ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៦អត្ថបទគម្ពីរ យ៉ូហាន ១៥,១២-១៧អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ ផាន បូរី
អត្ថបទព្រះគម្ពីរដំណឹងល្អនៅក្នុងថ្ងៃនេះ ព្រះយេស៊ូមានព្រះបន្ទូលថា ត្រូវស្រលាញ់គ្នាទៅវិញទៅមក ដូចខ្ញុំបានស្រលាញ់អ្នករាល់គ្នាដែរ។ ព្រះយេស៊ូបានបង្រៀនឲ្យយើងស្រលាញ់ ពាក្យស្រលាញ់មានអត្ថន័យជ្រៅសម្រាប់ជីវិតរបស់យើងម្នាក់ៗ។ ហេតុនេះព្រះយេស៊ូចង់ឲ្យមនុស្សទាំងអស់រស់នៅដោយសុខដុមរមនា ព្រះយេស៊ូចង់ឲ្យមនុស្សទាំងអស់ហ្នឹងរស់នៅដោយមានសេចក្ដីសុខសាន្ត ព្រះយេស៊ូចង់ឲ្យមនុស្សទាំងអស់រស់នៅដោយចេះអធ្យាស្រ័យ មានសុភវិនិច្ឆ័យ ត្រិះរិះពិចារណាថាអ្វីដែលគួរធ្វើ អ្វីដែលមិនគួរធ្វើ គួរជៀសវាង និងអ្វីដែលគួរទទួលយក នេះជាអ្វីដែលព្រះយេស៊ូបានណែនាំយើង។
ប៉ុន្តែមានពេលខ្លះ មនុស្សយើងអត់យល់ព្រមធ្វើតាមព្រះបន្ទូលរបស់ព្រះអង្គទេ ដែលបណ្ដាលឲ្យពិភពលោករបស់យើងនេះ មានបញ្ហា មានសង្គ្រាម មានអំពើហិង្សា មានអំពើឆក់ប្លន់ មានការកាប់សម្លាប់ មានការប្រើប្រាស់គ្រឿងញៀន មានសេចក្ដីផ្សេងៗទៀតជាច្រើន ដែលមនុស្សលោកកំពុងតែជួបប្រទះនេះផងដែរ។ ប្រសិនបើមនុស្សលោកចេះយកព្រះបន្ទូលរបស់ព្រះយេស៊ូទៅអនុវត្តន៍នៅក្នុងជីវិតប្រចាំថ្ងៃ នោះពិភពលោកនោះសង្គមមនុស្ស នឹងរស់នៅដោយសុខដុមរមនា ចេះលើកលែងទោស ចេះអធ្យាស្រ័យ និងចេះជួយគ្នាទៅវិញទៅមក។ ផ្ទុយទៅវិញ យើងបានធ្វើខុស ហើយយើងមិនបានស្ដាប់តាមព្រះបន្ទូលរបស់ព្រះអង្គទេ ដែលនាំឲ្យពិភពលោករបស់យើងនេះ មានភាពច្របូកច្របល់ ឬមានភាពខ្វះខាតជាច្រើន។
យ៉ាងណាមិញដោយសារខ្វះសេចក្ដីស្រលាញ់នេះ ដូចនៅក្នុងក្រុមគ្រួសារ នាំឲ្យមានអំពើផិតក្បត់ប្ដីប្រពន្ធ ។ យុវជនសព្វថ្ងៃនេះជួនកាលគេអត់មានសេចក្ដីស្រលាញ់ត្រឹមត្រូវ នាំឲ្យគូគេ កាប់ចាក់គ្នា មានបងតូចបងធំ កាចសាហាវ ដែលនាំឲ្យភ័យខ្លាច។ បងប្អូនជាទីស្រលាញ់ ទោះបីយើងមិនកាន់តាម គ្រីស្តសាសនា ឬសាសនាផ្សេងក៏ដោយ យើងក៏បីត្រូវតែមានសេចក្ដីស្រលាញ់ ហើយជាគ្រីស្តបរិស័ទ ត្រូវតែយកព្រះបន្ទូលរបស់ព្រះយេស៊ូ ព្រះបន្ទូលនៅក្នុងថ្ងៃនេះ គឺត្រូវស្រលាញ់គ្នាទៅវិញទៅមក ដូចខ្ញុំបានស្រលាញ់អ្នករាល់គ្នាជារឹសគល់ នៃធម៌វិន័យដែលព្រះយេស៊ូចង់ឲ្យយើងធ្វើ។
ម្នាលគ្រីស្តបរិស័ទ យើងត្រូវគប្បីធ្វើតាមព្រះបន្ទូលរបស់ព្រះអង្គជាដរាបរាល់ ទោះបីបង្ហាញសេចក្ដីស្រលាញ់ ឬប្រតិបត្តិតាមសេចក្ដីស្រលាញ់ចំពោះបុគ្គលណាមួយ ដែលយើងមិនសូវស្រលាញ់ ក៏ប៉ុន្តែ សូមឲ្យយើងព្យាយាម យ៉ាងស្មោះអស់ពីចិត្តដើម្បីបង្ហាញសេចក្ដីស្រលាញ់ និងរៀនរស់នៅដោយយកព្រះបន្ទូលរបស់ព្រះយេស៊ូជាទីពឹង អាម៉ែន។
