ការប្រកាសដំណឹងល្អគឺមិនប្រកាន់សាវតា

ទោះជាកើតក្នុងគ្រួសារមូស្លីម ក៏បុរសជនជាតិឥណ្ឌូណេស៊ីម្នាក់ បានបំពេញបេសកកម្មបម្រើអ្នកងាយរងគ្រោះអស់រយៈពេល ២៥ ឆ្នាំ ក្រោមជំនឿលើព្រះគ្រីស្ត និងព្រះនាងម៉ារី។

បុរសម្នាក់នោះ គឺលោក ហូណូរីយូ ស៊ូយ៉ាឌី (Honorius Suyadi) បច្ចុប្បន្ននេះ ជាសមាជិកនៃក្រុមគ្រួសារ «បងប្អូននៃសេចក្ដីមេត្តាករុណា»។

មកដល់ពេលនេះ លោកបានឆ្លងកាត់ដំណើរជីវិតនៃជំនឿដ៏មិននឹកស្មានដល់មួយ ដោយលោកកើតក្នុងគ្រួសាររបស់មេដឹកនាំសាសនាមូស្លីមមួយរូបនៅទីក្រុងយ៉ូកយ៉ាកាតា (Yogyakarta) ប្រទេសឥណ្ឌូណេស៊ី ហើយបានលះបង់ជីវិតអស់រយៈពេល ២៥ ឆ្នាំ ដើម្បីបម្រើប្រជាជនដែលត្រូវបានសង្គមមើលរំលង ឬដាច់ឆ្ងាយពីសង្គម។

ក្នុងនាមជាសមាជិកនៃក្រុមគ្រួសារ «បងប្អូននៃសេចក្ដីមេត្តាករុណា» លោកបានចំណាយពេលភាគច្រើននៃបេសកកម្មរបស់លោក ដើម្បីជួយគាំទ្រដល់អ្នកដែលមានបញ្ហាសុខភាពផ្លូវចិត្ត អ្នកដែលរស់នៅជាមួយមេរោគអេដស៍ និងជំងឺអេដស៍ ព្រមទាំងអ្នកដែលកំពុងជួបការលំបាកជាមួយការញៀនគ្រឿងញៀន។

ការងាររបស់លោកបាននាំឱ្យលោកធ្វើដំណើរទៅកាន់សហគមន៍ចំនួនបីនៅក្នុងប្រទេសឥណ្ឌូណេស៊ី ជាកន្លែងដែលលោកបានព្យាយាមបង្ហាញឱ្យឃើញនូវសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ តាមរយៈការយកចិត្តទុកដាក់ប្រកបដោយក្ដីមេត្តា និងការនៅក្បែរជួយគាំទ្រដល់បុគ្គលម្នាក់ៗ។

លោកបានពន្យល់អំពីស្មារតីជំនឿដែលដឹកនាំបេសកកម្មរបស់លោកថា «ព្រះជាម្ចាស់ គឺជាសេចក្ដីស្រឡាញ់»។ សម្រាប់លោក ជំនឿនេះមានន័យថា ការទទួលស្គាល់វត្តមានរបស់ព្រះជាម្ចាស់នៅក្នុងមនុស្សគ្រប់រូប ជាពិសេសចំពោះអ្នកដែលត្រូវគេបដិសេធ ទទួលរងការមាក់ងាយ ឬត្រូវគេដាច់ឆ្ងាយពីសង្គម។

លោកកើតនៅឆ្នាំ ១៩៧១ ក្នុងគ្រួសារមូស្លីមមួយនៅទីក្រុងយ៉ូកយ៉ាកាតា ដែលជាទីក្រុងមួយនៅកណ្ដាលកោះជ្វា (Java) និងល្បីល្បាញខាងបេតិកភណ្ឌវប្បធម៌ និងសាសនា។

ការផ្លាស់ប្ដូរជំនឿរបស់គ្រួសារនេះទៅកាន់សាសនាកាតូលិក បានចាប់ផ្ដើមនៅពេលដែលម្ដាយរបស់លោកចាប់អារម្មណ៍លើការគោរពបូជារបស់សាសនាកាតូលិក បន្ទាប់ពីបានឃើញអ្នកជិតខាងដែលជាអ្នកកាន់សាសនាកាតូលិក អធិស្ឋានជាភាសាជ្វា។ ដោយមានការបំផុសគំនិតពីការអធិស្ឋានរបស់ពួកគេ ម្ដាយរបស់លោកបានសម្រេចចិត្តទទួលយកសាសនាកាតូលិក ហើយបានប្រាប់បំណងប្រាថ្នានេះទៅកាន់ស្វាមីរបស់គាត់។

ទោះបីជាដំបូងឡើយមានការស្ទាក់ស្ទើរ ដោយសារតែតួនាទីរបស់គាត់នៅក្នុងសហគមន៍មូស្លីមក៏ដោយ ប៉ុន្តែទីបំផុតឪពុករបស់លោកបានយល់ព្រមគាំទ្រការសម្រេចចិត្តរបស់ភរិយា។ ទោះជាយ៉ាងណាក៏ដោយ ការផ្លាស់ប្ដូរជំនឿរបស់ពួកគេបានជួបនឹងការជំទាស់ពីអ្នកស្រុកមួយចំនួន។ ក្រោយមក គ្រួសារនេះបានលក់ដីធ្លីរបស់ពួកគេនៅកោះជ្វា ហើយបានផ្លាស់ទៅរស់នៅតំបន់សេពូទី បាន់យ៉ាក់ (Seputih Banyak) ក្នុងខេត្តឡាំពុង (Lampung) កណ្ដាល នៅលើកោះស៊ូម៉ាត្រា។

Daily Program

Livesteam thumbnail
khmer popup image