្នកដឹកនាំផ្នែកទំនាក់ទំនងរបស់ព្រះសហគមន៍មកពីជុំវិញទ្វីបអាស៊ី បានអំពាវនាវឱ្យប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ដើម្បីប្រកាសដំណឹងល្អ ប៉ុន្តែត្រូវគោរពដល់សេចក្តីថ្លៃថ្នូរនិងប្រយោជន៍រួមរបស់មនុស្សជាតិ។

ការអំពាវនាវនេះត្រូវបានធ្វើឡើងនៅក្នុងសេចក្តីថ្លែងការណ៍បិទបញ្ចប់កិច្ចប្រជុំរបស់ការិយាល័យទំនាក់ទំនងសង្គមនៃសហព័ន្ធអន្តរសភាលោក អភិបាលព្រះសហគមន៍កាតូលិកអាស៊ី ដែលបានធ្វើពីថ្ងៃទី ២៧ ដល់ ថ្ងៃទី ៣១ ខែតុលា ឆ្នាំ២០២៦ នៅទីក្រុងម៉ាកាវ ។

នៅក្នុងសេចក្តីថ្លែងការនោះ ក្រុមលោកអភិបាលនិងអ្នកជំនាញខាងប្រព័ន្ធផ្សព្វផ្សាយព្រះសហគមន៍កាតូលិកអាស៊ីបានសង្កត់ធ្ងន់ថា បច្ចេកវិទ្យាមិនត្រូវជំនួសទំនាក់ទំនងពិតប្រាកដរវាងមនុស្ស និងជីវិតខាងវិញ្ញាណឡើយ។

អ្នកចូលរួមកិច្ចប្រជុំនេះបានប្រមូលផ្តុំគ្នាហើយពិចារណាអំពីឱកាស និងបញ្ហាប្រឈមនានាដែលបង្កឡើងដោយបញ្ញាសិប្បនិម្មិត សម្រាប់បេសកកម្មរបស់ព្រះសហគមន៍នៅក្នុងទ្វីបអាស៊ី។

ក្រុមលោកអភិបាល បានសង្កត់ធ្ងន់ថា បញ្ហាប្រឈមនៃបញ្ញាសិប្បនិម្មិត គឺពាក់ព័ន្ធជាចម្បងទៅនឹង ភាពជាមនុស្ស មិនមែនគ្រាន់តែជាបញ្ហាបច្ចេកវិទ្យាប៉ុណ្ណោះទេ។  ក្រុមលោកអភិបាលបានបញ្ជាក់ជាថ្មីថា សេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ គួរមានឫសគល់នៅក្នុងរូបភាពរបស់ព្រះជាម្ចាស់ ហើយត្រូវតែស្ថិតនៅជាចំណុចកណ្តាលនៃការអភិវឌ្ឍ និងការប្រើប្រាស់បច្ចេកវិទ្យានៅពេលអនាគត។

សេចក្តីថ្លែងការណ៍នេះក៏បានលើកឡើងអំពីវិសមភាពឌីជីថលដែលកំពុងកើនឡើងនៅទូទាំងទ្វីបអាស៊ី រួមជាមួយនឹងការគំរាមកំហែងធ្ងន់ធ្ងរមួយចំនួន ដូចជា ការជួញដូរមនុស្សនៅក្នុងទីតាំងដែលប្រព្រឹត្តបទល្មើសឆបោកតាមអនឡាញ, ការកេងប្រវ័ញ្ចផ្លូវភេទតាមអនឡាញ, បច្ចេកវិទ្យាក្នុងការបង្កើតរូបភាព ឬវីដេអូក្លែងក្លាយ, ការផ្សព្វផ្សាយព័ត៌មានមិនពិត និងការកេងប្រវ័ញ្ចលើសហគមន៍ដែលងាយរងគ្រោះ។

 

ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមទាំងនេះ ក្រុមអភិបាលនិងអ្នកជំនាញបានដាក់ចេញនូវការប្តេជ្ញាចិត្តសំខាន់ៗចំនួន ៥ គឺ៖ ជំរុញការអប់រំអំពីបញ្ញាសិប្បនិម្មិត និងចំណេះដឹងឌីជីថលប្រកបដោយសីលធម៌; លើកទឹកចិត្តឱ្យក្រុមប្រឹក្សាលោកអភិបាលកាតូលិករៀបចំគោលនយោបាយស្តីពីបញ្ញាសិប្បនិម្មិតសម្រាប់ព្រះសហគមន៍; ចែករំលែកការបង្រៀន និងធនធានពិតប្រាកដរបស់ព្រះសហគមន៍។

នៅចុងបញ្ចប់នៃសេចក្តីថ្លែងការណ៍ក្រុមលោកអភិបាលនិងអ្នកជំនាញ បានលើកឡើងនូវការរំលឹកដ៏មានអត្ថន័យមួយថា «នៅពីក្រោយអេក្រង់នីមួយៗ គឺមានមនុស្សម្នាក់»។ ពួកគេបានសង្កត់ធ្ងន់ថា ទោះបីជាម៉ាស៊ីនអាចបញ្ជូនព័ត៌មានទៅកាន់ទីកន្លែងនានាជុំវិញពិភពលោកបានក៏ដោយ ក៏មានតែមនុស្សប៉ុណ្ណោះដែលអាចបង្ហាញវត្តមានពិតប្រាកដ និងប្រកាសអំពីព្រះគ្រីស្ទ តាមរយៈការជួបគ្នាដោយស្មោះត្រង់ និងតាមរយៈសហគមន៍។

ក្រុមលោកអភិបាលក៏ បានអំពាវនាវដល់ព្រះសហគមន៍នៅអាស៊ី ឱ្យទទួលយកឱកាសនានាក្នុងយុគសម័យឌីជីថល ដោយប្រកបដោយប្រាជ្ញា ភាពក្លាហាន និងក្តីសង្ឃឹម ព្រមទាំងធានាថា បច្ចេកវិទ្យានៅតែបន្តបម្រើដល់មនុស្សជាតិ និងការប្រកាសដំណឹងល្អតាមមាគ៌ារបស់ព្រះសហគមន៍កាតូលិក ។

Daily Program

Livesteam thumbnail
khmer popup image