វេជ្ជបណ្ឌិត កាកឡូស ជេ ហ្វ៊ីនលៃ ៖ វីរបុរសវេជ្ជសាស្ត្រគុយបា អ្នកទម្លាយអាថ៌ កំបាំង «មូសចម្លងរោគ» ដែលបានសង្គ្រោះជីវិតមនុស្សរាប់លាននាក់

ទោះបីជាត្រូវប្រឈមមុខនឹងការសង្ស័យ និងភាពស្ងៀមស្ងាត់អស់រយៈពេលជិត២​ទសវត្សរ៍​ក៏ដោយ ក៏លោកវេជ្ជបណ្ឌិត កាកឡូស ជេ ហ្វ៊ីនលៃ មិនបានបោះបង់ចោលការ​តាំងចិត្ត​នោះ​ឡើយ។ ការរកឃើញដ៏អស្ចារ្យរបស់លោកអំពីតួនាទីសត្វមូសក្នុងការចម្លងជំងឺគ្រុនលឿង បាន​ក្លាយជាគ្រឹះដ៏សំខាន់បំផុតមួយក្នុងប្រវត្តិសាស្ត្រវេជ្ជសាស្ត្រពិភពលោក ដោយបាន​ជួយ​សង្គ្រោះ​ជីវិតមនុស្សលោកពីជំងឺរាតត្បាតដ៏កាចសាហាវនេះ។

ដើមកំណើត និងដំណើរជីវិតសិក្សាដ៏សម្បូរបែប

លោកកាកឡូស ជេ ហ្វ៊ីនលៃ (Carlos Finlay) កើតនៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ១៨៣៣ នៅទីក្រុងពូអឺតូ ប្រាំងស៊ីពេ (Puerto Príncipe) ប្រទេសគុយបា។

ដោយសារស្ថិតក្នុងគ្រួសារដែលមានការអប់រំខ្ពស់ លោកបានចាប់ផ្តើមសិក្សានៅប្រទេស​អាល្លឺម៉ង់​​តាំងពីអាយុ ១៣ឆ្នាំ មុននឹងបន្តទៅសិក្សានៅវិទ្យាល័យរូអង់ (Rouen) ប្រទេស​បារាំង។ នៅឆ្នាំ១៨៥៥ លោកបានទទួលសញ្ញាបត្រវេជ្ជបណ្ឌិតពីសាលាវេជ្ជសាស្ត្រ​ជេហ្វឺសុន (Jefferson Medical College) នៅទីក្រុងហ្វីឡាដេលហ្វៀ សហរដ្ឋអាមេរិក។ បន្ទាប់​មក លោកក៏បានបន្តបំពេញការសិក្សាយ៉ាងស៊ីជម្រៅបន្ថែមទៀតនៅទីក្រុងឡាហាវ៉ាន និង​ទីក្រុង​ប៉ារីស ពីឆ្នាំ១៨៦០ ដល់ឆ្នាំ១៨៦១។

ការតស៊ូជាង ២ទសវត្សរ៍ជាមួយសម្មតិកម្ម «មូសចម្លងរោគ»

កាលពីឆ្នាំ១៨៦៥ លោកកាកឡូស ហ្វ៊ីនលៃ គឺជាមនុស្សដំបូងគេបង្អស់ដែលបានលើកឡើង និង​ព្យាយាមបង្ហាញពីទំនាក់ទំនងរវាងលក្ខខណ្ឌអាកាសធាតុ និងជំងឺគ្រុនលឿងតាមរយៈ​សត្វ​មូស។ លោកបានកំណត់អត្តសញ្ញាណសត្វមូសថាជាភ្នាក់ងារចម្លងរោគ និងបានស្នើឱ្យមាន​ការ​គ្រប់គ្រង​ចំនួនសត្វមូសជាយុទ្ធសាស្ត្រដើម្បីប្រឆាំងនឹងជំងឺឆ្លង។

នៅឆ្នាំ១៨៨១ លោកបានបង្ហាញសំណុំការងារទាំងមូលរបស់ខ្លួននៅមុខរដ្ឋបណ្ឌិតសភា​វិទ្យាសាស្ត្រវេជ្ជសាស្ត្រនៃទីក្រុងឡាហាវ៉ាន។ ប៉ុន្តែជាការគួរឱ្យស្តាយ សម្មតិកម្មដ៏​វិសេសវិសាល​នេះមិនបានទទួលការចាប់អារម្មណ៍ ឬការគាំទ្រនោះទេ ដោយលោកត្រូវ​ប្រឈម​មុខ​នឹងភាពស្ងៀមស្ងាត់ និងការសង្ស័យអស់រយៈពេលជិត ២០ឆ្នាំពេញ ទាំង​នៅ​គុយបា និងនៅទីក្រុងវ៉ាស៊ីនតោន ឌីស៊ី។

ការទទួលស្គាល់ និងការផ្លាស់ប្តូរមុខមាត់ប្រវត្តិសាស្ត្រវេជ្ជសាស្ត្រ

រហូតដល់អំឡុងឆ្នាំ១៩០០ ដល់ ១៩០២ ទើបសម្មតិកម្មរបស់លោកត្រូវបានបញ្ជាក់ថា​ត្រឹម​ត្រូវ​ជាផ្លូវការ​ដោយលោក វ៉លធឺ រីដ (Walter Reed) ប្រធានបេសកកម្មវេជ្ជសាស្ត្រ​អាម៉េរិក​ប្រចាំ​នៅ​គុយបា។ ចំណែកឧត្តមសេនីយ៍ លីអូណាដ វូដ (Leonard Wood) អភិបាលយោធា​នៃ​ប្រទេស​គុយបាកាលនោះ បានថ្លែងការណ៍សរសើរយ៉ាងខ្លាំងថា ៖ «ការបញ្ជាក់ថាសម្មតិកម្ម​របស់​​លោក​វេជ្ជបណ្ឌិត កាកឡូស ជេ ហ្វ៊ីនលៃ ត្រឹមត្រូវ គឺជាជំហានរីកចម្រើនដ៏ធំបំផុត​មួយ​ក្នុង​វិស័យវេជ្ជសាស្ត្រ »។

កេរ្តិ៍ដំណែលដែលមិនអាចបំភ្លេចបាន

លោកកាកឡូស ជេ ហ្វ៊ីនលៃ បានទទួលមរណភាពនៅថ្ងៃទី២០ ខែសីហា ឆ្នាំ១៩១៥ ក្នុងវ័យ ៨១ ឆ្នាំ ដោយសារជំងឺដាច់សរសៃឈាមខួរក្បាល នៅទីក្រុងឡាហាវ៉ាន ប្រទេសគុយបា។ ដើម្បី​តបស្នងគុណូបការៈដ៏ធំធេងនេះ រដ្ឋាភិបាលគុយបាបានបង្កើត «វិទ្យាស្ថានស្រាវជ្រាវ​វេជ្ជសាស្ត្រ​ត្រូពិក ហ្វ៊ីនលៃ»។ ប្រទេសគុយបាក៏បានបោះពុម្ពរូបភាពលោកជាការ​លើកទឹកចិត្ត​ធ្វើ​ជាតែម​ប្រៃសណីយ៍​​គុយបាចំនួនជាង ៦ ប្រភេទ។ ក្រៅពីនេះ ឈ្មោះរបស់លោក​ក៏ត្រូវ​បាន​យក​ទៅដាក់ជាឈ្មោះ​វិថី​មួយ គឺវិថីវេជ្ជបណ្ឌិតហ្វ៊ីនលៃ (Rue du Docteur-Finlay) ក្នុងខណ្ឌ​ទី​១៥ នៃទីក្រុងប៉ារីស ប្រទេសបារាំង ទៀតផង។

 

 

Daily Program

Livesteam thumbnail
khmer popup image