ប្រធានបទ៖ “ត្រូវទុកអ្នកដទៃដូចជាបងប្អូន!”

បកស្រាយដោយ´៖ លោកបូជាចារ្យ អេមេល្សដាល ហ្វ្រង់ស្វ័រ (ព្រះសហគមន៍ភូមិភាគភ្នំពេញ)
បូ. ហ្វ្រង់ស្វ័រ៖ «តាមវិន័យរបស់ព្រះយេស៊ូត្រូវទុកអ្នកដទៃដូចជាបងប្អូន!» ព្រះយេស៊ូមានព្រះបន្ទូលថាចូរស្រឡាញ់គ្នាទៅវិញទៅមក ហើយខិតខំធ្វើតាមវិន័យរបស់ព្រះជាម្ចាស់។ ជាក់ស្តែងព្រះយេស៊ូបានបង្រៀនក្រុមសាវកឲ្យស្រឡាញ់អ្នកដទៃឲ្យអស់ពីចិត្ត នោះគេនិងយល់ថាយើងគ្រប់គ្នាជាសាវកដ៏ពិតប្រាកដរបស់ព្រះជាអម្ចាស់យេស៊ូ។ បើយើងចេះស្រឡាញ់គ្នា បង្ហាញថាយើងជាសិស្ស យើងជាសាវករបស់ព្រះគ្រីស្តនៅលើផែនដីនេះ។ ផ្ទុយទៅវិញបើយើងមិនចេះស្រឡាញ់គ្នាទេ នោះយើងនិងជាប់ជាមួយរឿងលោកីយ៍ជាដដែលៗដូចពីមុន។
ពេលយើងបានស្គាល់ព្រះយេស៊ូ នឹងបានជ្រមុជនៅក្នុងអង្គព្រះយេស៊ូ! យើងត្រូវតែធ្វើតាមក្រិតវិន័យរបស់ព្រះយេស៊ូ ដោយខិតខំស្រឡាញ់មនុស្សទាំងអស់នៅជុំវិញខ្លួន។ ដោយសម្អាងថាយើងមានព្រះជាម្ចាស់ ជាព្រះបិតាតែមួយរបស់មនុស្សគ្រប់ជាតិសាសន៍ ចំណុចនេះបញ្ចាក់ថាយើងមានឈាមជ័រតែមួយ យើងជាបងប្អូនតែមួយ។ បងប្អូនដើម្បីស្រឡាញ់អ្នកដទៃបានយើងត្រូវតែយកព្រះយេស៊ូធ្វើជាគំរូ ខិតខំធ្វើតាមព្រះបន្ទូលរបស់ទ្រង់គឺ ត្រូវស្រឡាញ់បងប្អូនទាំងអស់គ្នា ដូចខ្ញុំបានស្រឡាញ់អ្នកទាំងអស់គ្នាដែរ។
ការបន្ទាបខ្លួនរបស់ព្រះយេស៊ូ រហូតទ្រង់បានលាងជើងឲ្យគ្រប់សាវកដែលជាមនុស្សសាមញ្ញទាន់ទាប រហូតដល់ព្រះអង្គសោយទីវង្គត់នៅលើឈើឆ្កាងចំពោះមនុស្សជាច្រើន។ ព្រះយេស៊ូធ្វើជាគំរូក្នុងជីវិតយើងម្នាក់ៗគឺត្រូវបម្រើគ្នាទៅវិញទៅមក។ ពិតណាស់! ការបម្រើអ្នកដទៃមិនមែនជាការងាយស្រួលទេ តែយើងជាអ្នកជឿត្រូវតែធ្វើឲ្យបាន មិនដូច្នេះទេ គ្មានអ្វីដែលអាចបញ្ជាក់ថាយើងជាសាវករបស់ព្រះយេស៊ូនោះឡើយ។
ជាមួយគ្នានេះ ព្រះជាម្ចាស់បានបន្ថែមថាយើងមិនត្រឹមតែស្រឡាញ់អ្នកដទៃជាបងប្អូន ប៉ុន្តែយើងត្រូវស្រឡាញ់មនុស្សទាំងអស់ សូម្បីតែអស់អ្នកដែលធ្លាប់ធ្វើបាបនិងយើង ឬខ្មាំងសត្រូវ ក៏យើងត្រូវតែខិតខំលើកលែងទោសឲ្យគេផងដែរ។ អ្វីដែលមិនអាចខ្វះបានគឺព្យាយាមទូលអង្វរព្រះជាម្ចាស់ឲ្យប្រទានកំលាំងបន្ថែមទៀត ឲ្យយើងអាចលើកលែងទោសឲ្យគេបានពិតមែន ដើម្បីលើកលែងទោសឲ្យនណាម្នាក់មិនមែនងាយស្រួលនោះទេ! ព្រះយេស៊ូបានសោយទីវង្គត់នៅលើឈើឆ្កាង ព្រះអង្គបានលើកលែងទោសឲ្យអស់អ្នកដែលបានបៀតបៀនព្រះអង្គ ហេតុនេះសូមបងប្អូនទាំងអស់ខិតខំស្រឡាញ់ និងលើកលែងទោសឲ្យបងប្អូនដែលនៅជុំវិញខ្លួនដោយអំណរ ដើម្បីបង្កើតបានជាសង្គមមួយដ៏យុត្តិធម៌ នឹងមានសេចក្តីស្រឡាញ់ពិតប្រាកដសម្រាប់គ្នា និងគ្នា។
សព្វថ្ងៃសង្គមទាំងមូលពិបាកក្នុងការរស់នៅណាស់ ព្រោះតែបញ្ហាសង្គ្រាម អំពើហិង្សា គ្រោះធម្មជាតិ និងភាពអយុត្តិធម៌ជាច្រើនករណី បានកំពុងរារាំងការបង្ហាញក្តីស្រឡាញ់ចំពោះគ្នាទៅវិញទៅមក។ ហេតុដូច្នេះសូមបងប្អូនធ្វើជាគំរូដល់បងប្អូនឯទៀតៗ ហើយព្យាយាមផ្តល់សេចក្តីសង្ឃឹមដល់ពួកគេ ត្បិតយើងទាំងអស់គ្នាជាបងប្អូននិងគ្នា។ អាមែន
ដោយ ឆាក លាំង
Daily Program
