ណាហ្គ៊ីប ម៉ាហ្វ៊ូ ៖ ពីក្មេងប្រុសតាមដងផ្លូវក្រុងគែរ មានមោទនភាពដោយក្លាយជាអ្នកនិពន្ធអារ៉ាប់ដំបូងគេដែលគ្រងពានរង្វាន់ណូបែល
រស់រានមានជីវិតឆ្លងកាត់ការប៉ុនប៉ងលបលួចធ្វើឃាត ការហាមឃាត់ការបោះពុម្ពផ្សាយ និងការរិះគន់យ៉ាងចាស់ដៃពីសំណាក់ក្រុមជ្រុលនិយម ជីវិតលោកណាហ្គ៊ីប ម៉ាហ្វ៊ូ (Naguib Mahfouz) មិនត្រឹមតែជាដំណើរជីវិតរបស់បុគ្គលម្នាក់ប៉ុណ្ណោះទេ ប៉ុន្តែជាវីរជននៃប៊ិចដែលហ៊ានតស៊ូយកការពិតក្នុងសង្គមមកចងក្រង រហូតក្លាយជាបេះដូងនៃអក្សរសាស្ត្រអារ៉ាប់សម័យទំនើប និងជាម្ចាស់ពានរង្វាន់ណូបែលផ្នែកអក្សរសាស្ត្រឆ្នាំ១៩៨៨។
ក្មេងប្រុសសង្កាត់ចាស់ ដែលយកដងវិថីក្រុងគែរជាសាលាបណ្ឌិត្យសភា
កើតនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ១៩១១ ក្នុងគ្រួសារមានស្តុកស្តម្ភម្នាក់នៅរដ្ឋធានីគែរ ប្រទេសអេហ្ស៊ីប លោក ណាហ្គ៊ីប ម៉ាហ្វ៊ូ បានធំធាត់ឡើងនៅក្នុងសង្កាត់ប្រជាប្រិយ ហ្គាម៉ាលីយ៉ា (Gamaliya)។ បរិយាកាសជុំវិញខ្លួន ផ្លូវថ្នល់ ប្រពៃណី និងភាពប្រែប្រួលនៃជីវភាពប្រជាជនសាមញ្ញ បានដក់ជាប់ក្នុងក្រអៅបេះដូងរបស់លោក ហើយក្រោយមកបានក្លាយជាគ្រឹះដ៏រឹងម៉ាំសម្រាប់ស្នាដៃអក្សរសាស្ត្ររបស់លោក។ ដោយចាប់ផ្តើមចាប់អារម្មណ៍លើអក្សរសាស្ត្រតាំងពីអាយុ ១៧ឆ្នាំ លោកបានបន្តការសិក្សាផ្នែកទស្សនវិជ្ជា និងអក្សរសាស្ត្រនៅសកលវិទ្យាល័យហ្វ៊ូអាដទី១ និងបានបោះពុម្ពផ្សាយស្នាដៃដំបូងៗរបស់ខ្លួន នៅខណៈពេលដែលកំពុងបម្រើការងារជាមន្ត្រីរាជការ។
របត់ប្រវត្តិសាស្ត្រ និងរឿងភាគ «ត្រីភាគីទីក្រុងគែរ»
ដំបូងឡើយ លោកបានព្យាយាមសរសេររឿងប្រលោមលោកដែលរៀបរាប់អំពីសម័យផារ៉ាអុង ប៉ុន្តែវាមិនសូវមានភាពទាក់ទាញ រួមផ្សំនិងការប្រែប្រួលសង្គមក្រោយសង្គ្រាមលោកលើកទី២ ផង ក៏បានធ្វើឱ្យលោកផ្លាស់ប្តូរទិសដៅមកពិពណ៌នាអំពីជីវិតសម័យទំនើប និងភាពរស់រវើកនៃទីក្រុងគែរវិញ។ ចំណុចកំពូលនៃអាជីពរបស់លោកបានមកដល់នៅចន្លោះឆ្នាំ ១៩៥៦-១៩៥៧ តាមរយៈការបោះពុម្ពផ្សាយរឿងភាគដ៏ល្បីល្បាញ «ត្រីភាគីទីក្រុងគែរ» ដែលបានរៀបរាប់អំពីប្រវត្តិគ្រួសារមួយ ដែលបានឆ្លងកាត់ជំនាន់ជាច្រើន ចាប់ពីសង្គ្រាមលោកលើកទី១ រហូតដល់ការបញ្ចប់របបរាជានិយម។ ស្នាដៃនេះហើយ ដែលបាននាំឱ្យកេរ្តិ៍ឈ្មោះរបស់លោកលេចត្រដែតនៅលើឆាកអន្តរជាតិ។
ភាពចម្រូងចម្រាស ការប៉ុនប៉ងធ្វើឃាត និងការអត់ឱនដ៏អស្ចារ្យ
ភាពក្លាហានក្នុងការរិះគន់អំណាច សាសនា និងអភិបាលកិច្ចផ្តាច់ការតាមរយៈរឿង «កូនប្រុសនៃមេឌីណា» ឆ្នាំ១៩៥៩ បានធ្វើឱ្យលោកក្លាយជាគោលដៅនៃការរិះគន់ និងមានការហាមឃាត់លើការបោះពុម្ពផ្សាយស្នាដៃរបស់លោកពីសំណាក់ក្រុមជ្រុលនិយមក្នុងប្រទេស។
ភាពតានតឹងនេះបានឈានដល់កម្រិតកំពូលក្នុងខែតុលា ឆ្នាំ១៩៩៤ នៅពេលដែលជីវិតរបស់លោកត្រូវបានញាំញីដោយការប៉ុនប៉ងលបលួចធ្វើឃាត ដែលបន្សល់ទុកឱ្យដៃស្តាំរបស់លោកពិការ។ លោកក៏ត្រូវបង្ខំចិត្តអានឲ្យគេសរសេរអត្ថបទរបស់ខ្លួន ជំនួសវិញ។ ទោះបីជាយ៉ាងណាក៏ដោយ ភាពអស្ចារ្យនៃមហាវិញ្ញាណអ្នកនិពន្ធរូបនេះ គឺលោកបានអត់ឱនទោសឱ្យអ្នកដែលវាយប្រហារលើលោក ដោយលោកបានប្រកាសថា អំពើហិង្សានោះកើតចេញពីការងប់ងុលជ្រុលនិយម មិនមែនសាសនាឥស្លាមឡើយ។
មរតកដែលមិនអាចកាត់ថ្លៃបាន
ភាពជាអ្នកនាំមុខគេក្នុងការបើកទ្វារអក្សរសាស្ត្រអារ៉ាប់ឱ្យពិភពលោកបានស្គាល់ បានធ្វើឱ្យលោកទទួលបានពានរង្វាន់ណូបែលផ្នែកអក្សរសាស្ត្រ នៅឆ្នាំ១៩៨៨ ដែលជាកំណត់ត្រាប្រវត្តិសាស្ត្រដំបូងបង្អស់សម្រាប់អ្នកនិពន្ធភាសាអារ៉ាប។
លោកណាហ្គ៊ីប ម៉ាហ្វ៊ូ បានទទួលមរណភាពនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០០៦ ក្នុងជន្មាយុ ៩៤ឆ្នាំ ដោយបន្សល់ទុកនូវស្នាដៃដ៏មហិមា។ តួអង្គ និងដងផ្លូវក្នុងទីក្រុងគែរ លោកបានឆ្លុះបញ្ចាំងអំពីសុបិន ទំនាស់ សេចក្តីស្រឡាញ់ និងការប្រែប្រួលរបស់មនុស្សជាតិ។ ទាំងនេះបានធ្វើឱ្យស្នាដៃរបស់លោកនៅតែមានតម្លៃអមតៈរហូតដល់សព្វថ្ងៃ។
