ឥណ្ឌារ៉ា គន្ធី ស្រ្តីដែកថែបរបស់ឥណ្ឌា
លោកស្រីឥណ្ឌារ៉ា ព្រីយាដាស្ហ៊ីនី គន្ធី កើតនៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ១៩១៧ និងទទួលមរណភាពដោយត្រូវគេលួចធ្វើឃាតនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ១៩៨៤។ លោកស្រីឥណ្ឌារ៉ា គន្ធី គឺជារដ្ឋស្រ្តីរបស់ប្រទេសឥណ្ឌា។ លោកស្រីធ្វើជានាយករដ្ឋមន្រ្តីឥណ្ឌាពីឆ្នាំ១៩៦៦ ដល់ ឆ្នាំ ១៩៧៧ និងពីឆ្នាំ១៩៨០ រហូតដល់ថ្ងៃមរណភាពនៅឆ្នាំ១៩៨៤។
លោកស្រីឥណ្ឌារ៉ា គន្ធី គឺជាកូនស្រីតែម្នាក់របស់នាយករដ្ឋមន្រ្តី ចាវ៉ាហាកឡាល់ ណេរុ។ លោកស្រីគឺជាឥស្សរជនដ៏សំខាន់នៃសភាខនហ្គ្រេស ឥណ្ឌា និងនៅក្នុងនយោបាយឥណ្ឌានាពាក់កណ្តាលទី២ នៃសតវត្សទី២០ ហើយអណត្តិរបស់លោកស្រីជាប្រមុខរដ្ឋាភិបាលឥណ្ឌា ត្រូវបានកត់សម្គាល់ដោយការធ្វើមជ្ឈការយ៉ាងខ្លាំងនៃអំណាចកណ្តាល។ លោកស្រីឥណ្ឌារ៉ា គន្ធី បានដឹកនាំសង្រ្គាមឥណ្ឌា ប៉ាគីស្ថានលើកទី៣ និងអភិវឌ្ឍកម្មវិធីអាវុធនុយក្លេអ៊ែរឥណ្ឌា ព្រមទាំងបង្កើនឥទ្ធិពលរបស់ឥណ្ឌាលើតំបន់អាស៊ីខាងត្បូងផង។ រដ្ឋាភិបាលរបស់លោកស្រីបានដឹកនាំការប្រកាសបដិវត្តន៍បៃតង និងការធ្វើជាតូបនីយកម្មលើធនាគារ និងវិស័យឧស្សាហកម្មសំខាន់ៗ។
បរាជ័យនៅឆ្នាំ១៩៧៧ ក្នុងការបោះឆ្នោតសភាឥណ្ឌា លោកស្រីឥណ្ឌារ៉ា គន្ធី បានក្លាយជានាយករដ្ឋមន្ត្រីម្តងទៀត បន្ទាប់ពីការបោះឆ្នោតសភានៅឆ្នាំ១៩៨០។ ប៉ុន្តែ លោកស្រីត្រូវបានគេធ្វើឃាតនៅឆ្នាំ១៩៨៤ ដោយអង្គរក្សស៊ិកសាសនិក របស់លោកស្រី ជាការសងសឹក ដែលលោកស្រីបានបញ្ជាធ្វើប្រតិបត្តិការបង្រ្កាប នៅសង្រ្គាមប្ល៊ូស្តារ (Blue Star) ដែលជាប្រតិបត្តិការយោធាប្រឆាំងនឹងវិហារ មាស ដែលជាទីសក្ការៈដ៏ពិសិដ្ឋបំផុតរបស់សាសនាស៊ិក។ លោកហេនរី គីស៊ីងជឺ មន្រ្តីការទូតអាម៉េរិក បានពិពណ៌នាលោកស្រីឥណ្ឌារ៉ា គន្ធី ថា ជា ស្ត្រីដែកថែប ដែលជាឈ្មោះហៅក្រៅដែលភ្ជាប់ជាមួយនឹងបុគ្គលិកលក្ខណៈរបស់លោកស្រី។
នៅពេលឡើងជានាយករដ្ឋមន្រ្តី ស្ថានភាពលំបាកដំបូងដែលលោកស្រីឥណ្ឌារ៉ា គន្ធី ប្រឈមមុខគឺគ្រោះទុរភិរ្សដែលគំរាមកំហែងឥណ្ឌា។ លោកស្រីបានទៅជួបប្រធានាធិបតីអាម៉េរិក លីនដុន ប៊ី ចនស៊ុន នៅសហរដ្ឋអាម៉េរិកដើម្បីទទួលបានជំនួយចំណីអាហារ ប៉ុន្តែលោកស្រី បញ្ជាក់លើការបដិសេធមិនព្រមទទួលសម្ពាធណាមួយពីសហរដ្ឋអាម៉េរិក ដែលប៉ះពាល់លើបន្ទាត់នយោបាយរបស់ឥណ្ឌា។ លោកស្រីបានបង្ហាញការរិះគន់ចំពោះសង្គ្រាមវៀតណាម។ ដោយមានឆន្ទៈរឹងមាំក្នុងការបដិសេធមិនពឹងផ្អែកលើអំណាចបរទេសណាមួយ និងធានាឲ្យប្រទេសរបស់លោកស្រីមានសមត្ថភាពផ្គត់ផ្គង់អាហារដោយខ្លួនឯង លោកស្រីបានដឹកនាំបដិវត្តបៃតង ដោយមានការណែនាំរបស់លោកអេម អេស ស្វាមីណាថា ដែលជាសាស្រ្តាចារ្យហ្ស៉ែន និងក្សេត្រសាស្រ្តរបស់ឥណ្ឌា។
លោកស្រីឥណ្ឌារ៉ា គន្ធី បញ្ជាក់អំពីសេចក្តីថ្លែងការណ៍តាចខេន ដែលចុះហត្ថលេខាដោយមេដឹកនាំមុន និងដើរតាមនយោបាយណេរុនៃការមិនចូលបក្សសម្ព័ន្ធ ដែលលោកស្រីគឺជាអ្នកតំណាងម្នាក់ ទន្ទឹមនឹង លោកណាស៊ែ ប្រធានាធិបតីអេហ្ស៊ីប និងលោកទីតូ ប្រធានាធិបតីយូហ្គោស្លាវី។ ជាការអនុវត្ត លោកស្រីឥណ្ឌារ៉ា គន្ធី បានចុះហត្ថលេខានៅថ្ងៃទី៩ ខែសីហា ជាមួយសហភាពសូវៀតនូវសន្ធិសញ្ញាមិត្តភាព សន្តិភាព និងសហប្រតិបត្តិការ ទោះបីវាមិនមែនជាសន្ធិសញ្ញាយោធា វាក៏មានគោលដៅទប់ទល់ការខិតជិតគ្នារវាងចិន និងប៉ាគីស្ថាន ជាមួយប្រធានាធិបតីសហរដ្ឋអាម៉េរិក រីឆាត នីស៊ុន។
នៅឆ្នាំ១៩៧១ លោកស្រីឥណ្ឌារ៉ា គន្ធី បានដឹកនាំសង្រ្គាមប្រឆាំងនឹងប៉ាគីស្ថានគាំទ្រអ្នកនិយមឯករាជ្យនៅតំបន់បឹងហ្គាល់បូព៌ា ដែលប្រមូលផ្តុំនៅជុំវិញរណសិរ្យ អាវ៉ាមី របស់លោកមូជីបៀ រ៉ាម៉ាន ដែលឈានទៅដល់ការប្រកាសឯករាជ្យរបស់បង់ក្លាដេស។ កិច្ចព្រមព្រៀងស្ហ៊ីមឡា នៅឆ្នាំ១៩៧២ ដែលចុះហត្ថលេខាជាមួយប្រធានាធិបតីប៉ាគីស្ថាន ហ្ស៊ូលហ្វ៊ីកា អាលី ប៊ូតតូ បានបញ្ជាក់អំពីឥទ្ធិពលគ្របដណ្តប់របស់ឥណ្ឌានៅក្នុងតំបន់ នៅខណៈដែលលោកស្រីឥណ្ឌារ៉ា គន្ធី ក៏ធ្វើឲ្យឥណ្ឌាក្លាយជាអំណាចនុយក្លេអ៊ែរផងដែរនៅឆ្នាំ១៩៧៤។