អធិរាជតេនមូ លើកស្ទួយព្រះពុទ្ធសាសនានៅជប៉ុនឡើងដល់កំពូល

អធិរាជតេនមូ ប្រសូតនៅឆ្នាំ៦២២ និងសោយទីវង្គតនៅថ្ងៃទី១ ខែតុលា ឆ្នាំ៦៨៦។ ព្រះអង្គគឺ​ជា​​អធិរាជទី៤ នៃប្រទេសជប៉ុនយោងតាមលំដាប់ប្រពៃណីនៃការស្នងរាជ្យ។ ព្រះចៅអធិរាជ​សោយរាជ្យពីឆ្នាំ៦៧២ រហូតដល់ថ្ងៃសោយទីវង្គត់។

អធិរាជតេនមូ គឺជាកូនប្រុសពៅនៃអធិរាជចូម៉ី និងព្រះម្ចាស់ក្សត្រី សៃម៉ី។ ព្រះនាមផ្ទាល់​របស់​ព្រះអង្គ គឺ ព្រះអង្គម្ចាស់ អូ អាម៉ា។

នៅពេលដែលព្រះរាមរបស់ព្រះអង្គ ព្រះអង្គម្ចាស់ តេនជី ឡើងសោយរាជ្យ ព្រះអង្គម្ចាស់ អូ អាម៉ា ដែលជាអនាគតអធិរាជតេនមូ ក្លាយជារាជទាយាទស្នងបន្ត។ ប៉ុន្តែនៅពេលជរា ព្រះ រាជា​មានបុត្រម្នាក់ គឺព្រះអង្គម្ចាស់ អូតូម៉ូ ជាមួយស្នំថ្នាក់ក្រោម។ ប៉ុន្តែ មនោសញ្ចេតនា ទូទៅ នៅសម័យនោះ គិតថា វាមិនមែនជាគំនិតល្អទេ ដែលឲ្យព្រះអង្គម្ចាស់អូ តូម៉ូ ស្នងរាជ្យបន្ត។ ប៉ុន្តែ​យ៉ាងណា ព្រះរាជាតេនជីតែងខ្វល់ខ្វាយនឹងគំនិតនេះ។   នៅឆ្នាំ៦៧១ ព្រះអង្គម្ចាស់អូ អាម៉ា មានអារម្មណ៍ថា មានគ្រោះថ្នាក់ ក៏បោះបង់ចោលដោយ​ស្ម័គ្រចិត្តនូវឋានៈជាព្រះអង្គ​ម្ចាស់រាជ្ជទាយាទដើម្បីទៅបួស។ ព្រះអង្គម្ចាស់បានទៅកាន់ភ្នំ​នៅស្រុកយ៉ូស្ហ៊ីណូ នៅក្នុង ខេត្ត យ៉ាម៉ាតូ ដើម្បីស្វែងរកជីវិតស្ងប់ស្ងាត់ដាច់តែឯង។

មួយឆ្នាំក្រោយមក នៅឆ្នាំ៦៧២ ព្រះរាជាតេនជីឲ្យព្រះអង្គម្ចាស់អូតូម៉ូ ឡើងសោយរាជ្យក្នុង នាម​​អធិរាជកូប៊ុន។ ព្រះអង្គម្ចាស់អូ អាម់ា បានត្រឡប់មកជាមួយកងទ័ពដើម្បីតវ៉ាការឡើង​ស្នងរាជ្យ​នេះចំពោះក្មួយប្រុស។ នៅអំឡុងការប្រយុទ្ធដែលហៅថា សង្រ្គាម ជីនស្ហ៊ីន ទាហាន​របស់​កូប៊ុន បានបរាជ័យ ហើយអធិរាជកូប៊ុន បានធ្វើឃាតខ្លួនឯង។

នៅឆ្នាំ៦៧៣ ព្រះអង្គម្ចាស់អូ អាម៉ា បានរើរាជធានីនៅក្នុងខេត្តយ៉ាម៉ាតូ មកកាន់អាស៊ូកា គីយ៉ូមីហារ៉ា និងឡើងសោយរាជ្យជាផ្លូវការ និងក្លាយជាអធិរាជតេនមូ។

នៅក្នុងឯកសារកំណត់ហេតុរាជ្យវង្សជប៉ុន នីហុង ស្ហ៉ូគី អធិរាជតេនមូ ត្រូវបានពិពណ៌នាថា ជាអ្នកបង្កើតថ្មីដ៏ល្បីល្បាញ។ ហើយប្រភពនេះក៏ត្រូវបានវាយតម្លៃថា អព្យាក្រឹត្យដែរ វាហាក់ បី​ដូចជាច្បាស់ថា អធិរាជតេនមូ បានពង្រឹងអំណាចនៃចក្រភពជប៉ុន និងផ្តល់ឲ្យបុត្រ​ៗ របស់ ព្រះអង្គនូវតំណែងជាន់ខ្ពស់បំផុតនៃរាជ្យការ និងកាត់បន្ថយឥទ្ធិពលប្រពៃណី​នៃអំណាចកុល​សម្ព័ន្ធ ដូចជា កុលសម្ព័ន្ធអូតូម៉ូ និងសូហ្គ៉ាជាដើម។ អធិរាជតេនមូ ធ្វើការកែទម្រង់ប្រព័ន្ធ កាបាណេ ដែលជាប្រព័ន្ធនៃឋានៈប្រពៃណីនៃបន្ទុកផ្លូវការ និងយសសក្តិ​របស់មន្រ្តី។

នយោបាយការបរទេសរបស់អធិរាជតេនមូ កំណត់ទិសដៅលើកស្ទួយព្រះរាជាណាចក្រ ស៊ីលឡា ដែលចាប់យកការគ្រប់គ្រងទាំងស្រុងលើជ្រោយឧបទ្វីបកូរ៉េនៅឆ្នាំ៦៧៦។ បន្ទាប់ពី​ការ​បង្រួបបង្រួមកូរ៉េដោយស៊ីលឡា អធិរាជតេនមូ បានសម្រេចកាត់ផ្តាច់រាល់ទំនាក់ទំនង​ការ ទូត​ជាមួយរាជវង្សថាង ប្រទេសចិន ដើម្បីរក្សាទំនាក់ទំនងល្អប្រសើរជាមួយរាជាណាចក្រ ស៊ីលឡា។

អធិរាជតេនមូ បានប្រើប្រាស់រចនាសម្ព័ន្ធសាសនាដើម្បីបង្កើនអាជ្ញាអំណាចនៃរាជបល្ល័ង្ក​អធិរាជ។ អធិរាជតេនមូ ក៏បានបង្ហាញការលើកស្ទួយព្រះពុទ្ធសាសនា និងបានឲ្យគេស្ថាបនា វិមានព្រះពុទ្ធសាសនានានាដូចជាវិមាន យ៉ាគូស្ហ៊ីជី និងវត្តអារ៉ាមជាច្រើន។ ម្យ៉ាងវិញទៀត អាចារ្យ ព្រះសង្ឃ និងដូនជីព្រះពុទ្ធសាសនាត្រូវតែគ្រប់គ្រងដោយរដ្ឋ ហើយគ្មាននរណាអាច អនុញ្ញាតឲ្យបួស​ដោយគ្មានការយល់ព្រមពីព្រះអង្គទេ។  នៅប្រមាណឆ្នាំ៦៧៥ នៅពេល​រុងរឿង​ដល់កំពូលនៃព្រះពុទ្ធសាសនា ព្រះអធិរាជបានប្រកាសឲ្យប្រើប្រាស់ច្បាប់ដំបូងៗ ដែលសំដៅហាមឃាត់ការបរិភោគសាច់សត្វ ព្រមទាំងការប្រើប្រាស់អន្ទាក់សត្វខ្លះផងដែរ។

កាលអំឡុងការគ្រងរាជ្យរបស់ព្រះរបស់ព្រះអង្គ អធិរាជ តេនជី ព្រះអង្គតេនមូ ត្រូវបានបង្ខំ​ឲ្យ​រៀបអភិសេកជាមួយនឹងបុត្រីជាច្រើនរបស់ព្រះអង្គតេនជី។ ព្រះអង្គតេនជី គិតថា ការរៀប​អភិសេកទាំងនេះអាចពង្រឹងទំនាក់ទំនងនយោបាយរវាងបងប្អូន។

 

Daily Program

Livesteam thumbnail