ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦អត្ថបទគម្ពីរម៉ាកុស ៣,១៣-១៩អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ ផាន បូរី

ព្រះយេស៊ូគង់នៅជាមួយបណ្តាជន នៅក្នុងចំណោមពួកគេ ​ព្រះអង្គបានជ្រើសរើស១២នាក់ អស់​អ្នក​ដែល​ ដើម្បីចាត់គេពីរៗនាក់ឱ្យទៅប្រកាសដំណឹងល្អ។

ហេតុអ្វីបានជាព្រះយេស៊ូជ្រើសរើសទាំង១២ មិនជ្រើសរើស១០០ ២០០ ៣០០ ១០០០ ១០,០០០​នាក់​? ចម្លើយគឺ១២ ជាតំណាងកុលសម្ព័ន្ធនៃជនជាតិអ៊ីស្រាអែលទាំង១២។ ១២នាក់នេះ គឺជាតំណាងពិភព​លោក​ទាំង​មូល​តែម្តង ដើម្បីទៅប្រកាសដំណឹងល្អ។

នៅក្នុងព្រះសហគមន៍កាតូលិករបស់យើង មានការបញ្ជូនបន្តតាំងពីសម័យ​ក្រុម​គ្រីស្តទូតមករហូត​មក​ដល់​សព្វ​ថ្ងៃ តាំងពីសម័យព្រះយេស៊ូ ព្រះអង្គបានជ្រើសរើសសន្តសិលា ព្រះអង្គនៅតែបន្តជ្រើស​រើស​ក្រុមសា​វ័ក ឬ​ក្រុមគ្រីស្តទូត ដើម្បីទៅប្រកាស​ដំណឹង​ល្អ។

យើងឃើញ នៅក្នុងអត្ថបទព្រះគម្ពីរដំណឹងល្អទាំង១២នាក់នេះ គឺជាតំណាងឱ្យគ្រប់ជាតិ​គ្រប់​សាសន៍​តែ​ម្តង​។ តំណាងឱ្យអ្នកជំនាញនិយម អ្នកប្រកាសដំណឹងល្អ ដែលមានមុខងារតួនាទីផ្សេងៗពីគ្នា រហូត​ដល់​ចុង​ក្រោយ យើងឃើញលោកយូដាស អ៊ីស្ការីយ៉ុត ជាអ្នកកាន់ហរិញ្ញវត្ថុ ហើយ​គាត់​សម្លាប់​លោក​គ្រូ​របស់​គាត់ គឺព្រះយេស៊ូ ដោយលក់ព្រះអង្គ សម្លាប់​ព្រះអង្គ​ដោយសារលុយ។ គាត់នៅជាមួយព្រះយេស៊ូ ៣-៤ ឆ្នាំ ទទួលបានអ្វីៗជាច្រើន ទាំង​ព្រះ​អំ​ណោ​យ​ទាន ចុងក្រោយ យូដាស អ៊ីស្ការីយ៉ុតមិនចេះ អរព្រះគុណ​ព្រះ​ជាម្ចាស់ទេ បែរជាលក់គ្រូរបស់ខ្លួនទៅវិញ។ សេចក្តីស្លាប់ដែលលោកយូដាស អ៊ីស្ការីយ៉ុតមាន គឺជា​សេចក្តីស្លាប់ដោយអាម៉ាស់ គឺជាសេចក្តីស្លាប់​ដែល​ពិបាកនឹងទទួលបានការសង្គ្រោះ។

បងប្អូនជាទីស្រឡាញ់ យើងម្នាក់ៗទទួលការត្រាស់ហៅពីព្រះយេស៊ូ ដើ​ម្បី​​ឱ្យ​ទៅប្រកាសដំណឹងល្អ។ ព្រះ​ជា​ម្ចាស់បានត្រាស់ហៅយើងឱ្យក្លាយទៅជាបូជាចារ្យ ​​ ជាបុព្វជិត បុព្វជិតា បងប្រុស បងស្រី ​ជា​គ្រ​ហ​ស្ថ ជា​គណៈកម្មការ ដើម្បីទៅបំពេញបេសកកម្មក្នុងការប្រកាសដំណឹងល្អ ឱ្យគេបានស្គាល់ព្រះយេស៊ូ។

តែទោះជាយ៉ាងណាក៏ដោយ យើងគប្បីត្រូវដឹងគុណ ត្រូវអរព្រះគុណព្រះជាម្ចាស់ដែលព្រះអង្គ​បាន​ត្រាស់​ហៅ​ខ្ញុំ​។ ទោះបីទៅប្រកាសដំណឹងល្អពីកន្លែងមួយទៅកន្លែងមួយជួបឧបសគ្គ ឬក្នុងជីវិតរបស់បូជាចារ្យ បងស្រី ឬបុព្វជិត បុព្វជិតារស់នៅក្នុងព្រះសហគមន៍មួយ គេមើលងាយ គេទទួលស្វាគមន៍ គេមិន​ទទួល​ស្វាគមន៍ គេជេរ គេប្រមាថ គេចង់សម្លាប់ ក៏ប៉ុន្តែព្រះវិញ្ញាណដ៏វិសុទ្ធនៅតែចាំតាមការពារ ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ​នៅតែផ្តល់កម្លាំង ព្រះវិញ្ញាណដ៏វិសុទ្ធនៅតែផ្តល់សក្ខីភាពឱ្យយើងជាឧបករណ៍របស់ព្រះអង្គ នៅតែ​មាន​កម្លាំងក្នុងការប្រកាសដំណឹងល្អ។ ទោះបីត្រូវគេជេរ ទោះបីត្រូវគេសម្លាប់ ទោះបីត្រូវគេបង្ខូចឈ្មោះ ទោះបីត្រូវគេស្ដោះទឹកមាត់ដាក់ ទោះបីមានម្ហូបអាហារ ឬអត់ម្ហូបអាហារ យើងនៅតែមាន​អំណរ​សប្បាយ​ក្នុង​ការប្រកាសដំណឹងល្អ។

ចំណុចចុងក្រោយ គឺបទពិសោធន៍របស់ក្រុមគ្រីស្តទូតទាំង ១១ នាក់ ដកលោកយូដាស អ៊ីស្ការីយ៉ុត ចេញ ទាំង១១ នាក់ គេទៅប្រកាសដំណឹងល្អតាមកន្លែងផ្សេងៗ អ្នកខ្លះត្រូវគេកាត់ក អ្នកខ្លះត្រូវគេឆ្កាង អ្នកខ្លះ​ត្រូវ​គេសម្លាប់ដោយអយុត្តិធម៌ ក៏ប៉ុន្តែសក្ខីភាពរបស់ពួកគាត់ នាំឱ្យយើងជាមនុស្សជំនាន់ក្រោយ ចង់​ថ្វាយ​ខ្លួន​ដូចពួកគាត់ដែរ។

សូមយុវជន យុវនារី ស្តាប់ការត្រាស់ហៅ និងថ្វាយខ្លួន បើកចិត្តដើម្បីទទួលការសង្គ្រោះ បើក​ចិត្ត​ដើម្បី​ស្តាប់​ការត្រាស់ហៅរបស់ព្រះអង្គ ហើយខ្ញុំ ឬបងប្អូន សូមនិយាយថា "បាទ" ឬ "ចា៎" ខ្ញុំយល់ព្រម និង​ខ្ញុំ​ចង់​ធ្វើជាក្រុមគ្រីស្តទូត ដូចក្រុមគ្រីស្តទូតទាំង ១២ នាក់ដែរ។ អាម៉ែន៕

 

Daily Program

Livesteam thumbnail