ហង់រី ឌូណង់ ពីពាណិជ្ជករដល់មហាបុរសមនុស្សធម៌ ៖ ដំណើរជីវិតដ៏កម្សត់ និង​គំនិត​បដិវត្តន៍ដែលបានសង្គ្រោះមនុស្សជាតិរាប់លាននាក់

លោកហង់រី ឌូណង់ (Henry Dunant) មិនត្រឹមតែជាជនជាតិស្វីស និងបានចូលសញ្ជាតិបារាំង​ធម្មតា​ម្នាក់នោះទេ ប៉ុន្តែលោកគឺជាស្ថាបនិកនៃចលនាកាកបាទក្រហមអន្តរជាតិ ដែលបាន​កែប្រែ​ទិដ្ឋភាពនៃសង្គ្រាម និងការសង្គ្រោះបន្ទាន់ជនរងគ្រោះនៅទូទាំងពិភពលោក។

លោកហង់រី ឌូណង់ កើត​នៅ​ថ្ងៃ​ទី៨ ខែឧសភា ឆ្នាំ១៨២៨ នៅទីក្រុងហ្ស៉ឺណេវ ប្រទេសស្វីស ក្នុងគ្រួសារមានជីវភាពធូរធារ ដោយឪពុកជាអ្នកជំនួញ និងម្តាយជាកូនស្រីនាយកមន្ទីរពេទ្យ។ នៅខែមេសា ឆ្នាំ១៨៥៩ នៅពេលស្តេចបារាំងណាប៉ូឡេអុងទី៣ កំពុងឈរជើងធ្វើសង្គ្រាម​នៅតំបន់​ឡូមបាឌី ប្រទេស​អ៊ីតាលី រួមជាមួយកងទ័ពព្យេម៉ុង ដើម្បីប្រយុទ្ធប្រឆាំងនឹង​កងទ័ព​អូទ្រីស។ លោកឌូណង់ បាន​ធ្វើ​ដំណើរទៅកាន់ទីបញ្ជាការរបស់ព្រះអង្គនៅ​ទីក្រុង​សូលហ្វ៉េរ៉ាណូ ដើម្បី​ប្រគល់​អត្ថបទសរសើរ និងដាក់​សំណើ​ជំនួញរបស់ខ្លួន។ នៅរសៀល​ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ​១៨៥៩ លោកឌូណង់ បាន​មក​ដល់​សមរភូមិ​ប្រយុទ្ធ​ដែល​ទើប​នឹង​ស្ងប់ស្ងាត់​ថ្មី​ៗរវាង​សម្ព័ន្ធ​បារាំង-ព្យេម៉ុង និងអូទ្រីស។ អ្វី​ដែល​លោកបានឃើញ​គឺភាព​រន្ធត់​សន្ធោសន្ធៅ ៖ អ្នករង​របួស និងអ្នកស្លាប់ប្រមាណ ៣៨០០០នាក់ ត្រូវបោះបង់​ចោល​ចោល​ដោយ​គ្មាននរណា​ម្នាក់​អើពើ ឬទទួលជំនួយមកសង្គ្រោះឡើយ។ ដោយមិនស្ទាក់ស្ទើរ លោក ឌូណង់ បានសម្រេចចិត្ត​បោះបង់​កិច្ចការផ្ទាល់ខ្លួន ចុះជួយរៀប​ចំ​ការ​​ថែទាំ​ទាហានរងរបួស និង​អ្នក​ជិតស្លាប់ដោយ​ស្ម័គ្រចិត្ត រួមជាមួយប្រជាជនស៊ីវិលក្នុង​មូលដ្ឋាន​ដែល​ភាគច្រើនជាស្ត្រី។ លោកបានប្រែក្លាយ​ព្រះ​វិហារធំជាងគេគឺ ព្រះវិហារជីសា ម៉ាហ្ស៊ីយ័រ (Chiesa Maggiore) នៅ​ទីក្រុង​កាស្ទីលលីយ៉ូន ដេល ស្ទីវីយ៊ែរ ឱ្យទៅជាមន្ទីរ​ពេទ្យ​បណ្តោះ​អាសន្ន ដើម្បួជួយ​ព្យាបាល​អ្នក​របួសបានប្រហែល ៥០០​នាក់ ក្នុងចំណោមអ្នក​របួសចន្លោះ​ពី ៨០០០នាក់ ទៅ ១០០០០​នាក់។

បន្ទាប់ពីព្រឹត្តិការណ៍នេះ លោកបាននិពន្ធ​សៀវភៅមួយដែលមាន​​ចំណងជើងថា «ការចងចាំ​អំពី​​សូលហ្វ៉េ​រ៉ាណូ» និងបោះពុម្ពផ្សាយនៅឆ្នាំ១៨៦២។ នៅ​ក្នុង​សៀវភៅនោះ លោកបានដាក់​ចេញ​​នូវគំនិតដ៏មានឥទ្ធិពល និងមនុស្សធម៌បំផុតថា ៖ ទាហាន​ម្នាក់ដែលរងរបួស និងស្ថិត​នៅ​ក្រៅ​សមរភូមិ គឺលែងជាសត្រូវទៀតហើយ គេត្រូវតែ​ចាត់​ទុកគាត់ថាជាមនុស្សដែលត្រូវ​ការ​ជំនួយ។ វេជ្ជបណ្ឌិត និងគិលានុបដ្ឋាយិកា ត្រូវតែមាន​សិទ្ធិព្យាបាល​អ្នករងគ្រោះដោយសេរី ដោយ​មិ​ន​ត្រូវខ្លាចក្រែងការចាប់ខ្លួន ឬត្រូវបង្ខំឱ្យបោះបង់ចោលអ្នក​រងរបួស។ នៅក្នុងប្រទេស​ទាំង​អស់ អង្គការមនុស្សធម៌ ដែលត្រូវបង្កើតឡើង​ដោយឈ​លើ​គោលការណ៍អព្យាក្រឹត និង​ស្ម័គ្រ​ចិត្ត ត្រូវតែត្រូវបានអនុញ្ញាតឲ្យព្យាបាលអ្នក​រងរបួស​នៅ​ក្នុងសង្គ្រាម។

គំនិតនៃការបង្កើតចលនាកាកបាទក្រហមអន្តរជាតិ ត្រូវបានចាប់អារម្មណ៍​យ៉ាង​ខ្លាំងដោយ​លោក ហ្គូស្តាវ ម័យនីញ៉េ ដែលជាអ្នកច្បាប់ និងជាប្រធានសមាគម​ប្រយោជ​ន៍​សា​ធារណៈ​នៅ​ទីក្រុង​ហ្ស៉ឺណេវ។ គណៈកម្មាធិការមនុស្ស ៥នាក់ ដែលរួមមានលោកហង់រី ឌូណង់ ត្រូវបាន​បង្កើត​​ឡើង ដែលជាគ្រឹះនៃ «គណៈកម្មាធិការ​អន្តរជាតិ​នៃ​កាក​បាទ​ក្រហម (ICRC)»។ ក្នុងខែ​សីហាឆ្នាំ១៨៦៤ តំណាងប្រទេសចំនួន ១២ បាន​ចុះ​ហត្ថលេខាលើកិច្ច​ព្រមព្រៀង​ហ្ស៉ឺណេវ​ដំបូង ដែល​ផ្តល់ភាពអចិន្ត្រៃយ៍ដល់អង្គការកាកបាទ​ក្រហម​អន្តរជាតិ។

ទោះបីយ៉ាងណា ដោយសារការបរាជ័យក្នុងមុខជំនួញ លោក ឌូណង់ ត្រូវធ្លាក់ខ្លួនក្រីក្រ​វេទនា និងត្រូវគេបំភ្លេចចោល​អស់​រយៈ​ពេល​ជាច្រើនឆ្នាំរហូតដល់មានជំងឺធ្លាក់ទឹកចិត្ត។ លោក​ត្រូវ​បាន​គេរកឃើញរស់នៅ​ស្ងៀមស្ងាត់​នៅឯមន្ទីរពេទ្យហេដេន ក្នុងប្រទេសស្វីស។

ប៉ុន្តែជាមួយនិងគុណបំណាច់ដ៏មហាសាលរបស់លោកសម្រាប់មនុស្សជាតិ នៅឆ្នាំ១៩០១ លោក​ហង់រី ឌូណង់ ក៏​ទទួលពានរង្វាន់ណូបែលសន្តិភាព (Nobel Peace Prize) លើកទី១។ លោ​កហង់រី ឌូណង់ ​បាន​ទទួលអនិច្ចកម្មនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ១៩១០ ដោយ​បន្សល់​​ទុក​នូវ​មរតក​មនុស្សធម៌ និងគំនិតដ៏ធំធេងដែលជួយសង្គ្រោះជីវិតមនុស្សរាប់លាននាក់ ឬ​​រាប់​មិនអស់​​រហូត​មក​​ដល់​សព្វថ្ងៃ។

 

 

 

Daily Program

Livesteam thumbnail
khmer popup image