“កំណើតក្នុងក្រោលសត្វ ព្រះយេស៊ូបង្រៀនមនុស្សឲ្យចេះដាក់ខ្លួន! ”

បកស្រាយដោយ​​៖ (លោកបូជាចារ្យ រឿង ឆ័ត្រសិរី ពីព្រះសហគមន៍មណ្ឌលសកម្មភាពភ្នំពេញខាងជើង (ភូមិភាគភ្នំពេញ)

បូ. រឿង ឆ័ត្រសិរី៖ បងប្អូនជាទីស្រលាញ់! ជីវិតរបស់ព្រះយេស៊ូមានលក្ខណៈសាមញ្ញ កំសត់ និងងាយស្រួលទាក់ទងជាមួយមនុស្ស ដើម្បីលើកទឹកចិត្តដល់មនុស្សទុរគតទាំងអស់នៅក្នុងពិភពលោក។ បងប្អូនរួមជំនឿជាទីស្រលាញ់រាប់អាន ពិតមែន! កំណើតរបស់ស្តេចគឺ ត្រូវប្រសូត្រនៅក្នុងរាំង ឬទីកន្លែងដែលល្អស្អាត និងខ្ពង់ខ្ពស់ណាស់​ តែព្រះយេស៊ូបានប្រសូត្រនៅកន្លែងដ៍កំសត់ ក្នុងរឿងប្រវត្តិនេះយើងឃើញមានការភាន់ច្រឡំពីសំណាក់ហោរាចារ្យទាំង៣នាក់ ដែលបានទៅគាល់ស្តេចហេរ៉ូត ដើម្បីសួរដំណឹងពីការប្រសូត្ររបស់ព្រះសង្គ្រោះ (កុមារយេស៊ូ) ដោយនឹកស្មានថាស្តេចអង្គនោះនិងកើតនៅក្នុងវាំង ឬនៅដំណាក់ណាមួយជាដើម...។ ព្រះយេស៊ូជាព្រះជាម្ចាស់ ទ្រង់ជាស្តេចមួយអង្គនៅក្នុងពិភពលោក។

សំណួរសួរថា៖ ហេតុអ្វីព្រះជាម្ចាស់មកកើតនៅក្នុងក្រោលសត្វបែបនេះ?

ពិតមែននេះជារឿងមួយដែលបញ្ជ្រាស់ពីជំនឿ ឬគំនិតរបស់មនុស្សទូទៅ! ព្រោះមនុស្សភាគច្រើនគិតថាស្តេចគឺត្រូវកើតនៅក្នុងវាំង ឬក៏មានឋានៈអ្វីមួយដែលខ្ពង់ខ្ពស់សម្រាប់ម្នាក់ដែលជាមេដឹកនាំសាសនា។ ក្នុងគម្ពីរ លោកលូកាជំពូក២, ១-​១៤ បាននិយាយរៀបរាប់ទាក់ទងនិងយប់ដ៏សុខសាន្តត្រូវនិងថ្ងៃបុណ្យព្រះយេស៊ូប្រសូត្រ ដែលទ្រង់មានឋានៈជាបុត្រារបស់ព្រះជាម្ចាស់បានប្រសូត្រនៅក្នុងលោកនេះ។ ការបង្ហាញជាលក្ខណៈកំសត់ក្រីក្រនេះ៖

ទី១៖ ជួយរំលឹកមនុស្សយើងឲ្យរស់នៅសាមញ្ញ ព្រោះបុត្រារបស់ព្រះជាម្ចាស់បានបន្ទាបខ្លួនកើតជាមនុស្សសាមញ្ញា ធម្មតាដូចយើងគឺចង់ឲ្យមនុស្សមានទំនាក់ទំនងជាមួយព្រះជាម្ចាស់កាន់តែងាយស្រួល។

ទី២៖ កុំឲ្យគិតតែរឿងមុខមាត់ រឿងអំនួត ដែលជារណាំងបិតបាំងខ្លួនពិបាកក្នុងប្រស្រ័យទាក់ទងជាមួយមនុស្សជុំវិញខ្លួន ជាពិសេសបងប្អូនកំសត់ទុរគត។ ព្រះយេស៊ូកើតនៅក្នុងក្រោលសត្វមានន័យថា ព្រះអង្គ មិនប្រកាន់វណ្ណៈ ឬឋានៈរបស់ព្រះអង្គទេ! យើងដឹងថាព្រះអង្គជាព្រះជាម្ចាស់ ហេតុនេះទ្រង់ជ្រើសរើសកើតនៅកន្លែងណាក៏បាន។ តែព្រះយេស៊ូមកកើតក្នុងត្រកូលក្រីក្រកំសត់ និងមិនមានទីកន្លែងមិនសមរម្យថែមទៀត។ ចំណុចនេះហើយ ដែលព្រះយេស៊ូចង់បង្រៀនយើងឲ្យចេះដាក់ខ្លួន ដោយមានចិត្តសុភាពរាបសា។

ទី៣៖ ការកើតនៅក្នុងក្រោលសត្វរបស់ព្រះយេស៊ូគឺ ទ្រង់ចង់ឲ្យមនុស្សយើងទាំងអស់រួមធ្វើដំណើរជាមួយព្រះជាម្ចាស់បានយ៉ាងងាយស្រួល ត្បិតការចាប់កំណើតនៅកន្លែងក្រីក្រ មិនមានកន្លែងល្អសមរម្យអ្វីជាដើមហ្នឹង គឺដើម្បីលើកទឹកចិត្តមនុស្សក្រីក្រកំសត់ទុរគតទាំងអស់ឲ្យមានសេចក្តីសង្ឃឹមឡើវិញ ដោយមានវត្តមានរបស់ព្រះយេស៊ូ ជាបុត្រារបស់ព្រះជាម្ចាស់ ជាព្រះសង្គ្រោះមកចាប់កំណើតជាមនុស្ស និងរួមដំណើរជាមួយព្រះជាម្ចាស់៕ អាមែន

ដោយ ឆាក លាំង

Daily Program

Livesteam thumbnail