ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៥ អត្ថបទគម្ពីរ យ៉ូហាន (៨,១-១១)អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ វី សំណាង

នៅក្នុងព្រះគម្ពីរសន្តយ៉ូហាន(៨,១-១១)យើងឃើញខាងគណៈផារ៉ាស៊ី និងធម្មាចារ្យបាន​នាំស្រ្តីដែល​គេ​ទាន់​កំពុង​សា​ហាយស្មន់នោះ យកមកដាក់ទោសនៅចំពោះមុខព្រះយេស៊ូ។ កាលពួកគេធើ្វដូច្នោះព្រោះ​ចង់​​រកលេសម្យ៉ាងដើម្បីចាប់កំហុសព្រះយេស៊ូ គេប្រាប់ព្រះអង្គថាបើតាមច្បាប់វិន័យរបស់យើងពេល​ស្រ្តី​ម្នាក់​កំពុងតែរួមសាហាយស្មន់ ហើយគេតាមទាន់គឺយើងត្រូវយកដុំថ្មដើម្បីគប់សម្លាប់គាត់!

អ្វី​ដែល​គេបាននិយាយគេរំពឹងថាព្រះយេស៊ូនឹងចោទប្រកាន់ស្រ្តីនោះដែរ ផ្ទុយទៅវិញគេបែរជាឮ​ព្រះយេ​ស៊ូចោទជាសំណួរថា៖ “តើក្នុងចំណោមអ្នករាល់គ្នានរណាដែលស្អាត​ស្អំមិនមានបាប​សុំយក​ដុំថ្ម​គប់​ស្រ្តី​នេះ​​មុនគេទៅ”។ យើងឃើញបន្តិចម្តងៗអ្នកទាំងនោះបានដើរចេញទាំងអស់! ​គ្មាន​នរណា​ម្នាក់​យក​ដុំថ្ម​គប់​​ស្រ្តីម្នាក់នេះទេ។ នេះជាអ្វីមួយដែលចង់រំលឹកយើង ចង់ដាស់តឿនយើងអំពីជីវិត​របស់​យើងម្នាក់ៗ ពេលខ្លះយើងយកច្បាប់ យើងយកវិន័យមកការពារខ្លួនរបស់​យើងទាំង​ខ្លួនរបស់យើង​ក៏ជា​មនុស្ស​បាប​ដូច​គេ​ដែរ។

ដូច្នេះនៅក្នុងចំណោមយើងទាំងអស់គ្នាគ្មាននរណា​ម្នាក់ដែលស្អាត​ស្អំមួយ​រយភាគរយ មិនធ្លាប់​ប្រព្រឹត្ត​អំពើបាប យើងសុទ្ធតែជាមនុស្សទន់ខ្សោយ​ចាញ់ការល្បួង​ធ្លាក់​នៅក្នុងអំពើបាប ហេតុនេះឱ្យ យើងចេះ​អធ្យាស្រ័យ​អនុ​គ្រោះឱ្យបងប្អូនរបស់​យើងព្រោះយើងជាអ្នកទន់ខ្សោយដូចគ្នា។ អ្វីដែលព្រះយេស៊ូនិយាយ​ទៅស្រ្តីនោះ​ថារីឯខ្ញុំវិញក៏មិនចោទប្រកាន់នាងដែលសូមអញ្ជើញទៅវិញ ហើយ​សូមកុំប្រព្រឹត្តអំពើ​បាប​ទៀត​។ នេះជា​ពាក្យដែលយើងតែងតែទទួលនៅពេលដែលយើងទៅទទួលអគ្គសញ្ញាសម្រុះសម្រួល។

ដូច្នេះគ្រប់​ពេល​ដែលយើងទៅទទួលអគ្គសញ្ញាសម្រុះសម្រួល ​គឺជាពេលដែលយើង​មើលចំណុច​ខ្សោយ​របស់​ខ្លួន ឃើញពីអំពើបាបរបស់ខ្លួន ឃើញភាពទន់ខ្សោយរបស់ខ្លួនឯង ដែរមិនមែនមើលឃើញតែ​អំពើ​បាប​​របស់អ្នកដទៃ។ រាល់ដង​យើងទទួលស្គាល់កំហុស​របស់ខ្លួន​ជាពេលដែល​យើង​ទទួល​ឱកាសថ្មី​ពីព្រះ​ជា​ម្ចាស់ម្តងទៀត យើង​សោកស្តាយដែលបានធើ្វកំហុស ដើម្បីកែប្រែចិត្ត​គំនិត​ដើម្បី​ចាប់ផ្តើម​ជីវិតសារ​ជា​ថ្មី​។ ដូច្នេះសុំឱ្យយើងក្លាហាន​ក្នុង​ការទទួលអគ្គសញ្ញាសម្រុះសម្រួលជាប្រចាំ ដើម្បីឱ្យយើងអាចទទួ​ល​ឱកាស​ពីព្រះជាម្ចាស់ ​ចាប់​ផ្តើមសារជាថ្មី ខិតខំកែប្រែចិត្តគំនិតពីមួយថ្ងៃទៅមួយថ្ងៃ ដើម្បីរីកចម្រើន​នៅ​ក្នុង​មាគ៌ាឆ្ពោះទៅកាន់ភាពដ៏វិសុទ្ធ​។ អាម៉ែន៕

Daily Program

Livesteam thumbnail