ជូអ៊ីជី ណាហ្គ៊ូម៉ូ អ្នកយុទ្ធសាស្រ្តសង្រ្គាមជប៉ុននៅសង្រ្គាមលោកលើកទី២

លោកជូអ៊ីជី ណាហ្គូម៉ូ កើតនៅទីក្រុងយ៉ូណេហ្ស៉ាវ៉ា នៅខេត្តយ៉ាម៉ាតា ប្រទេសជប៉ុន នៅថ្ងៃ​ទី​២៥ ខែមីនា ឆ្នាំ​១៨៨៧។ លោក​គឺជាតួអង្គដ៏សំខាន់​នៃកងទ័ពព្រះចៅអធិរាជជប៉ុន។ លោក​ជូអ៊ីជី ណាហ្គូម៉ូ​ជាមេ​បញ្ជាការ​កង​កម្លាំងចល័ត គីដូ ប៊ូតៃ (Kidō Butai) ដែលជាកង​​ក្រុម​នាវា​ដឹក​​យន្តហោះ​ធំៗ។ កងកម្លាំងនេះបានទទួលជោគជ័យជាបន្តបន្ទាប់ ចាប់ពីការវាយ​ប្រហារ​នៅ​​មូលដ្ឋាន​យោធា​អាម៉េរិក ភៀល ហាប័រ (Pearl Harbor) នៅថ្ងៃទី៧​ ខែធ្នូ ឆ្នាំ១៩៤១ រហូត​ដល់​ការ​វាយ​ប្រហារ​លើមូលដ្ឋានអង់គ្លេស នៅប្រទេសសៃឡង់(ស្រីលង្ការ) ពីថ្ងៃទី៥ ដល់​ទី៩ ខែមេសា ឆ្នាំ​១៩៤២។

លោកជូអ៊ីជី ណាហ្គូម៉ូ បានទទួលសញ្ញាបត្រនៅឆ្នាំ១៩០៨ នៃរាជបណ្ឌិតយោធាអធិរាជជប៉ុន នៅជំនាន់ទី៣៦ និងទទួលចំណាត់ថ្នាក់លេខ៨ ក្នុងចំណោមសិស្ស ១៩១នាក់។ នៅថ្ងៃទី១០ ខែ​មេសា ឆ្នាំ១៩៤១ លោកជូអ៊ីជី ណាហ្គូម៉ូ ត្រូវបានតែងតាំង​ជាមេបញ្ជាការនៃកង​​កម្លាំងវាយ​ប្រហារ​នៃកងនាវាដឹកយន្តហោះទី១ ដែលរួមបញ្ចូល កងពល​លេខ១ លេខ២ និងលេខ ៥ នៃ​នាវា​ដឹកយន្តហោះ។ កងនាវានេះ គឺជាជញ្ជាំងដែកថែប នៃកងទ័ពជើងទឹក​នៃព្រះចៅ​អធិរាជ​ជប៉ុន ក្នុងអំឡុង៦ខែដំបូងនៃសង្រ្គាមប៉ាស៊ីហ្វ៊ីក នៅសង្រ្គាមលោកលើក​ទី២។

ដោយប្រឹក្សាយោបល់ជាមួយឧត្តមនាវាឯក យ៉ាម៉ាម៉ូតូ និងមានការរៀបចំ យ៉ាងម៉ត់ចត់ដោយ​ឧត្តម​នាវាឯកប្រយុទ្ធ ហ្វ៊ូគូដូម៉េ និងអូនីស្ហ៊ី និងមេបញ្ជាការជេនដា លោកឧត្តមនាវាឯកជូអ៊ីជី ណាហ្គូម៉ូ ក៏បានបើកការវាយប្រហារលើមូលដ្ឋាន​​យោធាភៀល ហាប័រ របស់អាម៉េរិក ដែល​នេះ​ជាភាព​ជោគជ័យ​ផ្នែកយុទ្ធសាស្ត្រមួយរបស់ជប៉ុន។

នៅពេលត្រឡប់ពីភៀល៍ ហាប័រ នាវាដឹកយន្តហោះ ស័រ្យូ និងហ៊ីរីយូ ត្រូវបាន​ផ្តាច់​ចេញ នៅ​ខែ​ធ្នូ ឆ្នាំ១៩៤១ ដើម្បីទៅគាំទ្រការវាយប្រហារលើកោះវ៉េកឃេ ដែលនៅទីនោះ​កង​ម៉ារីន​អាម៉េរិក​បានតស៊ូប្រយុទ្ធយ៉ាងសាហាវ។ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៤ ខែមករា នាវា​ដឹក​យន្តហោះ ៤ គ្រឿង ក្រោមការបញ្ជារបស់លោកឧត្តមនាវាឯកជូអ៊ីជី ណាហ្គូម៉ូ បានគាំទ្រ​ការ​វាយ​ប្រហារ​របស់ជប៉ុនលើទីតាំងនៅអូស្ត្រាលីនៅទីក្រុងរ៉ាបូល និងកាវៀង នៃកោះប៉ាពួ​ញូហ្គីណេ​នៅ​ខណៈ​ដែលនាវាដឹកយន្តហោះសូរ្យូ និងហ៊ីរីយូ បានបំផ្លាញកោះអំបូអ៊ីនណេ នៅ​ប្រជុំ​កោះ​សេឡេប​នៅថ្ងៃទី៣១ ខែមករា ឆ្នាំ១៩៤២។ បន្ទាប់ពីបានប្រមូលកម្លាំងរួចហើយ លោក​ឧត្តម​នាវា​ឯកជូអ៊ីជី ណាហ្គូម៉ូ ក៏បានចាប់ផ្តើមនៅថ្ងៃទី១៩ ខែកុម្ភៈ ដោយធ្វើការ​បំផ្លាញ​កំពង់ផែ ដាកវីន នៅអូស្ត្រាលី ដែលបានបំផ្លាញសមត្ថភាពយោធារបស់កំពង់ផែ​នេះទាំង​ស្រុង។ នៅ​ចុង​ខែមីនា ឆ្នាំ១៩៤២ នាវាដឹកយន្តហោះរបស់លោកឧត្តមនាវាឯកជូអ៊ីជី ណាហ្គូម៉ូ បាន​ចេញ​ពី​ប្រជុំកោះសេឡេប ហើយឆ្លងចូលទៅក្នុងមហាសមុទ្រឥណ្ឌា ដើម្បីធ្វើការវាយ​ប្រហារ​លើ​កោះ​សៃឡង់ (ស្រីលង្ការ) ដែលមានគោលបំណងបំផ្លាញការប្រយុទ្ធដ៏សំខាន់របស់​កងទ័ព​ជើង​ទឹកអង់គ្លេសភាគខាងកើត (Eastern Fleet) ដែលកំពុងពង្រឹងកម្លាំង។

មូលដ្ឋានយោធាកូឡំបូ និងទ្រីនកូម៉ាលី ត្រូវបានបំផ្លាញនៅថ្ងៃទី៥ និងថ្ងៃទី៩ ខែមេសា ឆ្នាំ​១៩៤២។ នាវាចម្បាំងធំ ២គ្រឿង និងនាវាដឹកយន្តហោះតូចអេចអេមអេស ហេមម៉េស HMS Hermes ត្រូវបានពន្លិច។ ប៉ុន្តែឧតម្តនាវាឯកអង់គ្លេស សូមើវិល បានជោគជ័យដែរ ក្នុងការ​ផ្លាស់​​ទីកងទ័ពជើងទឹកសំខាន់របស់គាត់ឲ្យឆ្ងាយពីការវាយប្រហាររបស់នាវាដឹកយន្តហោះ​ជប៉ុន។

ទោះជាយ៉ាងណា នៅវិនាទីចុងក្រោយ បន្ទាប់ពីសង្គ្រាមសមុទ្រហ្វីលីពីន និងនៅចុងសង្គ្រាម កោះសៃប៉ាន លោកឧត្តមនាវាឯកជូអ៊ីជី ណាហ្គូម៉ូ បានធ្វើអត្តឃាតខ្លួនឯងនៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ​១៩៤៤ ដោយបាញ់ក្បាលខ្លួនឯង ដើម្បីមិនឲ្យកងទ័ពអាម៉េរិកចាប់ខ្លួនគាត់បានទាំងរស់។

 

Daily Program

Livesteam thumbnail