អូចូឌៃ អធិរាជដាក់ដំណើរការប្រព័ន្ធគ្រប់គ្រងចក្រភពម៉ុងហ្គោលីដ៏ធំធេងមហិមា

អូចូឌៃ ប្រសូតនៅប្រមាណឆ្នាំ១១៨៦ និងសោយទីវង្គត់នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ១២៤១។ អូចូឌៃគឺអធិរាជម៉ុងហ្គោលទី២ ពីឆ្នាំ១២២៧ ដល់ឆ្នាំ១២៤១។
អធិរាជអូចូឌៃគឺជាកូនប្រុសទី៣ នៃព្រះចៅអធិរាជ ហ្ស៉ង់ហ្ស៉ីសខាន់ និងព្រះមហេសី ប័រតេ។
នៅឆ្នាំ១២១១ អូចូឌៃ បានចូលរួមយុទ្ធនាការដំបូងនៃការលុកលុយរបស់ម៉ុងហ្គោលនៅប្រទេសចិន។ នៅឆ្នាំ១២១៣ ព្រះអង្គដឹកនាំសាខាយោធាម៉ុងហ្គោខាងលិចប្រឆាំងនឹងជនជាតិឃីតាន។ ហើយនៅចន្លោះឆ្នាំ១២១៨ ១២១៩ ព្រះអង្គអូចូឌៃ ចូលរួមការលុកលុយរបស់ម៉ុងហ្គោលទៅលើចក្រភពខ្វារ៉េហ្សមីញៀន។
ព្រះអង្គអូចូឌៃ គឺជាជម្រើសដ៏ពេញចិត្តរបស់ព្រះអធិរាជហ្ស៉ងហ្ស៊ីស ខាន់ នៅពេលនៅរស់ និងត្រូវបានអនុម័តដោយសភានៃជនជាតិម៉ុងហ្គោល។
ព្រះអង្គអូចូឌៃសម្រេចចិត្តយកនាមថា ខាហ្គាន ដែលមាននៃន័យថា ស្តេចលើស្តេច ដើម្បីដឹកនាំចក្រភពម៉ុងហ្គោលី។ ការស្តារនាមនេះ នៅយុគសម័យនោះ គឺជាពេលដែលអធិរាជអូចូឌៃ ត្រៀមរៀបចំការប្រយុទ្ធផ្តាច់ព្រ័ត្យដើម្បីដណ្តើមយកទឹកដីចិនពីរាជ្យវង្សជីន។
នៅឆ្នាំ១២៣០ ការលុកលុយរបស់ម៉ុងហ្គោលលើកូរ៉េទទួលបញ្ជាពីអធិរាជអូចូឌៃ និងឈានទៅដល់ធ្វើឲ្យរាជ្យវង្សកូរ៉េ ហ្គ័រយីអូ ចុះចាញ់នៅឆ្នាំ១២៣១។ ទន្ទឹមគ្នានេះ នៅភាគខាងលិចរបស់ចក្រភពម៉ុងហ្គោលី ទាហានម៉ុងហ្គោលក៏អាចកំទេចមូលដ្ឋានបះបោរចុងក្រោយរបស់ចក្រភពខ្វារ៉េហ្សមីញៀន នៅឆ្នាំ១២៣០ និងធានាការគ្រប់គ្រងដែនដីដែលដណ្តើមបាននៅអាស៊ីកណ្តាល។ នៅឆ្នាំ១២៣៣ ការលុកលុយរបស់ម៉ុងហ្គោនៅប្រទេសចិនបន្ត។ កងពលទូម៉េន ដែលមានទាហាន ១០០០០នាក់ ដណ្តើមបានដែនដីរុស្ស៊ីចុងបូព៌ាសព្វថ្ងៃ និងធ្វើឲ្យជនជាតិជៀចិន ដែលស្ថិតនៅភាគខាងបូព៌ានៃដែនដីរាជ្យវង្សជីន ចុះចាញ់។
បន្ទាប់ពីដណ្តើមបានរាជធានីជីជូ រាជ្យវង្សជីន បានបញ្ចប់ ហើយដែនដីចិនត្រូវបញ្ចូលជា ដែនដីម៉ុងហ្គោលី ការច្បាំងដណ្តើមទឹកដីបានបន្តទៅភាគខាងត្បូង និងដាក់សំពាធលើរាជ្យវង្សសុង។
នៅឆ្នាំ១២៣៥ អធិរាជអូចូឌៃ បានប្រជុំសភាម៉ុងហ្គោថ្មីដើម្បីកំណត់គោលដៅនៃការលុកលុយច្បាំងដណ្តើមទឹកដីបន្ត។ ព្រះអង្គសម្រេចបន្តការលុកលុយទៅកាន់អឺរ៉ុប។ ចាប់តាំងពីឆ្នាំ១២៣៦ ការវាយប្រហារដែលដឹកនាំដោយបងប្អូនជីដូនមួយរបស់ព្រះអង្គ ឧត្តមសេនីយ៍បាទូ ប្រមូលផ្តុំលើតំបន់ដែនដីប៊ុលហ្គារី ស្ថិតខាងលិចសមុទ្រខ្មៅ។
ការច្បាំងដណ្តើមទឹកដីបានបន្តរហូតដល់ចាប់បានទីក្រុងគៀវ នៅឆ្នាំ១២៤០ បន្ទាប់មការលុកលុកប៉ូឡូញ និងហុងគ្រី នៅឆ្នាំ១២៤១។ ប៉ុន្តែការប្រយុទ្ធបានឈប់ដោយសារការចូលទីវង្គត់របស់អធិរាជអូចូឌៃ នៅខែធ្នូ ឆ្នាំ១២៤១។
ស្ថិរភាពនៃចក្រភពម៉ុងហ្គោលីស្ថិតនៅលើសមត្ថភាពរបស់អធិរាជអូចូឌៃក្នុងការធានានូវធនធាន និងគ្រឿងសព្វាវុធសម្រាប់សង្រ្គាម។ អ្នកកត់ត្រាប្រវត្តិសាស្រ្ត រំឭកអំពីការចាត់ចែងរបស់មហាអធិរាជដើម្បីបែងចែកនូវបរិមាណដ៏ច្រើនសម្បើមនៃធនធានដើម្បីធានានូវកិត្តិនាម និងភាពសមស្របតាមច្បាប់របស់ព្រះអង្គ។
នៅឆ្នាំ១២៣៥ អធិរាជអូចូឌៃ ដាក់ឲ្យដំណើរការនូវប្រព័ន្ធប៉ុស្តនាំសារដ៏មានប្រសិទ្ធភាពនៅក្នុងចក្រភពដ៏ធំមហិមនារបស់ម៉ុងហ្គោលី ដែលប៉ុស្តយាមឃ្លាតគ្នា ៤០គម ពីមួយទៅមួយ។ ប្រព័ន្ធនេះអាចអនុញ្ញាតឲ្យអ្នកនាំសារអាចនាំចម្ងាយពីរវាង ៣៥០គម ទៅ ៤០០គម ក្នុងមួយថ្ងៃដោយសារការដូរសេះនៅតាមប៉ុស្តនីមួយៗ។
អធិរាជអូចូឌៃចូលទីវង្គត់នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ១២៤១។ ការសោយទីវង្គត់របស់ព្រះអង្គកាត់ផ្តាច់ការរុលទៅមុខរបស់ទាហានម៉ុងហ្គោនៅអឺរ៉ុប។
Daily Program
