ព្រះរាជាគីយ៉ង់ហ្ស៊ីតថា សង្រ្គោះ ពង្រឹង និងធ្វើឲ្យស្ថិរភាពចក្រភពភូមាដំបូង
គីយ៉ង់ហ្ស៊ីតថា គឺជាព្រះរាជាទី៣នៃរាជាណាចក្រប៉ាហ្គាន (ភូមាបុរាណ)។ ព្រះអង្គសោយរាជ្យពីឆ្នាំ១០៨៤ ដល់ឆ្នាំ១១១៣។ ព្រះរាជាគីយ៉ង់ហ្ស៊ីតថា គឺជាបុត្ររបស់ស្តេចអាណារាតា ស្ថានិកព្រះរាជាណាចក្រប៉ាហ្គាន ជាមួយនឹងស្នំរបស់ព្រះអង្គ។
ព្រះអង្គបានល្បីល្បាញជាពិសេសសម្រាប់ការសាងសង់សំណង់សាសនាដ៏មានសារសំខាន់នានានៅតំបន់បុរាណវិទ្យាបាហ្គាន ប្រទេសភូមា ដែលរួមមានប្រាសាទ ណាហ្គាយ៉ុង និងវិហារអាណង់ដា ជាដើម។
នៅវ័យកុមារ ព្រះអម្ចាស់គីយ៉ង់ហ្ស៊ីតថាបានចូលរួមយុទ្ធនាការយោធាជាច្រើនជាមួយព្រះបិតាប្រឆាំងនឹងរាជធានីថាតុង នៃព្រះរាជាណាចក្រមន ដើម្បីទទួលបានច្បាប់មួយនៃគម្ពីរព្រះត្រៃបិតក។ នៅព្រះរាជាណាចក្រប៉ាហ្គាន ព្រះអម្ចាស់គីយ៉ង់ហ្ស៊ីតថា ត្រូវបានប្រកាសជាស្តេច ដែលយកនាម ដែលមានន័យថា ស្តេចរីករាយនៃព្រះពុទ្ធ និងព្រះសូរិយានៃពិភពលោក៣។
ព្រះរាជាគីយ៉ង់ហ្ស៊ីតថា មានសេចក្តីជាប់ចិត្តជាខ្លាំងនឹងវប្បធម៌មន។ ព្រះអង្គឲ្យគេឆ្លាក់សិលាចារិកមន និងរៀបអភិសេកជាមួយព្រះនាងជនជាតិមន និងមានទំនាក់ទំនងល្អជាមួយព្រះរាជាណាចក្រមន។ ចៅព្រះអង្គព្រះនាម អាឡូងស៊ីតធូ ជាអ្នកស្នងបន្តពីព្រះអង្គ។
ព្រះរាជាគីយ៉ង់ហ្ស៊ីតថា ពង្រឹងចក្រភពភូមាដំបូងដែលស្ថាបនាឡើងដោយព្រះបិតារបស់ព្រះអង្គ ស្តេចអាណារ៉ាតា។ ទោះបីជាព្រះអង្គបានបង្រ្កាបការបះបោររបស់ជនជាតិមន ក៏ព្រះអង្គនៅបន្តនយោបាយផ្សះផ្សារជាមួយជនជាតិនេះ។ នៅពេលសង្រ្គាម ព្រះអង្គចំណាយពេលនិរទេសទៅកាន់ដែនដីមន និងគោរពវប្បធម៌របស់ពួកគេ។ ព្រះរាជាគីយ៉ង់ហ្ស៊ីតថា ទំនុកបម្រុងអ្នកប្រាជ្ញបណ្ឌិតមននៅក្នុងរាជ្យការព្រះអង្គ។ សិលាចារិកភាគច្រើនក៏សរសេរជាភាសាមន ប្រហែលជាជំនាន់នោះ អក្សរភូមាមិនទាន់មានពេញលក្ខណៈ។ ភាសាមនត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយក្នុងចំណោមវរជន។
នយោបាយនេះបានបង្ហា្ថញថា មានប្រសិទ្ធភាព។ នៅអំឡុងការសោយរាជ្យរបស់ព្រះអង្គ មិនមានការបះបោរនៅក្នុងភាគខាងត្បូង និងតំបន់ដទៃៗទៀត ក៏ស្ថិតនៅក្នុងសន្តិភាពជាទូទៅ។ ព្រះអង្គបានបញ្ជូនកងទ័ពទៅបំពេញបេសកកម្មនៅព្រះរាជាណាចក្រភាគខាងជើងរដ្ឋអារ៉ាកាន ដោយសារតែព្រះរាជាណាចក្រនេះជារដ្ឋចំណុះមួយរបស់ព្រះអង្គ ត្រូវបានវាយប្រហារដោយព្រះអម្ចាស់មកពីភាគខាងត្បូងដែនដីអារ៉ាកាន។ កងទ័ពរបស់ព្រះអង្គបានវាយរុញច្រានការវាយប្រហារ ប៉ុន្តែមិនបានជោគជ័យក្នុងការចាប់ខ្លួនព្រះអម្ចាស់នោះទេ។
ចក្រភពប៉ាហ្គាន ភូមាបុរាណ មិនអាចធ្វើមិនដឹងសម្រាប់ប្រវត្តិសាស្រ្តអាស៊ីអាគ្នេយ៍ទេ។ មហាអំណាចដទៃទៀត ដូចជា ចក្រភពខ្មែរ ក៏មិនមានជម្លោះជាមួយព្រះរាជាណាចក្រប៉ាហ្គានដែរ។ ហើយនៅពេលព្រះរាជាគីយ៉ង់ហ្ស៊ីតថា បានបញ្ជូនឯកអគ្គរាជទូតទៅកាន់រាជ្យវង្សសុងប្រទេសចិន នៅឆ្នាំ១១០៦ ចិនក៏ទទួលបេសកជនភូមាជាមួយនឹងកិត្តិយសដែលទុកសម្រាប់ព្រះរាជាណាចក្រដែលមានអធិបតេយ្យភាព។
ព្រះរាជាគីយ៉ង់ហ្ស៊ីតថាត្រូវបានចាត់ទុកជាស្តេចម្នាក់ក្នុងចំណោមស្តេចនានាដ៏ល្បីល្បាញបំផុតរបស់ភូមា ដែលបានសង្គ្រោះ ពង្រឹង និងធ្វើឲ្យមានស្ថិរភាពនៃចក្រភពប៉ាហ្គានដំបូង។ ការបន្តនយោបាយសង្គម សេដ្ឋកិច្ច និងសាសនា របស់ព្រះបិតាស្តេចអាណារាតា បានធ្វើឲ្យរាជាណាចក្រប៉ាហ្គាន ក្លាយជាមហាអំណាចនៅក្នុងតំបន់មួយដ៏សំខាន់។ ជាទូទៅ គេវាយតម្លៃថា រាជ្យរបស់ព្រះរាជាគីយ៉ង់ហ្ស៊ីតថា កត់សម្គាល់នូវការរលាយចូលគ្នានៃប្រពៃណីផ្សេងៗ មកពី មន ពីយូ និងភូមា នៅក្នុងវប្បធម៌រួម ដែលគ្របដណ្តប់លើជ្រលងទន្លេអ៊ីរ៉ាវ៉ាឌី។
ក្នុងទឹកចិត្តប្រជាជនភូមា ព្រះរាជាគីយ៉ង់ហ្ស៊ីតថា គឺជាស្តេចចម្បាំង។ ព្រះអង្គមានប្រជាប្រិយនៅពេលសោយរាជ្យ និងពេលបន្តមក។ ជីវិត និងថ្វីដៃរបស់ព្រះអង្គលេចឡើងនៅក្នុងអក្សរសាស្រ្តភូមា រឿងល្ខោន រហូតដល់ខ្សែភាពយន្ត។