កម្ពុជា នឹងរៀបចំ សប្តាហ៍បេតិកភណ្ឌវប្បធម៌អរូបី លើកទី២ នៅចុងសប្តាហ៍នេះ

ភ្នំពេញ៖ ព្រឹត្តិការណ៍ «សប្តាហ៍បេតិកភណ្ឌវប្បធម៌អរូបីកម្ពុជា លើកទី២ ឆ្នាំ២០២៦» នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៨ និងទី២៩ ខែវិច្ឆិកា នៅផ្លូវថ្មើរជើងចតុមុខ រាជធានីភ្នំពេញ ចាប់ពីម៉ោង ៥:៣០ ល្ងាច ដល់ម៉ោង ៩:៣០ យប់ ដើម្បីផ្តល់ឱកាសជូនសាធារណជនបានទស្សនា និងអបអរសាទរសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីដ៏សម្បូរបែបរបស់ព្រះរាជាណាចក្រកម្ពុជា។

រៀបចំឡើងដោយអគ្គនាយកដ្ឋានបេតិកភណ្ឌវប្បធម៌អរូបី និងឧស្សាហកម្មវប្បធម៌ច្នៃប្រឌិត នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រឹត្តិការណ៍នេះនឹងបើកជាផ្លូវការក្រោមអធិបតីភាព លោកស្រី សុទ្ធ សុម៉ាលី អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

កម្មវិធីរយៈពេលពីរថ្ងៃនេះ នឹងមានការសម្តែងសិល្បៈទស្សនីយភាពបុរាណជាច្រើនទម្រង់ រួមមាន របាំព្រះរាជទ្រព្យ ល្ខោនខោល ល្ខោនស្បែកធំ ល្ខោនស្បែកតូច ក្បាច់គុនល្បុក្កតោ ការបង្ហាញម៉ូដស្បៃខ្មែរ និងការសម្តែងចាប៉ីដងវែង។

សកម្មភាពផ្សេងៗទៀត រួមមាន ល្បែងល្បងប្រាជ្ញាពាក់ព័ន្ធនឹងសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីទាំងប្រាំពីររបស់កម្ពុជាដែលបានចុះក្នុងបញ្ជីអង្គការយូណេស្កូ ការតាំងពិព័រណ៍ ល្បែងទាញព្រ័ត្រប្រពៃណី និងសកម្មភាពវប្បធម៌ជាច្រើនទៀត។

សម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីទាំងប្រាំពីររបស់កម្ពុជា ដែលត្រូវបានចុះក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ រួមមាន៖ របាំព្រះរាជទ្រព្យ (ឆ្នាំ២០០៣) ល្ខោនស្បែកធំ (ឆ្នាំ២០០៥) ល្បែងទាញព្រ័ត្រ (ឆ្នាំ២០១៥) ចាប៉ីដងវែង (ឆ្នាំ២០១៦) ល្ខោនខោលវត្តស្វាយអណ្តែត (ឆ្នាំ២០១៨) គុនល្បុក្កតោ (ឆ្នាំ២០២២) និងក្រមាខ្មែរ (ឆ្នាំ២០២៤)។

ព្រឹត្តិការណ៍នេះបើកជូនសាធារណជនចូលរួមទស្សនាដោយឥតគិតថ្លៃ ក្នុងគោលបំណងលើកកម្ពស់ ថែរក្សា និងបញ្ជ្រាបការយល់ដឹងអំពីតម្លៃនៃបេតិកភណ្ឌវប្បធម៌អរូបីដ៏មានតម្លៃរបស់កម្ពុជា ដល់មហាជនទូទៅ ជាពិសេសស្រទាប់យុវជនជំនាន់ក្រោយ។

 

Daily Program

Livesteam thumbnail
khmer popup image