ដង្ហើមសេដ្ឋកិច្ចមុខរោងចក្រ៖ ជីវភាពអ្នកលក់ដូរដែលប្រែប្រួលតាមហោប៉ៅកម្មករ

ចន្លោះពីម៉ោង ១១:០០ ដល់ម៉ោង ១២:០០ ថ្ងៃត្រង់ គឺជាពេលវេលាដ៏មមាញឹកបំផុតនៅ ម្តុំតំបន់រោងចក្រ។ សំឡេងកណ្ដឹងទើបតែបន្លឺឡើងភ្លាម កម្មករ-កម្មការិនីរោងចក្ររាប់រយនាក់បានរូតរះស្កែនកាត និងមេដៃ ដើរសម្រុកចេញមកក្រៅរបងទ្វារដូចទឹកបាក់ទំនប់។ អ្នកខ្លះប្រញាប់រត់រកទិញបាយម្ហូប ឯអ្នកខ្លះទៀតប្រញាប់បញ្ឆោតម៉ូតូជិះទៅផ្ទះ ដើម្បីបានជួបជុំស្រុះស្រូបអាហារថ្ងៃត្រង់ជាមួយគ្រួសារ។

បច្ចុប្បន្ន និយោជិតរោងចក្រភាគច្រើនមិនសូវខ្ចប់បាយមកពីផ្ទះឡើយ ដោយសារត្រូវចូលធ្វើការតាំងពីម៉ោង ៧:០០ ព្រឹក ហើយអ្នកខ្លះត្រូវឆ្លៀតជូនកូនទៅសាលារៀនថែមទៀត។ ភាពប្រញាប់ប្រញាល់នេះ បានធ្វើឱ្យការទិញអាហារស្រាប់ៗនៅមុខរោងចក្រ ក្លាយជាជម្រើសដ៏ល្អបំផុត ដែលជួយឱ្យអាជីវករលក់ដូរនៅទីនោះអាចរកចំណូលមកផ្គត់ផ្គង់គ្រួសារបាន។ ទោះជាយ៉ាងណាក៏ដោយ មួយរយៈពេលចុងក្រោយនេះ ដង្ហើមសេដ្ឋកិច្ចរបស់អ្នកលក់ដូរមុខរោងចក្រ ហាក់កំពុងជួបភាពរអាក់រអួលយ៉ាងខ្លាំង។

នៅមុខរោងចក្រក្បែរផ្សារចំការដូង ខណ្ឌដង្កោ គេសង្កេតឃើញមានរបរខ្លះនៅតែអាចបន្តលក់ដាច់។ អ្នកស្រី លាស់ ធីតា ដែលជាអ្នកលក់ដំឡូងឆឹង បានរៀបរាប់ទាំងទឹកមុខញញឹមថា របររបស់អ្នកស្រីមិនសូវពិបាកនោះទេ ឱ្យតែធ្វើមានរសជាតិឆ្ងាញ់ គឺមានអ្នកជួយទិញជានិច្ច។

លើចង្អើរកង់របស់អ្នកស្រី មានចានដែកធំមួយផ្ទុកទៅដោយដំឡូងឆឹងពណ៌លឿងឆ្អិនឆ្អៅ រោយដូងពីលើយ៉ាងគួរឱ្យចង់ពិសារ។ ក្នុងមួយថ្ងៃ អ្នកស្រីត្រូវធ្វើដំឡូងឆឹងលក់ពីរដង គឺពេលថ្ងៃត្រង់ និងពេលល្ងាច។ ដើម្បីលក់ឱ្យទាន់ម៉ោងកម្មករចេញ អ្នកស្រីត្រូវប្រើកង់ចល័តលក់ចន្លោះពីររោងចក្រ ដែលនៅក្បែរគ្នា ដោយចំណាយពេលធាក់កង់ពីកន្លែងមួយទៅកន្លែងមួយប្រហែល ១៥ ទៅ ២០ នាទី។

អ្នកស្រី លាស់ ធីតា រៀបរាប់ថា៖ «មួយចានដែកនេះ ជួនកាលលក់បាន ១១ ម៉ឺនរៀល ពេលល្ងាចបាន ១០ ម៉ឺនរៀលទៀត ក្នុងមួយថ្ងៃរកបានជាង ២០ ម៉ឺនរៀល (ទាំងដើម)។ ចំណូលនេះ គឺគ្រាន់នឹងដោះស្រាយការចំណាយប្រចាំថ្ងៃ អាចសងបំណុលគេបានខ្លះ និងសល់ខ្លះសម្រាប់សន្សំ»។

ផ្ទុយទៅវិញ ងាកមកមើលអាជីវករលក់ភេសជ្ជៈ និងនំនែកមួយចំនួនទៀត បែរជាកំពុងជួបវិបត្តិខ្សត់អ្នកទិញទៅវិញ។ នៅក្បែរមាត់ទ្វាររោងចក្រដែលធ្លាប់តែមានមនុស្សម្នាធ្វើដំណើរ និងតថ្លៃគ្នាទិញទំនិញអ៊ូអរ ឥឡូវនេះបែរជាស្ងប់ស្ងាត់ខុសពីមុន។

អ្នកស្រី ចៅ ពីន វ័យ ៤០ ឆ្នាំ ដែលបានប្រកបរបរលក់ទឹកសណ្តែកនៅទីនេះប្រមាណ ៣ ឆ្នាំមកហើយ បានត្អូញត្អែរទាំងសំឡេងខ្សោយៗថា ជាងមួយឆ្នាំមកនេះ របររបស់អ្នកស្រីធ្លាក់ចុះចំណូលជិតពាក់កណ្តាលជារៀងរាល់ថ្ងៃ ទោះបីជាអ្នកស្រីខំឆ្លៀតលក់នំនៅពេលព្រឹក និងលក់ទឹកសណ្តែកនៅពេលថ្ងៃក៏ដោយ។

អ្នកស្រី ចៅ ពីន ថ្លែងទាំងហត់ចិត្ត៖ «រកមិនសូវបានទេអូនអើយ! ពីមុនធ្លាប់លក់បាន ៥០ ទៅ ៦០ ដបក្នុងមួយថ្ងៃ តែឥឡូវបានត្រឹមតែ ៣០ ជាងដបប៉ុណ្ណោះ គឺធ្លាក់ចុះពាក់កណ្តាលតែម្តង ប្រហែលមកពីសេដ្ឋកិច្ចមិនសូវល្អ។ លក់នៅមុខរោងចក្រហើយ ម៉ោង ៣ រសៀល ខ្ញុំត្រូវជិះម៉ូតូដើរលក់តាមបុរី និងតាមផ្សារបន្តទៀត ទើបអាចរកប្រាក់ចំណេញបានប្រហែល ៣ ម៉ឺនរៀលពីទឹកសណ្តែកនេះ»។

មិនខុសគ្នាឡើយ ស្ថិតក្នុងសម្លៀកបំពាក់ខូវប៊យ ឃ្លុំមុខជិតដើម្បីការពារកម្តៅថ្ងៃ អ្នកស្រី កន ផល ដែលជាអ្នកលក់នំពពាយនៅជាប់នោះ ក៏បានចែករំលែកការលំបាកនេះដែរ។ អ្នកស្រីកត់សម្គាល់ថា រយៈពេលប្រហែល ៣ ខែចុងក្រោយនេះ ការលក់នំពពាយ និងភេសជ្ជៈធ្វើដោយដៃហាក់តឹងតែងខ្លាំង ព្រោះកម្មករនិយោជិតកាត់បន្ថយការចំណាយ និងចាយវាយត្បិតត្បៀតជាងមុន។

អ្នកស្រី កន ផល បញ្ជាក់ថា៖ «តាំងពីសេដ្ឋកិច្ចធ្លាក់ចុះមក គឺយ៉ាប់លក់ណាស់។ ឥឡូវរកមួយថ្ងៃទាំងដើមទាំងចុងបានត្រឹម ៤ ទៅ ១០ ម៉ឺនរៀលប៉ុណ្ណោះ បើកាលពីមុនបានច្រើនជាងនេះឆ្ងាយ។ កម្រៃសល់សព្វថ្ងៃបានត្រឹម ២ ទៅ ៣ ម៉ឺនរៀល។ សព្វថ្ងៃទំនិញឡើងថ្លៃ តែអ្នកញ៉ាំគេអត់សូវមានលុយ គេក៏កាត់បន្ថយការទិញ ថ្ងៃខ្លះលក់សល់មានតែចែកអ្នកជិតខាងហូប»។

ចំណែកឯអ្នកលក់បាយម្ហូបដែលមានឆ្នាំងសម្លរតម្រៀបជួរគ្នាជាច្រើនឯណោះវិញ ក៏កំពុងរងផលប៉ះពាល់ធ្ងន់ធ្ងរដូចគ្នា។ អ្នកស្រី ពៅ យឿន បានរៀបរាប់ថា សម្លរមួយចានរបស់អ្នកស្រីលក់ត្រឹមតែ ២,០០០ ទៅ ៣,០០០ រៀលប៉ុណ្ណោះ ដែលជាតម្លៃសមរម្យបំផុតសម្រាប់កម្មករ។ ប៉ុន្តែបច្ចុប្បន្នចំនួនអ្នកលក់មានការកើនឡើង ចំណែកអ្នកទិញបែរជាថយចុះ។ កម្មករខ្លះគ្មានលុយគ្រប់គ្រាន់សម្រាប់ទិញអាហារ បែរជាសុំជឿ (ជំពាក់) រហូតដល់ដាច់ខែទើបសងក៏មាន។

អ្វីដែលជាបន្ទុកដ៏ធ្ងន់ធ្ងរសម្រាប់អ្នកស្រី ពៅ យឿន គឺថ្លៃជួលតូបប្រចាំខែ ដែលអាជីវករចល័តដទៃទៀតមិនមាន។ ដោយសារតែការលក់ដូរធ្លាក់ចុះខ្លាំងក្នុងរយៈពេល ៣ ទៅ ៤ ខែចុងក្រោយនេះ ស្ត្រីវ័យ ៤៧ ឆ្នាំរូបនេះ បានសម្រេចចិត្តឈប់ជួលតូបនៅដំណាច់ខែនេះហើយ។

អ្នកស្រី ពៅ យឿន រអ៊ូទាំងអស់សង្ឃឹម៖ «ថ្លៃតូបមួយខែ ២០០ ដុល្លារ ឥឡូវលក់អត់ដាច់ផង រកលុយបង់ឱ្យគេមិនបានទេ។ ប្រហែលជាអស់ខែហ្នឹង ខ្ញុំឈប់ជួលហើយ។ ខ្ញុំគ្រោងនឹងទៅជួលបន្ទប់ស្នាក់នៅធម្មតា រួចធ្វើបាយម្ហូបដឹកតាមម៉ូតូមកលក់ដូចគេឯទៀតវិញ ដើម្បីកាត់បន្ថយការចំណាយ»។

ខ្សែជីវិតរបស់អាជីវករមុខរោងចក្រ គឺផ្សារភ្ជាប់ទៅនឹងកម្រិតជីវភាពរបស់កម្មករ។ នៅពេលដែលទំនិញនៅលើទីផ្សារបន្តឡើងថ្លៃ តែប្រាក់ចំណូលរបស់កម្មករនៅមានកម្រិត ពួកគេមានតែការបង្ខំចិត្តរឹតបន្តឹងការចំណាយប្រចាំថ្ងៃ។ ផលវិបាកទាំងនេះ បានរុញច្រានឱ្យអ្នកលក់ដូរមួយចំនួនធំ ត្រូវស៊ូទ្រាំនឹងភាពស្ងាត់ជ្រងំ ហើយអ្នកខ្លះទៀតក៏ត្រូវបង្ខំចិត្តផ្លាស់ប្តូរទម្រង់នៃការលក់ដូរ ដើម្បីបន្តរស់នៅក្នុងដង្ហើមសេដ្ឋកិច្ចដ៏តឹងតែងនេះ៕

 

Daily Program

Livesteam thumbnail