នាយករដ្ឋមន្ត្រីព្រមានអំពីការកើនឡើងនៃការប្រើប្រាស់បារីអេឡិចត្រូនិច និងអំពាវនាវឱ្យមានការគ្របគ្រងយ៉ាងម៉ឺងម៉ាត់

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការកើនឡើងនៃការប្រើប្រាស់បារីអេឡិចត្រូនិច (Vape) ជាពិសេសក្នុងចំណោមយុវជន ដោយបានសង្កត់ធ្ងន់លើតម្រូវការចាំបាច់ក្នុងការដាក់ចេញនូវវិធានការកាន់តែម៉ឺងម៉ាត់ ដើម្បីទប់ស្កាត់ការនាំចូល ការចែកចាយ និងការប្រើប្រាស់នៅក្នុងប្រទេសកម្ពុជា។

ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រារព្ធខួប ៨០ ឆ្នាំ នៃការបង្កើតសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល នៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃពុធនេះ សម្ដេចនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ប្រទេសកម្ពុជាបានអនុវត្តគោលនយោបាយសាធារណៈច្បាស់លាស់រួចហើយលើបញ្ហាបារីអេឡិចត្រូនិច/Vape ហើយមិនស្វាគមន៍ការវិនិយោគលើការផលិត ឬអាជីវកម្មផលិតផលបារីអេឡិចត្រូនិច និង Vape ឡើយ។

សម្តេចធិបតីបានគូសបញ្ជាក់ថា៖ «ខ្ញុំបានណែនាំរួចហើយដល់ស្ថាប័នពាក់ព័ន្ធ រួមទាំងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) និងក្រសួងពាណិជ្ជកម្ម មិនឱ្យទទួលស្វាគមន៍គម្រោងវិនិយោគដែលពាក់ព័ន្ធនឹងបារីអេឡិចត្រូនិច ឬផលិតផល Vape នោះទេ»។

សម្ដេចនាយករដ្ឋមន្ត្រី បានកត់សម្គាល់ថា ការពេញនិយមកើនឡើងនៃការប្រព្រឹត្តបារីអេឡិចត្រូនិច ជាពិសេសក្នុងចំណោមយុវជន បានក្លាយជាការព្រួយបារម្ភរបស់សាធារណជន ដែលទាមទារឱ្យមានការយកចិត្តទុកដាក់កាន់តែខ្លាំង និងវិធានការបង្ការប្រកបដោយប្រសិទ្ធភាព។

សម្តេចធិបតី បានសង្កត់ធ្ងន់ថា ការត្រួតពិនិត្យលើផលិតផលទាំងនេះ មិរស្តែងចេញតែលើការវិនិយោគប៉ុណ្ណោះទេ ប៉ុន្តែត្រូវទប់ស្កាត់ច្រវាក់ផលិតកម្មទាំងមូល ចាប់តាំងពីការនាំចូល ការចែកចាយ រហូតដល់ការប្រើប្រាស់ ដោយសម្តេចបានបញ្ជាក់ថា ការប្រើប្រាស់ផលិតផលទាំងនេះត្រូវតែហាមឃាត់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ក្នុងពេលជាមួយគ្នានេះ សម្តេចក៏បានលើកឡើងអំពីបញ្ហាកញ្ឆា ដោយបានគូសបញ្ជាក់ថា ការដាំដុះ និងការប្រើប្រាស់កញ្ឆា ទាមទារឱ្យមានការត្រួតពិនិត្យយ៉ាងម៉ឺងម៉ាត់ ដើម្បីការពារកុំឱ្យសារធាតុនេះរីករាលដាលក្នុងចំណោមប្រជាពលរដ្ឋ។

ការអំពាវនាវរបស់សម្ដេចនាយករដ្ឋមន្ត្រី បានរំលេចពីតម្រូវការក្នុងការមានកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធរវាងក្រសួង និងស្ថាប័នពាក់ព័ន្ធ ដើម្បីទប់ស្កាត់ការរីករាលដាលនៃបារីអគ្គិសនី និងសារធាតុបង្កគ្រោះថ្នាក់ផ្សេងទៀត ខណៈពេលដែលធានាថាគោលនយោបាយវិនិយោគ និងពាណិជ្ជកម្មរបស់កម្ពុជា នៅតែស្របគ្នាទៅនឹងគោលដៅសុខភាពសាធារណៈ និងការការពារសង្គម។

 

Daily Program

Livesteam thumbnail
khmer popup image