សិលានៅទីនេះ៖ ខួប ៤០០ ឆ្នាំនៃសាលវិហារសន្តសិលា

វាមានរយៈពេល ៤០០ ឆ្នាំមកហើយ ចាប់តាំងពីការឆ្លងវិសាលវិហារសន្តសិលា (St. Peter’s Basilica) ក្នុងទីក្រុងរ៉ូម។ ដើម្បីអបអរសាទរខួបនេះ វ៉ាទីកង់បានដាក់ចេញនូវគំនិតផ្តួចផ្តើមពិសេសៗជាបន្តបន្ទាប់។ ការកែលម្អផ្សេងៗត្រូវបានធ្វើឡើង ដើម្បីសម្រួលដល់ការចូលទស្សនារបស់ភ្ញៀវទេសចរ។ តំបន់ដែលធ្លាប់តែបិទជិតសម្រាប់សាធារណជន ត្រូវបានបើកឱ្យចូលឡើងវិញ ការធ្វើដំណើរទៅកាន់ដំបូលខ្ពស់ (Terrace) ត្រូវបានពង្រីក ហើយផ្លូវធម្មយាត្រាថ្មីមួយដែលដើរតាមដានជើងរបស់សន្តសិលា និងសន្តប៉ូល ឆ្លងកាត់ទីក្រុងរ៉ូម ក៏ត្រូវបានដាក់ឱ្យប្រើប្រាស់ផងដែរ។ កម្មវិធីរំលឹកខួបនេះបានចាប់ផ្តើមនៅថ្ងៃទី ២០ ខែកុម្ភៈ ហើយនឹងបញ្ចប់នៅថ្ងៃទី ១៨ ខែវិច្ឆិកា ជាមួយនឹងពិធីបុណ្យអភិបូជា ដែលដឹកនាំដោយសម្តេចប៉ាប ឡេអូ ទី ១៤ (Pope Leo XIV)។

ទោះជាយ៉ាងណាក៏ដោយ ក្រៅពីព្រឹត្តិការណ៍ និងការអបអរសាទរទាំងនេះ មានឃ្លាដ៏សាមញ្ញមួយដែលស្ថិតនៅចំកណ្តាលនៃខួបលើកនេះ គឺ៖ «សិលានៅទីនេះ»

«សិលានៅទីនេះ» — ទីកន្លែងពិត បុរសពិត

នៅថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ ១៦២៦ វិសាលវិហារបច្ចុប្បន្នត្រូវបានឆ្លងជាផ្លូវការ ដោយជំនួសវិហារចាស់តាំងពីសតវត្សទី ៤ ដែលសាងសង់ដោយស្តេច​កុងស្តង់តាំង (Constantine)។ សំណង់មុននោះបានឈរជើងអស់រយៈពេលជិត ១២០០ ឆ្នាំ នៅលើទីតាំងដែលគ្រីស្តបរិស័ទជឿថា (ផ្នូរ) របស់គ្រីស្តទូត​សិលា។

នៅក្រោមអាសនៈ​វិសាលវិហារ ក្រោមអាសនៈនៃការលើកលែងទោស​ (Altar of the Confession) និងនៅជិតផ្នូរនោះ មានសិលាចារឹកភាសាក្រិកបុរាណមួយសរសេរថា៖ “Pétros ení” ដែលមានន័យថា «សិលានៅទីនេះ»។ ទាំងនេះមិនមែនជាពាក្យតំណាងជានិមិត្តរូបនោះទេ ប៉ុន្តែវាសំដៅទៅលើផ្នូរពិត និងបុរសពិតម្នាក់។

អស់ជាច្រើនសតវត្សមកហើយ ទីតាំងពិតប្រាកដនៃផ្នូររបស់លោក​សិលានៅតែមានភាពមិនច្បាស់លាស់។ លុះត្រាតែដល់សតវត្សទី ២០ តាមរយៈកំណាយយ៉ាងហ្មត់ចត់នៅក្រោមវិសាលវិហារ ទើបភស្តុតាងកាន់តែច្បាស់លាស់បានលេចឡើង។ ក្នុងចំណោមរបកគំហើញទាំងនោះ មានសិលាចារឹកដ៏សាមញ្ញមួយ ដែលទំនងជាត្រូវបានឆ្កូតសរសេរដោយអ្នកធ្វើធម្មយាត្រាគ្រីស្តបរិស័ទជំនាន់ដើម ប្រហែលជាធ្វើឡើងដោយសម្ងាត់ក្នុងអំឡុងពេលមានការធ្វើទុក្ខបុកម្នេញ។

អ្នកបុរាណវិទូ ម៉ាហ្ហេរីតា ហ្គាឌូឈី (Margherita Guarducci) បានសិក្សាទីតាំង និងសិលាចារឹកនោះដោយភាពអត់ធ្មត់ និងហ្មត់ចត់បំផុត។ ដោយមានការគាំទ្រពីសម្តេចប៉ាប ប៉ូល ទី ៦ (Pope Paul VI) ការស្រាវជ្រាវរបស់លោកស្រីបានជួយបញ្ជាក់ថា វិសាលវិហារនេះពិតជាសាងសង់នៅលើផ្នូរ និងធាតុរបស់លោក​សិលាមែន។ វាជារឿងដ៏អស្ចារ្យដែលគួរឱ្យគិតថា ចេញពីបំណែកសិលាចារឹកតូចមួយ បានក្លាយជាការបញ្ជាក់យ៉ាងច្បាស់ឡើងវិញ។ ចេញពីស្នាមឆ្កូតដែលលាក់កំបាំងនោះ បានបង្កើតជាទំនុកចិត្តថា វិហារដ៏ធំស្កឹមស្កៃ និងរុងរឿងនេះ សាងសង់ឡើងនៅលើអដ្ឋិធាតុរបស់អ្នកនេសាទម្នាក់មកពីស្រុកកាលីឡេ។

     

     

    សិលាក៏ដូចជាពួកយើង

    ក្នុងសៀវភៅ "Pietro – Un uomo nel vento" (សិលា - បុរសក្នុងចរន្តខ្យល់) លោក​រ៉ូបឺតូ បេនីនី (Roberto Benigni) ជា​តួសម្តែង ជាអ្នកនិពន្ធ និងជាអ្នកដឹកនាំរឿងជនជាតិអ៊ីតាលី បានឆ្លុះបញ្ចាំងពីភាពជាមនុស្សរបស់លោក​សិលា។ លោកបានសរសេរថា៖ «លោក​សិលាគឺដូចជាពួកយើងដែរ... គាត់ចេះខឹង ធ្វើអ្វីតាមអារម្មណ៍ ធ្វើខុស យល់ច្រឡំ យំ សើច ដេកលក់ ឈឺចាប់ រីករាយ និងចេះរំជួលចិត្ត»

    ទស្សនៈនេះ បានឆក់យកបេះដូងនៃរឿងរ៉ាវរបស់លោក​សិលា។ លោកមិនមែនជារូបសំណាក ដែលនៅឆ្ងាយដាច់ស្រយាលនោះទេ។ លោកមានភាពទន់ខ្សោយ និងឆាប់ទទួល​ប្រតិកម្ម​។ លោកចេះ​ភ័យខ្លាច។ លោកបានបដិសេធមិនស្គាល់ព្រះយេស៊ូនៅក្នុងគ្រាដ៏សំខាន់បំផុត។ លោកបានរារែកនៅពេលដែលគេរំពឹងថា លោកនឹងត្រូវឈរឱ្យបានរឹងមាំ។ ប៉ុន្តែ ទោះជាយ៉ាងនេះក្តី លោកនៅតែបន្តដំណើរ។

    យើងទាំងអស់គ្នា នៅពេលណាមួយ តែងតែរកឃើញភាពទន់ខ្សោយរៀងៗខ្លួន។ យើងបរាជ័យ ជួនកាលក្នុងពេលដែលវាសំខាន់បំផុត។ ដូចពាក្យ​មួយ​បាន​បង្ហាញ​ថា៖ «អ្វីដែលសំខាន់បំផុតក្នុងជីវិត គឺមិនមែនរៀនតាមសាលា ហើយក៏មិនមែនគេបង្រៀននោះដែរ ប៉ុន្តែគឺជាអ្វីដែលយើងបានជួបប្រទះផ្ទាល់»។ ការជួបរបស់លោក​សិលាជាមួយព្រះគ្រីស្តដែលបានរស់ឡើងវិញ បានផ្លាស់ប្តូរជីវិតរបស់លោក។

    សំណួរសំខាន់ៗ

    បន្ទាប់ពីការរស់ឡើងវិញ ព្រះយេស៊ូមិនបានសួរលោក​សិលាឱ្យបកស្រាយពីកំហុសរបស់លោកនោះទេ។ ផ្ទុយទៅវិញ ទ្រង់បានសួរនូវសំណួរផ្សេងមួយទៀតថា៖ «តើអ្នកស្រឡាញ់ខ្ញុំ​ឬទេ?»

    សំណួរក្នុងព្រះគម្ពីរនោះ បានបន្លឺឡើងពេញមួយប្រវត្តិសាស្ត្រ។ វាមិនមែនជាសំណួរថា «តើអ្នកមិនដែលបរាជ័យមែនទេ?» ប៉ុន្តែគឺ «តើអ្នកស្រឡាញ់ខ្ញុំ​ឬទេ?» នេះជាមូលហេតុដែលរឿងរបស់លោក​សិលាមានឥទ្ធិពលយ៉ាងខ្លាំង ជាពិសេសក្នុងអំឡុងរដូវអប់រំពិសេស (Lent)។ រដូវនេះឆ្លុះបញ្ចាំងពីដំណើរជីវិត​របស់លោក៖ លោកបរាជ័យ លោកយំសោក លោករង់ចាំ លោកទទួលបានការអត់ទោស ហើយលោកត្រូវបានបញ្ជូនឱ្យទៅបំពេញ​​បេសកកម្មម្តងទៀត។

    អ្នកសារព័ត៌មានជនជាតិអ៊ីតាលី អានដ្រេ មុនដា (Andrea Monda) បានសរសេរថា៖ «យើងត្រូវតែរំលឹកការចងចាំឡើងវិញ ដើម្បីស្វែងរកខ្លួនឯងឃើញម្តងទៀត ដើម្បីស្វែងរកសម្រស់ដ៏ទន់ខ្សោយ ប៉ុន្តែអស្ចារ្យរបស់យើងឡើងវិញ។ វាមានសមត្ថភាពបង្កើតថ្មីដោយអាថ៌កំបាំង ដូចជារឿងរ៉ាវរបស់លោក​សិលា។ រឿងរ៉ាវរបស់សិលា គឺជារឿងរ៉ាវរបស់យើងម្នាក់ៗ។ រឿងដែលយើងបានបំភ្លេច បោះចោល និងបដិសេធ។ ប៉ុន្តែនៅទីបញ្ចប់ យើងនឹងរកវាឃើញវិញ»

    នេះគឺជាអត្ថន័យដ៏ជ្រាលជ្រៅនៃខួប ៤០០ ឆ្នាំនេះ។ វាមិនមែនគ្រាន់តែជាការរំលឹកកាលបរិច្ឆេទប្រវត្តិសាស្ត្រប៉ុណ្ណោះទេ។ ដូចដែលលោកកាឌីណាល់ ម៉ូរ៉ូ ហ្គាំបេតទី (Mauro Gambetti) បានពន្យល់ថា វាគឺជាការ «នាំត្រឡប់មកកាន់បេះដូងវិញ» នូវអ្វីដែលផ្តល់ជីវិត និងសេចក្តីសង្ឃឹម។

    មានរឿងរ៉ាវប្រពៃណីមួយបាននិទានថា លោក​សិលាបានរត់គេចចេញពីទីក្រុងរ៉ូមក្នុងអំឡុងពេល​ការធ្វើទុក្ខបុកម្នេញ។ នៅតាមផ្លូវអាពៀន (Appian Way) លោកបានជួបបុរសម្នាក់កំពុងលីឈើឆ្កាង។ ដោយស្គាល់ថាជាព្រះយេស៊ូ លោកក៏សួរថា៖ “Domine, quo vadis?” ដែលមានន័យថា «ព្រះអម្ចាស់អើយ តើទ្រង់យាងទៅណា?» ព្រះយេស៊ូមានបន្ទូលតបថា៖ «យើងកំពុងទៅទីក្រុងរ៉ូម ដើម្បីទទួលការឆ្កាងម្តងទៀត»។ សិលាក៏យល់ភ្លាម។ ប្រសិនបើលោកបោះបង់បេសកកម្មរបស់លោក ព្រះគ្រីស្តនឹងត្រូវឈឺចាប់ម្តងទៀតជំនួសលោក។ លោកក៏បានត្រឡប់ក្រោយវិញ។ ខ្យល់ដែលធ្លាប់បាននាំលោកមកពីស្រុកកាលីឡេ ឥឡូវនេះបាននាំលោកទៅកាន់ទីក្រុងរ៉ូម — ឆ្ពោះទៅរកផ្លូវ​នៃ​មរណសាក្សី ការលះបង់​ជីវិត​ដើម្បីសាសនា និងសេចក្តីស្រឡាញ់។

      សារនៃរដូវអប់រំពិសេស​ក្នុងឆ្នាំព្រះមហាករុណាទិគុណ

      បួនសតវត្សបន្ទាប់ពីការឆ្លងរួចមក វិសាលវិហារសន្តសិលានៅតែបន្តស្វាគមន៍អ្នកធ្វើធម្មយាត្រាមកពីជុំវិញពិភពលោក។ នៅក្រោមថ្មម៉ាប និងមាសដ៏ប្រណីត គឺជាធាតុរបស់បុរសម្នាក់ដែលធ្លាប់តែញាប់ញ័រដោយភាពភ័យខ្លាច ប៉ុន្តែក្រោយមកបានឈរយ៉ាងរឹងមាំក្នុងជំនឿ។

      សារនេះមានភាពសាមញ្ញផង និងជ្រាលជ្រៅផង៖ ព្រះជាម្ចាស់មិនបានសាងសង់ព្រះសហគមន៍​របស់ទ្រង់នៅលើមនុស្សដែលល្អឥតខ្ចោះនោះទេ ប៉ុន្តែនៅលើបេះដូងដែលត្រូវបានអត់ទោសឱ្យ។

      ក្នុងរដូវអប់រំពិសេស​នេះ ពាក្យពេចន៍នៅក្រោមអាសនៈបានបន្លឺឡើងម្តងទៀតថា៖ «សិលានៅទីនេះ»

      • សិលានៅទីនេះ នៅគ្រប់ទីកន្លែងដែលមាននរណាម្នាក់ដួល ហើយក្រោកឈរឡើងវិញ។
      • សិលានៅទីនេះ នៅគ្រប់ទីកន្លែងដែលមាននរណាម្នាក់យំសោក ហើយចាប់ផ្តើមជាថ្មី។
      • សិលានៅទីនេះ នៅគ្រប់ទីកន្លែងដែលមាននរណាម្នាក់ ទោះបីជាមានភាពទន់ខ្សោយ ក៏នៅតែអាចនិយាយបានថា៖ «ព្រះអម្ចាស់អើយ ទ្រង់ជ្រាបហើយថា ទូលបង្គំស្រឡាញ់ទ្រង់»

      Daily Program

      Livesteam thumbnail