ប្រធានបទ៖ បើយើងចង់លើកលែងទោសឲ្យគេពិតប្រាកដ ព្រះជាម្ចាស់និងផ្តល់កម្លាំងពិសេសឲ្យយើងធ្វើរឿងនេះ!

បកស្រាយដោយ៖ លោកបូជាចារ្យ អេមេល្សដាល ហ្វ្រង់ស្វ័រ (ព្រះសហគមន៍កាតូលិកក្នុងមណ្ឌលសកម្មភាពភ្នំពេញខាងត្បូង)

បូ. ហ្វ្រង់ស្វ័រ៖ សំណួរសួរថាតើត្រូវធ្វើបែបណាដើម្បីលើកលែងទោសអស់អ្នកដែលបានធ្វើអំពើអាក្រក់ដាក់យើង? ត្រង់ចំណុចនេះពិតជាពិបាកខ្លាំងណាស់ ព្រោះយើងជាមនុស្សទន់ខ្សោយ​ ពេលខ្លះយើងខឹង យើងឈឺ យើងចង់សងសឹកជាដើម..។ បងប្អូន ព្រះសហគមន៍បានបង្រៀនយើងឲ្យចេះលើកលែងទោសដល់អ្នកដទៃ​ ហើយនេះគឺជាព្រះហឫទ័យរបស់ព្រះជាម្ចាស់សម្រាប់មនុស្សនៅជុំវិញពិភពលោក។ ប៉ុន្តែ! បើយើងមិនព្រមលើកលែងទោសឲ្យអ្នកដទៃ ព្រះជាម្ចាស់នឹងខឹង ហើយក៏មិនព្រមលើកលែងទោសឲ្យយើងគ្រប់គ្នាផងដែរ។

ព្រះជាម្ចាស់បានលើកលែងទោសឲ្យយើងនៅក្នុងអង្គព្រះយេស៊ូគ្រីស្តរួចហើយ តាមរយៈព្រះយេស៊ូគ្រីស្តដដែល យើងក៏បានទទួលការលើកលែងទោសរួចហើយដែរ។ យើងដឹងថាមនុស្សលោកទន់ខ្សោយណាស់ ត្រឹមជនសាមញ្ញពិតជាពិបាកក្នុងការបំពេញការងានេះ។ តាមបទពិសោធន៍មុននិងធ្វើរឿងដ៏លំបាកមួយនេះ បងប្អូនត្រូវសម្រួលអារម្មណ៍ឲ្យបានល្អ អង្គុយដោយស្ងៀមស្ងាត់ ហើយអធិដ្ឋានសូមព្រះវិញ្ញាណមកសណ្ឋិត បំភ្លឺផ្លូវឲ្យយើងមានកំលាំងគ្រប់គ្រាន់ដើម្បីធ្វើការលើកលែងទោសឲ្យដល់បងប្អូនណាដែលបានធ្វើខុសមកលើយើង ដោយទៅជួបគេផ្ទាល់នៅកន្លែងណាមួយដើម្បីនិយាយ ហើយព្យាយាមយល់ពីគេឲ្យបានស៊ីជម្រៅ ថាកំហុសដែលគេបានធ្វើនេះកើតឡើងដោយសារអ្វី ជាអញ្ញេតនា ឬយ៉ាងណា។  ទោះគេទទួល ឬមិនទទួល តែតួនាទីយើងជាគ្រីស្តបរិស័ទត្រូវតែធ្វើបែបនេះចំពោះមនុស្សទូទៅទាំងអស់។ បើយើងរម្លឹកពីព្រះយេស៊ូពេលដែលទ្រង់បានលើកលែងទោសឲ្យគេនៅលើឈើឆ្កាង ជាពេលដែលលំបាក ជាពេលដែលឈឺចាប់ជាទីបំផុត តែទ្រង់នៅតែធ្វើបានយ៉ាងល្អ ព្រោះព្រះទ័យស្រឡាញ់មនុស្សលោកនេះឯង។ ត្រង់នេះបញ្ជាក់ថាមនុស្សសាមញ្ញពិបាកនិងធ្វើណាស់ តែយើងគ្រប់គ្នាត្រូវទូលអង្វរព្រះជាម្ចាស់ សុំឲ្យទ្រង់ផ្តល់កំលាំងបន្ថែមទៀត ដើម្បីយើងអាចលើកលែងទោសឲ្យគេបាន។ មួយវិញទៀតយើងជាគ្រីស្តបរិស័ទ យើងជាអ្នកជឿ យើងបានផ្ញើអ្វីទៅព្រះជាម្ចាស់មិនថាទុក្ខព្រួយ អំណរសប្បាយ ចិត្តខឹងគុំគួន... អ្វីដែលយើងត្រូវធ្វើបន្តទៀតគឺរស់នៅដោយអំណរសប្បាយ មានសេចក្តីសង្ឃឹម ខិតខំបង្ហាញពីសក្ខីភាពនៃវត្តមានរបស់ព្រះជាម្ចាស់​ឲ្យមនុស្សលោកបានស្គាល់ តាមរយៈកិច្ចការលើកលែងទោស និងអត់អោនដល់មនុស្សនៅជុំវិញខ្លួននេះឯង។ អាម៉ែន

ដោយ ឆាក លាំង

Daily Program

Livesteam thumbnail