រុស្ស៊ី និងភាពតានតឹងលើសមរភូមិពីរ ៖ នាវារងការវាយប្រហារនៅលីប៊ី និង​យន្តហោះ​ចម្បាំងបង្កការភ្ញាក់ផ្អើលនៅកូរ៉េខាងត្បូង

ទីក្រុងទ្រីប៉ូលី បានទាមទារការបកស្រាយជាបន្ទាន់ពីទីក្រុងគៀវ ជុំវិញការវាយ​ប្រហារ​ដោយ​ដ្រូន​លើនាវារុស្ស៊ីក្បែរឆ្នេរសមុទ្របេនហ្គាហ្ស៊ី ប្រទេសលីប៊ី ខណៈនៅឯតំបន់អាស៊ីបូព៌ា​ឯណោះ​វិញ យន្តហោះ​យោធារុស្ស៊ី និងកូរ៉េខាងជើង បានហោះចូលតំបន់ការពារដែន​អាកាស​របស់​កូរ៉េ​ខាងត្បូង ដែលបង្កឲ្យមានការប្រកាសអាសន្នដល់ប្រជាពលរដ្ឋ។

ភាពតានតឹងផ្នែកយោធា និងការទូតដែលពាក់ព័ន្ធនឹងប្រទេសរុស្ស៊ី បានផ្ទុះឡើង​ព្រមគ្នា​នៅ​ក្នុង​តំបន់យុទ្ធសាស្ត្រសំខាន់ៗចំនួនពីរ ពោលគឺនៅសមុទ្រមេឌីទែរ៉ាណេ និងឧបទ្វីបកូរ៉េ។

ទ្រីប៉ូលី ទាមទារការស៊ើបអង្កេតអន្តរជាតិលើវត្តមានយោធាអ៊ុយក្រែន

កាលពីថ្ងៃចន្ទ ទី២៣ ខែវិច្ឆិកា រដ្ឋាភិបាលសហភាពជាតិលីប៊ី ដែលមានមូលដ្ឋាននៅ​ទីក្រុង​ទ្រីប៉ូលី បានទាមទារឲ្យទីក្រុងគៀវផ្តល់ការពន្យល់ជាផ្លូវការ បន្ទាប់ពីមានការវាយប្រហារទៅ​លើ​នាវារបស់រុស្ស៊ី នៅក្បែរទីក្រុងបេនហ្គាហ្ស៊ី (Benghazi) ភាគខាងកើតប្រទេសលីប៊ី។ ទន្ទឹម​នឹង​នេះ ទីក្រុងទ្រីប៉ូលីក៏បានស្នើឲ្យបើកការស៊ើបអង្កេតជាលក្ខណៈអន្តរជាតិ ជុំវិញការ​ចោទ​ប្រកាន់​ដែលសង្ស័យថាមានវត្តមានយោធាអ៊ុយក្រែននៅលើទឹកដីលីប៊ីផងដែរ។

ប្រតិបត្តិការវាយប្រហារដោយដ្រូននេះ បានកើតឡើងកាលពីថ្ងៃអាទិត្យ ហើយត្រូវ​បាន​អ៊ុយក្រែន​ចេញមុខអះអាងទទួលខុសត្រូវកាលពីថ្ងៃចន្ទ ដោយបង្ហាញពីការពង្រីក​ដែន​ប្រតិបត្តិ​ការវាយប្រហាររបស់ខ្លួនប្រឆាំងនឹងផលប្រយោជន៍រុស្ស៊ី នៅឆ្ងាយពីសមរភូមិ​មុខ​ក្នុង​ទឹកដី​អ៊ុយក្រែន។

គួរបញ្ជាក់ថា ប្រទេសលីប៊ីបច្ចុប្បន្នត្រូវបានបែងចែកជាពីរ រវាងរដ្ឋាភិបាលស្របច្បាប់​ទទួល​ស្គាល់​ដោយអង្គការសហប្រជាជាតិនៅទីក្រុងទ្រីប៉ូលី និងរដ្ឋាភិបាលទន្ទឹមគ្នានៅភាគខាងកើត ដែល​គាំទ្រដោយសេនាប្រមុខ ខាលីហ្វ៉ា ហាហ្វតា (Khalifa Haftar) និងជាសម្ព័ន្ធមិត្តយោធា និង​យុទ្ធសាស្ត្រ​ដ៏ជិតស្និទ្ធរបស់ទីក្រុងមូស្គូអស់រយៈពេលជាច្រើនឆ្នាំមកហើយ។

យន្តហោះចម្បាំងរុស្ស៊ី និងកូរ៉េខាងជើង បង្កការភ្ញាក់ផ្អើលនៅកូរ៉េខាងត្បូង

ដោយឡែក នៅឯតំបន់អាស៊ីបូព៌ាវិញ ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូង យ៉ុងហាប (Yonhap) បានរាយការណ៍ដោយផ្អែកលើប្រភពយោធាថា យន្តហោះយោធា​ជាច្រើន​គ្រឿង​របស់​រុស្ស៊ី និងកូរ៉េខាងជើង បានហោះចូលក្នុងតំបន់កំណត់​អត្តសញ្ញាណការពារ​ដែន​អាកាស​របស់​កូរ៉េខាងត្បូង (ADIZ) នៅលើផ្ទៃសមុទ្រខាងកើត (ឬសមុទ្រជប៉ុន)។ យ៉ុងហាប ក៏​បាន​កែ​សម្រួល​សេចក្តីរាយការណ៍មុនរបស់ខ្លួន ដែលធ្លាប់សង្ស័យថាយន្តហោះកូរ៉េខាងជើងមួយ​គ្រឿង​បានរំលោភដែនអាកាសអធិបតេយ្យភាពកូរ៉េខាងត្បូង។

នៅក្នុងហេតុការណ៍នេះ មានយន្តហោះយោធារុស្ស៊ីមួយគ្រឿងបាន​ហោះឆៀងមកជិតកោះ​អ៊ុយឡឿង (Ulleung) នៅឆ្នេរភាគខាងកើត ដែលបង្ខំឲ្យក្រសួងមហាផ្ទៃកូរ៉េខាងត្បូង ប្រកាស​អា​សន្ន​ឲ្យពលរដ្ឋ​នៅ​លើ​កោះស្វែងរកទីជម្រកសុវត្ថិភាព មុននឹងដកការប្រកាសអាសន្ន​នេះ​វិញ​នៅ ៥នាទី​ក្រោយ​មក។

ក្រសួងការពារជាតិកូរ៉េខាងត្បូង បានបញ្ជាក់នៅពេលបន្ទាប់ថា ដែនអាកាសអធិបតេយ្យភាព​របស់​ខ្លួនមិនត្រូវបានរំលោភបំពាននោះទេ ប៉ុន្តែយន្តហោះរុស្ស៊ីបានហោះកៀកបំផុត​ដល់ខ្សែ​បន្ទាត់​ព្រំដែនដែនអាកាស ដែលជំរុញឲ្យយន្តហោះចម្បាំងកូរ៉េខាងត្បូងហោះឡើង​ដើម្បី​ត្រៀម​​ឆ្លើយតបភ្លាមៗ។ ជាការឆ្លើយតបផ្នែកការទូត ក្រសួងការពារជាតិកូរ៉េខាងត្បូង គ្រោង​នឹង​កោះហៅអនុព័ន្ធយោធារុស្ស៊ីប្រចាំទីក្រុងសេអ៊ូល មកសម្តែងការមិនពេញចិត្ត​ចំពោះទង្វើ​នេះ។

គួរយល់ដឹងថា តំបន់កំណត់អត្តសញ្ញាណការពារដែនអាកាស (ADIZ) មិនមែន​ជា​ដែន​អាកាស​ស្ថិតក្រោមអធិបតេយ្យភាពរបស់រដ្ឋណាមួយឡើយ ប៉ុន្តែវាជាតំបន់ទ្រនាប់សុវត្ថិភាព​ដែលលាតសន្ធឹងហួសពីដែនអាកាសអធិបតេយ្យភាព ដើម្បីឲ្យរដ្ឋនីមួយៗអាចតាមដាន និង​កំណត់​អត្តសញ្ញាណយន្តហោះបរទេសមុនពេលចូលដល់ដែនអាកាសរបស់ខ្លួន។

 

Daily Program

Livesteam thumbnail
khmer popup image