យុវជនជាអ្នកដឹកនាំព្រះសហគមន៍មកពីអាស៊ី ប្រែក្លាយកម្មវិធីបណ្ដុះបណ្ដាលផ្នែកបេសកកម្មទៅជាសកម្មភាពបម្រើសង្គម
ក្រុមយុវជនជាអ្នកដឹកនាំព្រះសហគមន៍កាតូលិកមកពីប្រទេសចំនួន ៧ នៅទ្វីបអាស៊ី បានប្រែក្លាយកម្មវិធីបណ្ដុះបណ្ដាលរយៈពេល ៣ សប្ដាហ៍ ឱ្យទៅជាបទពិសោធជាក់ស្ដែងនៃការរស់នៅជាមួយសហគមន៍ ការផ្លាស់ប្ដូរវប្បធម៌ និងការបម្រើសង្គម នៅភាគខាងត្បូងនៃប្រទេសហ្វីលីពីន។
គម្រោងនេះត្រូវបានរៀបចំឡើងចាប់ពីថ្ងៃទី ១៧ ខែកញ្ញា ដល់ថ្ងៃទី ៤ ខែតុលា នៅទីក្រុងហ្សំបូនហ្គា (Zamboanga), កោះបាស៊ីឡាន (Basilan) និងតំបន់ហ្សំបូនហ្គា ស៊ីបូហ្គេ (Zamboanga Sibugay)។ កម្មវិធីនេះមានយុវជនចូលរួមចំនួន ១២ នាក់ សិក្ខាកាមហាត់ការម្នាក់ និងបុគ្គលិក ៣ នាក់ ដែលអញ្ជើញមកពីប្រទេសកូរ៉េខាងត្បូង ម៉ាឡេស៊ី មីយ៉ាន់ម៉ា ទីម័រខាងកើត ឡាវ វៀតណាម និងហ្វីលីពីន ក្នុងក្របខ័ណ្ឌនៃកម្មវិធី IFFAsia ជំនាន់ទី ១៧។
គម្រោងនេះដំណើរការក្រោមប្រធានបទ «អ្នកធ្វើដំណើរស្វែងរកក្ដីសង្ឃឹម៖ ដើរជាមួយព្រះគ្រិស្តក្នុងក្ដីស្រឡាញ់ និងការបម្រើ» ព្រមទាំងផ្ដោតលើគោលបំណង «ក្ដីសង្ឃឹមតាមរយៈសកម្មភាព៖ ចូរចេញទៅ ហើយបំផុសគំនិត» ក្រោមការសម្របសម្រួលដោយលោកបូជាចារ្យ អាវិន បេឡេន (Arvin B. Bellen) និងបងប្រុស ចូសេប រ៉ូយ វីឡារិន (Joseph Roy D. Villarin)។
ក្រៅពីនេះ គម្រោងបេសកកម្មក៏បានផ្ដល់ឱកាសឱ្យក្រុមយុវជនស្វែងយល់ពីកិច្ចខិតខំប្រឹងប្រែងកសាងសន្តិភាពនៅក្នុងខេត្តបាស៊ីឡានផងដែរ។ ពួកគេបានទៅទស្សនកិច្ចនៅទីតាំងកងវរសេនាតូចថ្មើរជើងលេខ ៣២ ក្នុងតំបន់នោះ និងបានជួបពិភាក្សាជាមួយមន្ត្រីយោធាអំពីស្ថានភាពសន្តិភាព និងសន្តិសុខក្នុងខេត្ត។ បន្ទាប់មក ក្រុមការងារក៏បានចូលជួបសម្ដែងការគួរសមជាមួយអភិបាលខេត្តដោយផ្ទាល់ នៅឯមជ្ឈមណ្ឌលរដ្ឋបាលខេត្ត។
អ្នករៀបចំកម្មវិធីបានបញ្ជាក់ថា ការបណ្ដុះបណ្ដាល ឬការកសាងសមត្ថភាព នឹងកាន់តែមានអត្ថន័យស៊ីជម្រៅ នៅពេលដែលវាជំរុញឱ្យយើងចេះចាកចេញទៅជួបជុំ និងបម្រើអ្នកដទៃ។
គម្រោងនេះត្រូវបានបញ្ចប់ទៅដោយការដាស់តឿនឱ្យសិក្ខាកាមទាំងអស់ យកបទពិសោធទាំងនេះទៅអនុវត្តជាក់ស្ដែងនៅក្នុងសហគមន៍រៀងៗខ្លួន និងបន្តរស់នៅស្របតាមសារគន្លឹះរបស់កម្មវិធីគឺ៖ «ក្ដីសង្ឃឹមតាមរយៈសកម្មភាព — ចូរចេញទៅបំផុសគំនិត ចូរចេញទៅបម្រើអ្នកដទៃ និងចូរធ្វើជាសាក្សីនៃសេចក្ដីល្អ»។
