បេសកកម្មដុតបំភ្លឺស្មារតីស្រឡាញ់ការអាន និងពង្រីកចំណេះដឹងដល់យុវជនកម្ពុជា
អំណានគឺជាកំណប់ដ៏មានតម្លៃដែលធ្វើឱ្យអ្នកអានមិនទាល់គំនិត ការអានសៀវភៅជាការពង្រីកចំណេះដឹង គំនិត និងប្រាជ្ញាស្មារតី ដែលមនុស្សគ្រប់រូបត្រូវតែធ្វើក្នុងដំណើរជីវិតប្រចាំថ្ងៃ។ អំណានដូជាឃ្លាំងកំណប់ទ្រព្យដ៏មហាសាល ដែលមនុស្សចាយមិនចេះអស់ ហើយចាយកាន់តែច្រើន កាន់តែទទួលផលតបស្នងកាន់តែច្រើនឡើងវិញ។
ស្ទុះស្ទារក្នុងការពង្រីកវប្បធម៌អាននេះ លោក អ៊ុក វណ្ណដេ អាយុ៤១ឆ្នាំ ជាស្ថាបនិកសាលាដូងគិរីរម្យ បានឱ្យដឹងថា មូលហេតុដែលលោកគ្រោងនឹងបង្កើតគម្រោងទេសចរណ៍អំណានតាមរយៈរថយន្តចល័តនេះឡើង គឺដើម្បីជំរុញ និងលើកទឹកចិត្តយុវជន សិស្សានុសិស្ស និងសាធារណជនទាំងឡាយ ឱ្យនាំគ្នាស្រឡាញ់ការអានសៀវភៅឡើងវិញ។
លោក អ៊ុក វណ្ណដេ បានប្រាប់ថា លោកចង់ឱ្យយុវជនពង្រីកចំណេះដឹងឱ្យបានខ្លាំងក្លាក្រោមការអាន ព្រោះសៀវភៅគឺជាការចងក្រងនូវគំនិតរបស់អ្នកប្រាជ្ញដែលបានសរសេរសម្រង់ឱ្យយើងអាន។ លោកបានបញ្ជាក់ថា គំនិតប្រៀបដូចជាកំណប់ ហើយនៅពេលដែលគំនិតយើងប៉ិនប្រសប់ កំណប់របស់យើងក៏មានគ្រប់បែបយ៉ាងផងដែរ។
បើតាមលោក អ៊ុក វណ្ណដេ នេះមិនមែនជាលើកទីមួយនោះទេដែលលោកបង្កើតកម្មវិធីស្តីពីអំណាន ប៉ុន្តែដោយសារមានការស្នើសុំពីសាធារណជន លោកក៏នឹកឃើញការកែច្នៃរថយន្តចាស់ឆ្នាំ១៩៧២ មួយគ្រឿងដែលគេបោះបង់ចោល យកមកផាត់ពណ៌ចំណាយពេលរហូតដល់ប្រាំបីខែ ដោយលោកថែមទាំងគេង និងហូបចុកផ្ទាល់នៅក្នុងរថយន្តនោះទៀតផង។ រថយន្តកែច្នៃនេះត្រូវបានរៀបចំដើម្បីផ្ទុកសៀវភៅចំនួន ១.២០០ក្បាល និងបានចាប់ផ្តើមចេញដំណើរពីគិរីរម្យមកកាន់រាជធានីភ្នំពេញ ព្រមទាំងបន្តទៅកាន់បណ្តាខេត្តផ្សេងៗដូចជាខេត្តកំពត និងខេត្តកែប។ លោកបានបញ្ជាក់បន្ថែមថា ប្រទេសជាតិណាដែលសម្បូរទៅដោយអ្នកអានសៀវភៅ ប្រទេសជាតិនោះនឹងរីកចម្រើនយ៉ាងឆាប់រហ័ស។
ជុំវិញបញ្ហានេះ យុវនិស្សិត ឃុន សុធី ជានិស្សិតឆ្នាំទី១ ជំនាញនីតិសាស្ត្រ នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ្យ បានបង្ហាញចំណាប់អារម្មណ៍ថា ការអានមានសារៈសំខាន់ខ្លាំងណាស់ ព្រោះសៀវភៅផ្តល់ជាដំណោះស្រាយចំពោះជីវិតរស់នៅប្រចាំថ្ងៃ ព្រមទាំងមានវិធីសាស្ត្រល្អៗដែលកើតចេញពីបទពិសោធន៍ពិតរបស់អ្នកនិពន្ធ។ យុវនិស្សិតរូបនេះក៏បានលើកឡើងផងដែរថា ទោះបីជាបច្ចេកវិទ្យាទូរសព្ទដៃមានផលវិបាកខ្លះដូចជាការរំខានពីសារជូនដំណឹងដែលធ្វើឱ្យភ្លេចស្មារតីអាន និងអាចប៉ះពាល់ដល់សុខភាពភ្នែក ប៉ុន្តែបច្ចេកវិទ្យាក៏មានចំណុចវិជ្ជមានច្រើនផងដែរព្រោះវាអាចដាក់តាមខ្លួនបានងាយស្រួល។
ក្នុងបេសកកម្មថ្មីក្នុងការបង្កើនទម្លាប់អាននេះ លោក អ៊ុក វណ្ណដេ ដែលនាំយករថយន្តបណ្ណាល័យចល័តមកតាំងនៅសួនវត្តបទុមវតី បានឱ្យដឹងថា មូលហេតុចម្បងនៃការបង្កើតឡានទេសចរណ៍អំណាននេះឡើង គឺដោយសារលោកមើលឃើញថាពលរដ្ឋកម្ពុជាពុំសូវបំផុស ឬអានសៀវភៅច្រើនដូចបណ្តាប្រទេសដទៃ។ គោលបំណងគឺដើម្បីទាក់ទាញអ្នកចង់អាន ពង្រីកចំណេះដឹង និងប្តូរទម្លាប់មិនល្អមកជាការខ្ចីសៀវភៅ ឬអានផ្ទាល់នៅតាមទីសាធារណៈ ដែលជាគំរូដ៏ល្អសម្រាប់មនុស្សជំនាន់ក្រោយ។
ទោះបីជាការធ្វើកិច្ចការសង្គមនេះពុំទទួលបានចំណូលច្រើនក្រៅពីការជួយបន្តិចបន្តួចពីកម្លាំងមហាជនក៏ដោយ ប៉ុន្តែលោក អ៊ុក វណ្ណដេ ប្តេជ្ញាថានឹងធ្វើបេសកកម្មទេសចរណ៍អំណាននេះជាផ្លូវការនៅឆ្នាំ២០២៥ ដោយធ្វើការចល័តទៅកាន់២៥ខេត្តក្រុង និងស្នាក់នៅរយៈពេលវែង។ សម្រាប់ការបើកសាកល្បងដំបូង គឺមានចំនួនបីទីតាំង រួមមានរាជធានីភ្នំពេញចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ពីម៉ោង៣រសៀលដល់ម៉ោង៩យប់ បន្ទាប់មកនៅខេត្តកំពតពីថ្ងៃទី២៤ ដល់ថ្ងៃទី២៧ និងចុងក្រោយនៅខេត្តកែបពីថ្ងៃទី២៨ ដល់ថ្ងៃទី២៩ ខែឧសភា៕
