យន្តហោះចម្បាំងរុស្ស៊ីបង្កព្យុះនយោបាយនៅអាស៊ីឦសាន ៖ តើទីក្រុងមូស្គូកំពុង​ផ្ញើ​សារ​អ្វីទៅកាន់សម្ព័ន្ធមិត្តលោកខាងលិច?

ថ្ងៃទី១៧ ខែវិច្ឆិកា ក្លាយជាថ្ងៃដ៏តានតឹងបំផុតមួយនៅលើផ្ទៃមេឃអាស៊ីឦសាន នៅពេលដែល​យន្តហោះយោធារុស្ស៊ីបានបង្ហាញខ្លួនព្រមៗគ្នានៅក្បែរ និងក្នុងដែនអាកាសរបស់ជប៉ុន កូរ៉េខាងត្បូង និងតៃវ៉ាន់។ សកម្មភាពនេះ មិនត្រឹមតែជំរុញឲ្យប្រទេស​ទាំងបីប្រញាប់ប្រញាល់​បញ្ចេញវិធានការឆ្លើយតបប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងឆ្លុះបញ្ចាំងពីយុទ្ធសាស្ត្រ​ភូមិសាស្ត្រ​នយោបាយដ៏ស្មុគស្មាញរបស់វិមានក្រឹមឡាំង ក្នុងការបង្កើនសម្ពាធ​លើ​ខ្សែ​ក្រវាត់​សម្ព័ន្ធមិត្ត​របស់សហរដ្ឋអាម៉េរិកនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។

ព្រឹត្តិការណ៍ដែលបានកើតឡើងកាលពីថ្ងៃអង្គារ ទី១៧ ខែវិច្ឆិកា បានបង្កឲ្យមានការ​ប្រកាស​អាសន្ន​ផ្នែកការពារជាតិនៅទូទាំងតំបន់អាស៊ីឦសាន។ នៅប្រទេសជប៉ុន យន្តហោះចម្បាំង​ពីរ​គ្រឿង​ដែលសង្ស័យថាជារបស់រុស្ស៊ី បានហោះរំលោភចូលដែនអាកាសជាតិដោយផ្ទាល់ នៅ​តាម​បណ្តោយឆ្នេរកោះអូគីណូស្ហ៉ីម៉ា ខេត្តហ្វ៊ូគូអូកា មុននឹងបន្តដំណើរ​ឆ្លងកាត់ច្រក​សមុទ្រ​ត្ស៊ូស្ហ៉ីម៉ា និងចន្លោះកោះយ៉ូណាហ្គូនី ដែលស្ថិតនៅចម្ងាយត្រឹមប្រមាណ ១០០ គីឡូម៉ែត្រពី​កោះ​តៃវ៉ាន់។

ទង្វើនេះបានធ្វើឲ្យទីក្រុងតូក្យូផ្ទុះកំហឹងយ៉ាងខ្លាំង។ អគ្គលេខាធិការរដ្ឋាភិបាលជប៉ុន លោក​មីណូរូ គីហារ៉ា បានថ្កោលទោសថា នេះគឺជាការរំលោភបំពាន​យ៉ាងធ្ងន់ធ្ងរលើ​អធិបតេយ្យ​ភាព របស់ជប៉ុន និងជាការគំរាមកំហែងសន្តិសុខដែលមិនអាចទទួលយកបានដាច់ខាត។

ស្របពេលជាមួយគ្នានេះដែរ ប្រព័ន្ធរ៉ាដារបស់តៃវ៉ាន់ និងកូរ៉េខាងត្បូង ក៏បានចាប់​សញ្ញា​នៃ​យន្តហោះចម្បាំងរុស្ស៊ីដូចគ្នា។

ក្រសួងការពារជាតិតៃវ៉ាន់បានរកឃើញយន្តហោះ​យោធារុស្ស៊ី២គ្រឿងហោះតាម​បណ្តោយ​ឆ្នេរ​ភាគខាងកើត និងតំបន់កំណត់អត្តសញ្ញាណការពារដែនអាកាស (ADIZ) នៅភាគខាង​ត្បូង​ស្រុកតៃទុង។ ចំណែកឯទីក្រុងសេអ៊ូលវិញ ក៏ត្រូវបង្ខំចិត្តពង្រាយយន្តហោះចម្បាំង​ជា​បន្ទាន់ ដើម្បីឆ្លើយតបទៅនឹងវត្តមានយន្តហោះយោធារុស្ស៊ីជាច្រើនគ្រឿង ដែលបានហោះ​ចូល​ក្នុង​តំបន់ ADIZ របស់ខ្លួននៅលើសមុទ្រជប៉ុន។

បើពិនិត្យមើលលើទិដ្ឋភាពភូមិសាស្ត្រនយោបាយ ប្រតិបត្តិការផ្លូវអាកាសរបស់រុស្ស៊ីលើកនេះ មិនមែនជារឿងចៃដន្យ ឬការវង្វេងផ្លូវនោះទេ ប៉ុន្តែវាគឺជាការបង្ហាញសាច់ដុំយោធា​ដែល​មាន​ការ​គណនាទុកជាមុន។ ទី១ ទីក្រុងមូស្គូចង់សាកល្បងល្បឿននៃការឆ្លើយតប និងភាពរឹងមាំ​នៃ​ប្រព័ន្ធការពារដែនអាកាសរួមគ្នារបស់សម្ព័ន្ធមិត្តអាម៉េរិកនៅអាស៊ី។​ ការហោះកាត់ចន្លោះ​កោះ​យ៉ូណាហ្គូនី និងតៃវ៉ាន់ គឺជាការបញ្ជូនសារព្រមានដោយប្រយោលទៅកាន់ទីក្រុងតូក្យូ និង​ទីក្រុងតៃប៉ិ ដែលកំពុងបង្កើនកិច្ចសហប្រតិបត្តិការសន្តិសុខយ៉ាងស្អិតរមួត។ ទី២ សកម្មភាព​នេះឆ្លុះបញ្ចាំងពីការសងសឹកផ្នែកការទូត និង​យុទ្ធសាស្ត្ររបស់រុស្ស៊ី ចំពោះជំហរ​ប្រឆាំង​វិមានក្រឹមឡាំងរបស់ប្រទេសទាំងនេះ។ ចាប់តាំង​ពី​សង្គ្រាម​នៅអ៊ុយក្រែនផ្ទុះឡើង ទាំង​ជប៉ុន កូរ៉េខាងត្បូង និងតៃវ៉ាន់ សុទ្ធតែបាន​ចូលរួមយ៉ាង​សកម្ម​ជាមួយទីក្រុងវ៉ាស៊ីនតោន ក្នុង​ការដាក់ទណ្ឌកម្មសេដ្ឋកិច្ចយ៉ាងទូលំទូលាយ​ប្រឆាំងនឹង​រុស្ស៊ី។ ដូច្នេះ ការបង្កើនវត្តមាន​យោធា​នៅអាស៊ីប៉ាស៊ីហ្វិក ចាប់ពីការបញ្ជូននាវាចម្បាំង​ក្បែរ​ឆ្នេរតៃវ៉ាន់ក្នុងឆ្នាំ២០២៣ ការ​រំលោភដែនអាកាសជប៉ុននៅកោះរ៉េប៊ុនក្នុងខែកញ្ញា ឆ្នាំ២០២៤ រហូត​ដល់ព្រឹត្តិការណ៍ថ្ងៃទី១៧ ខែវិច្ឆិកា នេះ អាចជាវិធីសាស្ត្ររបស់រុស្ស៊ីក្នុង​ការបង្វែរចំណាប់​អារម្មណ៍ និងបំបែកកម្លាំង​យោធា​របស់​លោកខាងលិចកុំឲ្យផ្តោតតែលើសមរភូមិអឺរ៉ុប។

ឧប្បត្តិហេតុនេះបានបញ្ជាក់យ៉ាងច្បាស់ថា សន្តិសុខនៅអឺរ៉ុប និង​អាស៊ី​លែងអាចកាត់ផ្តាច់​ពីគ្នា​បាន​ទៀតហើយ។ ការរំលោភដែនអាកាសជាបន្តបន្ទាប់របស់រុស្ស៊ី កំពុងរុញច្រានឲ្យជប៉ុន កូរ៉េខាងត្បូង និង​តៃវ៉ាន់ កាន់តែខិតជិតគ្នា និងពន្លឿនការពង្រឹងសមត្ថភាពយោធារបស់ពួកគេ ដែល​អាចនឹងធ្វើ​ឲ្យ​ភ្លើង​សង្គ្រាមត្រជាក់ថ្មីនៅអាស៊ីឦសាន កាន់តែឆាបឆេះឡើងថែមមួយ​កម្រិត​ទៀត។

 

Daily Program

Livesteam thumbnail
khmer popup image