អូគូបូ តូស្ហ៊ីមីជី បុគ្គលដែលមានឥទ្ធិពលបំផុតនៅសម័យបដិវត្តម៉ីជីនៅជប៉ុន

អូគូបូ តូស្ហ៊ីមីជី គឺជារដ្ឋបុរសជប៉ុន និងជាអតីតសាម៉ឺរ៉ៃនៃដែនដីដ៏មានឥទ្ធិពល សាតស៊ូម៉ា នៅ​ភាគខាងត្បូង ប្រទេសជប៉ុន​។ លោកគឺជាវរជនមួយរូបនៃបដិវត្តន៍ឆ្នាំ១៨៦៨ ប្រឆាំង​នឹង​រដ្ឋាភិបាលស្ហ៉ូហ្គុន។ ដោយត្រូវបានចាត់ទុកជា​ស្ថាបនិកម្នាក់ដ៏សំខាន់នៃប្រទេសជប៉ុនទំនើប លោក​អូគូបូ តូស្ហ៊ីមីជី ស្ថិតនៅក្នុងចំណោមឥស្សរជនបីរូបល្បីល្បាញបំផុត​នៃសម័យកាល​បដិវត្តន៍​​ម៉ីជីជប៉ុន។  

ជាកូនប្រុសរបស់អូគូបូ ហ្ស៉ឺម៉ូន អ្នកបម្រើនៃលោកម្ចាស់ដី ស្ហ៊ីម៉ាហ្ស៊ូ ណារីយ៉ាគីរ៉ា​ នៃដែនដី​សាតស៊ូម៉ា ភាគខាងត្បូងជប៉ុន លោកអូគូបូ តូស្ហ៊ីមីជី បានចាប់កំណើតនៅខេត្តសាតស៊ូម៉ា ដែល​សព្វថ្ងៃ​​គឺ​ជា​ខេត្តកាហ្គ៉ូស្ហ៊ីម៉ា។

នៅថ្ងៃទី៣ ខែមករា ឆ្នាំ១៨៦៨ ជាការប្រកាសបដិវត្តន៍ម៉ីជី។ ឥស្សរជនកំពូលទាំងបី នៃ​យុគ​សម័យ​ម៉ឺជី ដែលមាន លោកអូគូបូ តូស្ហ៊ីមីជី លោកសៃហ្គូ និងលោកគីដូ បានបង្កើត​រដ្ឋាភិបាល​ថ្មី​​បណ្តោះអាសន្ន។

នៅឆ្នាំ១៨៧១ ក្នុងនាមជារដ្ឋមន្រ្តីហិរញ្ញវត្ថុ លោកអូគូបូ តូស្ហ៊ីមីជី បានដាក់ឲ្យដំណើរ​ការ​នូវ​កំណែ​ទម្រង់ពន្ធ​ដីធ្លី។ នៅកម្រិតទំនាក់ទំនងអន្តរជាតិ លោកអូគូបូ បានធ្វើការដើម្បីត្រួត​ពិនិត្យ​ឡើង​វិញ​នូវ​សន្ធិសញ្ញា​មិន​យុត្តិធម៌​ទាំងឡាយ ដែលត្រូវបានដាក់លើជប៉ុនចាប់តាំងពី​ការ​បើក​ប្រទេស ហើយលោកអូគូបូក៏​បានចូលរួមក្នុងបេសកកម្ម​អ៊ីវ៉ាគូរ៉ា​ គឺធ្វើដំណើរនៅជុំវិញ​ពិភពលោក​​ពី​ឆ្នាំ​១៨៧១ ដល់ឆ្នាំ១៨៧៣។ នេះជាបេសកកម្ម​ដើម្បីពិនិត្យមើលលើវិស័យ​វិទ្យាសាស្រ្ត និងសង្គម នៃ​ប្រទេសរីកចម្រើនទំនើបៗ នៅ​​សម័យ​នោះ។

លោកអូគូបូ តូស្ហ៊ីមីជី ត្រឡប់មកជប៉ុនវិញនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ១៨៧៣ ទាន់ពេលវេលា​ដើម្បី​រារាំង​ការ​ឈ្លានពាន​កូរ៉េ ដែលលើកតម្កើងសកម្មភាពនេះដោយលោកសៃហ្គូ តាកាម៉ូរី។ នៅឆ្នាំ១៨៧៤ លោកបាន​បង្រ្កាប​ការបះបោរ​សាហ្គា ដែលដឹកនាំដោយអតីតរដ្ឋមន្រ្តីយុត្តិធម៌ អេតូ ស្ហ៊ីមប៉ៃ។ ដោយត្រូវ​បាន​តែងតាំងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោកអូគូបូ​មានអំណាច​ច្រើន​​ដោយសារ​លោក​គ្រប់គ្រង​ប៉ូលីស និងការតែងតាំងរដ្ឋាភិបាលតំបន់។ លោកក៏យក​ប្រយោជន៍​ពីអំណាច​នេះ​ដើម្បី​លើក​កម្ពស់ការអភិវឌ្ឍឧស្សាហកម្មជាតិ។ លោកអូគូបូ បាន​ចូល​រួម​ក្នុងសន្និសីទអូសាកា នៅ​ឆ្នាំ​១៨៧៥ នៅក្នុងក្តីសង្ឃឹមនឹងផ្សះផ្សាររវាង​សមាជិកនៃក្រុម​ឧកញ៉ា​នៃយុគសម័យម៉ឺជី។

នៅឆ្នាំ១៨៧៧ ការបះបោរសាតស៊ូម៉ា បានផ្ទុះឡើង ដែលដឹកនាំដោយ​សៃហ្គូ។ ក្រុមអ្នក​បះបោរ​​សាតស៊ូម៉ា បានប្រយុទ្ធប្រឆាំងនឹងទាហានរៀបរយរបស់រដ្ឋាភិបាល​ដែលបញ្ជាដោយ​រដ្ឋ​​​មន្រ្តី​ក្រសួងមហាផ្ទៃ លោកអូគូបូ។ បន្ទាប់ពីការបរាជ័យនៃដែនដីសាតស៊ូម៉ា លោកអូគូបូ ត្រូវ​​បានចាត់ទុកជាជនក្បត់ដែនដីកំណើតរបស់លោក និងដោយអតីតសាម៉ឺរ៉ៃចាស់ៗ ជាច្រើន។ នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ១៨៧៨ លោកត្រូវបានធ្វើឃាត ដោយ​ស្ហ៊ីម៉ាដា អ៊ីជីរ៉ូ និង​សាមឺរ៉ៃ ៦នាក់ ទៀតនៃដែនដីសាតស៊ូម៉ា នៅខណៈដែលលោកវិលត្រឡប់មកទីក្រុងតូក្យូ។

លោកអូគូបូ គឺជាអ្នកនាំមក ដ៏មានឥទ្ធិពលបំផុតនៃយុគសម័យបដិវត្តន៍ម៉ីជី។ លោកដាក់ឲ្យ​ដំណើរ​ការនូវរចនាសម្ព័ន្ធរដ្ឋាភិបាលទំនើប ទោះបីជាមានរយៈពេលខ្លី ក៏នៅពេលវេលានោះ លោក​​អូគូបូ គឺជាបុគ្គលដែលមានអំណាចបំផុតនៅជប៉ុន។ ជាអ្នកស្មោះត្រ​ង់ និងជាតិនិយម​ដែល​មានការលះបង់ លោកត្រូវបានទទួលការគោរព​ពីសហការីរបស់លោក ក៏ដូចជាសត្រូវ​របស់​លោកផងដែរ។

នៅក្នុងសង្គមប្រជាប្រិយ ដោយដើរតួដោយតារាសម្តែងជប៉ុន លោកអារ៉ាតា អ៊ីអ៊ូរ៉ា លោក​លោកអូគូបូ តូស្ហ៊ីមីជី បានលេចមុខនៅក្នុងរឿងភាគ Last Samurai Standing  ឬសាមឺរ៉ៃ​នៅ​សល់​​ចុង​ក្រោយ  ដែលផលិតដោយក្រុមហ៊ុន ណេតហ្វ្លិក (Netflix)។

 

Daily Program

Livesteam thumbnail