ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥ អត្ថបទគម្ពីរ (យ៉ូហាន ១៤,៧-១៤) អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ អ៊ុន សុន

មុននិងចាប់ផ្តើមខ្ញុំមានសារមួយរបស់សម្តេចប៉ាបហ្វ្រង់ស៊ីស្កូ ដែលទើបនឹងទទួលមរណៈភាព សាររបស់លោកមានខ្លឹមសារដូចនេះថា ជីវិតរបស់យើងពិតជាសំខាន់ គឺអំពីធម្មជាតិទឹកទន្លេមិនផឹកខ្លួនឯងទេ ដើមឈើក៏មិនទទួលទានផលផ្លែខ្លួនឯងដែរ អំពីព្រះអាទិត្យក៏មិនបញ្ជេញរស្មីសម្រាប់ខ្លួនឯងដែរ រីឯផ្កាមានក្លិនក្រអូបក៏មិនស្រង់យកក្លិនក្រអូបខ្លួនដែរ។
សេចក្តីនេះសឱ្យឃើញថាជីវិតរបស់យើងមានសារៈសំខាន់ ជីវិតយើងកើតមកសម្រាប់អ្នកដទៃ ដូចទៅនិងធម្មជាតិដែលមិនទទួលផលប្រយោជន៍សម្រាប់ខ្លួនដែរ។ ពេលយើងធ្វើកិច្ចការចែកមេត្តាករុណា ចែកក្តីស្រឡាញ់ ចែកការលើកលែងទោសដល់បងប្អូនឯទៀតៗ នឹងធ្វើឱ្យបងប្អូនទទួលសេចក្តីស្រឡាញ់ ធ្វើឱ្យបងប្អូនទទួលអំណរសប្បាយ។
ជាងនេះទៅទៀតនៅពេលដែលយើងឃើញបងប្អូនទាំងនោះបានទទួល យើងរឹតតែទទួលអំណរសប្បាយនោះដោយលើសលប់ ព្រោះបងប្អូនបានទទួលការស្រឡាញ់ ការរាប់អាន ការអាណិតអាសូរនឹងការលើកលែងទោស ទាំងនេះធ្វើឱ្យយើងឃើញថា យើងមានអំណរសប្បាយនៅពេលដែលឃើញស្នាមញញឹម និងឃើញបងប្អូនដែលបានទទួល។
ខ្ញុំត្រឡប់មកព្រះបន្ទូលដំណឹងល្អថ្ងៃនេះព្រះយេស៊ូមានព្រះបន្ទូលថា អ្នកបានស្គាល់ខ្ញុំដូចអ្នកបានស្គាល់ព្រះជាម្ចាស់! បានឃើញខ្ញុំដូចជាបានឃើញព្រះជាម្ចាស់! សេចក្តីនេះធ្វើឱ្យសាវ័កទាំងឡាយចង់ឃើញ គេចង់ជួបព្រះយេស៊ូ! ព្រះអង្គបានប្រាប់គេថា ពេលណាបងប្អូនបានស្តាប់ខ្ញុំ បានឃើញខ្ញុំ បានជួបខ្ញុំ គឺជាព្រះបិតាដែលបងប្អូនបានជួប។ សេចក្តីទាំងប៉ុន្មានដែលព្រះយេស៊ូបានបង្រៀន សេចក្តីទាំងប៉ុន្មានដែលព្រះយេស៊ូធ្វើគឺព្រះអង្គធ្វើក្នុងនាមព្រះបិតារបស់ព្រះអង្គ។
ចំពោះយើងនៅក្នុងបរិបទនៃបុណ្យចម្លងនេះ ព្រះយេស៊ូមានព្រះជន្មរស់ឡើងវិញយើងឃើញថាជំនឿតែមួយ ពិធីជ្រមុជទឹកដែលយើងបានទទួលគឺធ្វើឱ្យយើងកើតជាថ្មី ធ្វើឱ្យយើងទទួលព្រះវិញ្ញាណដ៏វិសុទ្ធដែលណែនាំឱ្យយើងទទួលបេសកកម្ម គឺកិច្ចការដែលធ្វើឱ្យមនុស្សលោកស្គាល់ព្រះជាម្ចាស់ ធ្វើឱ្យមនុស្សលោកវិលមករកព្រះជាម្ចាស់! ធ្វើឱ្យមនុស្សលោកស្រឡាញ់ព្រះជាម្ចាស់ដែលបានបង្កើតខ្លួន ដែលបានផ្តល់ជីវិតឱ្យខ្លួន។
សូមអរព្រះគុណព្រះជាម្ចាស់នូវរាល់កិច្ចការដែលយើងបានធ្វើ គឺជាកិច្ចការដែលបង្ហាញពីសេចក្តីស្រឡាញ់ដោយព្រះយេស៊ូមានព្រះជន្មរស់ឡើងវិញ។ សូមព្រះអង្គប្រទានពរឱ្យយើងមានជីវិតថ្មីរួមជាមួយព្រះអង្គ ព្រមទាំងកិច្ចការដែលយើងធ្វើគឺធ្វើក្នុងនាមព្រះគ្រីស្ត។ អាម៉ែន៕
Daily Program
