កម្ពុជា ចាប់ផ្ដើមបំពាក់កាមេរ៉ាស្វ័យប្រវត្តិ និងប្រព័ន្ធតាមដានទំនើប ដើម្បីការពារសត្វផ្សោតទន្លេមេគង្គ

កម្ពុជាបានចាប់ផ្ដើមបំពាក់កាមេរ៉ាស្វ័យប្រវត្តិ និងប្រព័ន្ធតាមដានទំនើប ដើម្បីឃ្លាំមើលបទល្មើសនេសាទក្នុងតំបន់អភិរក្ស ព្រមទាំងវាយតម្លៃទីតាំងប្រឈមហានិភ័យផ្សេងៗ ក្នុងភូមិសាស្ត្រខេត្តក្រចេះ។

កាលពីថ្ងៃទី ៣ ខែវិច្ឆិកា កញ្ញា អ៊ឹម រចនា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទទួលបន្ទុកការងារអភិរក្សជលផល បានដឹកនាំក្រុមការងារអភិរក្សជលផល ខណ្ឌរដ្ឋបាលជលផលខេត្តក្រចេះ និងអង្គការដៃគូ ចុះពិនិត្យសម្ភារៈបរិក្ខារសម្រាប់បំពាក់នៅ «មជ្ឈមណ្ឌលត្រួតពិនិត្យ តាមដាន និងអភិរក្សសត្វផ្សោតទន្លេមេគង្គ» ដែលមានទីតាំងនៅទីស្នាក់ការប៉ុស្តិ៍ឆ្មាំអភិរក្សសត្វផ្សោតអន្លង់កាំពី ខេត្តក្រចេះ បន្ទាប់ពីសម្ភារៈសំខាន់ៗត្រូវបានដឹកជញ្ជូនមកដល់។

ក្នុងឱកាសនោះ កញ្ញាអនុរដ្ឋលេខាធិការ បានណែនាំឱ្យក្រុមការងារពន្លឿនការដំឡើងកាមេរ៉ាស្វ័យប្រវត្តិ និងប្រព័ន្ធតាមដានទំនើបនេះ ដោយយកចិត្តទុកដាក់ខ្ពស់លើគុណភាព និងប្រសិទ្ធភាពបច្ចេកទេស ដើម្បីពង្រឹងសមត្ថភាពគ្រប់គ្រង ព្រមទាំងតាមដានការអភិរក្សសត្វផ្សោត មុនពេលដាក់ឱ្យមជ្ឈមណ្ឌលដំណើរការផ្លូវការនៅចុងឆ្នាំ២០២៦។

កញ្ញា អ៊ឹម រចនា បានបន្ថែមថា នៅពេលដាក់ឱ្យប្រើប្រាស់ ប្រព័ន្ធនេះនឹងជួយតាមដានសកម្មភាពក្នុងតំបន់អភិរក្ស ដោយបញ្ជូនរូបភាព និងព័ត៌មានផ្ទាល់មកកាន់បញ្ជាការដ្ឋាន ដើម្បីគាំទ្រដល់ការងាររបស់កម្លាំងឆ្មាំទន្លេ ដែលជាកម្លាំងជួរមុខក្នុងការការពារសត្វផ្សោត។ ព័ត៌មានទាំងនេះ នឹងជួយឱ្យការកំណត់ទីតាំងហានិភ័យ ការរៀបចំផែនការល្បាត និងការឆ្លើយតបចំពោះបទល្មើសនេសាទ ប្រព្រឹត្តទៅបានកាន់តែរហ័ស ចំគោលដៅ និងសន្សំសំចៃធនធាន។

គួរបញ្ជាក់ថា ចំនួនផ្សោតទន្លេមេគង្គបានកើនឡើងពី ៩០ក្បាល (ក្នុងឆ្នាំ២០២០) រហូតដល់ ១១៦ក្បាល (ក្នុងឆ្នាំ២០២៦)។ តួលេខនេះ រាប់បញ្ចូលទាំងកូនផ្សោតកើតថ្មីចំនួន ២៩ក្បាល ដែលកត់ត្រាដោយក្រុមអ្នកស្រាវជ្រាវនៃនាយកដ្ឋានអភិរក្សជលផល និងអង្គការ WWF-Cambodia ក្នុងនោះរួមមាន៖ ឆ្នាំ២០២៣៖ កើតបាន ៨ក្បាល ឆ្នាំ២០២៤៖ កើតបាន ៩ក្បាល ឆ្នាំ២០២៥៖ កើតបាន ៨ក្បាល ឆ្នាំ២០២៦៖ កើតបាន ៦ក្បាល។

គម្រោងបំពាក់កាមេរ៉ា និងបច្ចេកវិទ្យាទំនើបនេះ ទទួលបានការគាំទ្រពីអង្គការ WWF និងមូលនិធិពិសេសកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ដែលជាការរួមចំណែកដ៏សំខាន់ក្នុងការធ្វើទំនើបកម្មការងារអភិរក្សជលផល ពង្រឹងប្រសិទ្ធភាពនៃការអនុវត្តច្បាប់ និងការពារសត្វផ្សោតទន្លេមេគង្គ ដែលជាបេតិកភណ្ឌធម្មជាតិដ៏មានតម្លៃរបស់កម្ពុជាឱ្យបានគង់វង្សយូរអង្វែង៕

 

Daily Program

Livesteam thumbnail
khmer popup image