ក្រុមសាសនទូតសាឡេស៊ាននៅវៀតណាម អបអរសាទរខួបលើកទី ៧៥ ឆ្នាំនៃវត្តមាននៅទីក្រុងហូជីមិញ
គ្រីស្តបរិស័ទនៅប្រទេសវៀតណាម កាលពីថ្ងៃទី ០៣ ខែតុលា បានជួបជុំគ្នាអបអរសាទរខួប ៧៥ ឆ្នាំ នៃវត្តមានរបស់ក្រុមសាសនទូតសាឡេស៊ាន នៃសន្តចន បូស្កូ (Salesians of Don Bosco) នៅក្នុងប្រទេសមួយនេះ។
ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងនៅក្នុងព្រះសហគមន៍ដុនបូស្កូ សួនហៀប (Xuân Hiệp) ក្នុងសង្កាត់ធូឌឹក (Thủ Đức) ដែលជាផ្នែកមួយនៃទីក្រុងហូជីមិញ ក្រោមអធិបតីភាពរបស់លោកអគ្គអភិបាល យ៉ូសែប ង្វៀន ណាំង (Joseph Nguyễn Năng) នៃព្រះសហគមន៍កាតូលិកភូមិភាគទីក្រុងហូជីមិញ។
នៅក្នុងចំណោមព្រឹត្តិការណ៍សំខាន់ៗ កម្មវិធីនោះក៏មានពិធីថ្វាយអភិបូជា ដោយមានគ្រីស្តបរិស័ទចូលរួមសរុបជាង ១ ០០០ នាក់ និងលោកបូជាចារ្យសរុប ១០០ នាក់។
នៅក្នុងកម្មវិធីនោះ លោកអគ្គអភិបាលបានសម្តែងនូវការដឹងគុណចំពោះការរួមចំណែករបស់ក្រុមសាសនទូតសាឡេស៊ាន ដល់ព្រះសហគមន៍កាតូលិកក្នុងប្រទេសវៀតណាម ក្នុងរយៈពេល ៧៥ ឆ្នាំកន្លងមកនេះ។ លោកបានលើកឡើងពីការលះបង់របស់បព្វជិតនានា ក្នុងការនាំយកដំណឹងល្អទៅកាន់យុវជនក្រីក្រ និងយុវជនដែលត្រូវបានគេបោះបង់ចោល តាមរយៈស្មារតី និងជីវិតខាងផ្លូវវិញ្ញាណរបស់សន្តចន បូស្កូ។
លោកក៏បានលើកទឹកចិត្តសហគមន៍សាឡេស៊ានឱ្យបន្តស្មោះត្រង់ចំពោះបេសកកម្មរបស់ខ្លួន ព្រមទាំងបានអំពាវនាវឱ្យមានការអធិដ្ឋានបន្តទៀតសម្រាប់ក្រុមគ្រួសារបព្វជិតមួយនេះផងដែរ។
