ខ្វាម៉េ អេនក្រូម៉ា មេដឹកនាំឯករាជ្យប្រទេសហ្គាណា

លោកខ្វាម៉េ អេនក្រូម៉ា កើតនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ១៩០៩ នៅទីក្រុងអេនក្រូហ្វ៊ូល អតីតទឹក​ដី​កូត ដឺ ឡ័រ អាណានិគមអង់គ្លេស សព្វថ្ងៃនេះ គឺជាប្រទេសហ្គាណា។ លោកខ្វាម៉េ អេនក្រូម៉ា គឺ​ជាបុរសរដ្ឋទាមទារឯករាជ្យ​របស់ហ្គាណា និងជាអ្នកគាំទ្រសហភាពអាហ្វ្រ៊ិករួបរួម។

លោកខ្វាម៉េ អេនក្រូម៉ា ដឹកនាំទឹកដីកូត ដឺ ឡ័រ អង់គ្លេស ពីឆ្នាំ១៩៥៤ ដល់ឆ្នាំ ១៩៥៧ បន្ទាប់​មកជាប្រទេសហ្គាណាឯករាជ្យ ធ្វើជានាយករដ្ឋមន្រ្តីពីឆ្នាំ១៩៥៧ ដល់ឆ្នាំ១៩៦០ និង​ជា​ប្រធានាធិប​​តីនៃសាធារណរដ្ឋហ្គាណាពីឆ្នាំ១៩៦០ ដល់ឆ្នាំ១៩៦៦។

លោកខ្វាម៉េ អេនក្រូម៉ា កើតនៅឆ្នាំ១៩០៩ នៅទឹកដីកូត ដឺ ឡ័រ ជាឈ្មោះដែលអាណានិគម​អង់គ្លេស​ដាក់ឲ្យ។ ទោះបីជាលោកមានប្រភពពីសង្គមសាមញ្ញ មិនសូវមានទ្រព្យ លោកខ្វាម៉េ អេនក្រូម៉ា បានទទួលឲ្យចូលរៀនបង់ថ្លៃ ដែលជាដំណើរការសិក្សាដែលគេបង្កើត​ឡើង​សម្រាប់​កុមារជាកូនៗរបស់អ្នកមានឥទ្ធិពលក្នុងប្រពៃណីជាចម្បង។ របៀបនេះត្រូវបានរំពឹង​ថា នឹង​អនុញ្ញាតឲ្យរដ្ឋបាលអាណានិគមអង់គ្លេសពឹងផ្អែកលើថ្នាក់ឯកសិទ្ធិរបស់ជនជាតិដើម ដែល​អាចត្រូវជ្រើសរើសជាអ្នកតំណាងនៅមូលដ្ឋាន។  នៅឆ្នាំ១៩៣៥ លោកខ្វាម៉េ អេនក្រូម៉ា បាន​ធ្វើដំណើរទៅកាន់សហរដ្ឋអាម៉េរិកដើម្បីបន្តការ​សិក្សារបស់លោកនៅសកលវិទ្យាល័យ លីនខូល។ ទន្ទឹមនឹងការធ្វើការងារតូចតាចជាច្រើននៅពេល​សិក្សាផង ដែលលោកតែងពិព៌នា​ថា ជាជីវិត​ដ៏ទុរគត​របស់លោកនាប៉ុន្មានឆ្នាំនៅសហរដ្ឋអាម៉េរិក លោកខ្វាម៉េ អេនក្រូម៉ា បាន​ទទួល​សញ្ញាបត្រខាងសេដ្ឋកិច្ច និងសង្គមវិទ្យា នៅឆ្នាំ១៩៣៩។

លោកខ្វាម៉េ អេនក្រូម៉ា បានវិលត្រឡប់មកកាន់ទឹកដីកូត ដឺ ឡ័រ វិញ នៅឆ្នាំ១៩៤៧។ លោក​ធ្វើ​នយោបាយ។ លោកបានក្លាយជាអគ្គលេខានៃគណបក្សកិច្ចព្រម​ព្រៀង​កូត ដឺ ឡ័រ រួបរួម។ នៅ​ថ្ងៃទី១២ ខែមិថុនា ឆ្នាំ១៩៤៩ ដោយមានការគាំទ្រពីអង្គការ​យុវជននៃគណបក្សកិច្ចព្រម​ព្រៀង​​កូត ដឺ ឡ័រ រួបរួម លោកខ្វាម៉េ អេនក្រូម៉ា បាន​ប្រកាស​បង្កើត​គណបក្សថ្មី គឺ​គណបក្ស​​កិច្ច​​ព្រមព្រៀង​ប្រជាជន​ ហើយដែលគណបក្សនេះបានទទួល​ជ័យជម្នះនៅ​ក្នុង​ការ​បោះឆ្នោត​​នីតិបញ្ញត្តិ​​នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ១៩៥១។ លោកខ្វាម៉េ អេនគ្រូម៉ា ក៏រៀបចំបង្កើត​រដ្ឋាភិបាល។

ដោយឈលើមូលដ្ឋាននៃនយោបាយ ការធ្វើឲ្យរដ្ឋបាលមានលក្ខណៈអាហ្វ្រ៊ិក និងយន្តការ​សហភាព​អាហ្វ្រ៊ិករួបរួម​ លោកខ្វាម៉េ អេនក្រូម៉ា បានសម្រេចអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ​ជា​មូលដ្ឋាន​របស់ប្រទេស ដោយប្រើប្រាស់ប្រាក់ចំណេញពីការិយាល័យពាណិជ្ជកម្មដំណាំ​កាកាវ។ ចំណែក​​វិស័យអប់រំ និងសុខាភិបាលក៏ឃើញមានការរីកចម្រើនពិតប្រាកដ។

ក្រោយពីការបោះឆ្នោតនីតិបញ្ញត្តិនៅឆ្នាំ១៩៥៦ គណបក្សកិច្ចព្រមព្រៀងប្រជាជន​ ទទួលបាន ៣/៤ នៃអាសនៈសភា លោកខ្វាម៉េ អេនក្រូម៉ា ជាមួយនិងជោគជ័យខ្លាំង បានតម្រូវឲ្យចក្រភព​អង់គ្លេស ផ្តល់ឯករាជ្យ ហើយដែលឯករាជ្យហ្គាណា ត្រូវបានប្រកាសឡើង​នៅថ្ងៃទី៦ ខែមីនា ឆ្នាំ​១៩៥៧។

រដ្ឋាភិបាលព្យាយាម​ធ្វើឲ្យមានភាពចម្រុះ​នៃ​សេដ្ឋកិច្ច​ហ្គាណា និងកាត់បន្ថយការពឹងផ្អែក​ពី​ខាង​ក្រៅ​ផង។  ចំណែកហេដ្ឋារចនា​សម្ព័ន្ធ​បាន​ជួប​នូវការអភិវឌ្ឍដ៏គួរឲ្យកត់សម្គាល់​ ជាមួយ​នឹង​មាន​ការ​សាងសង់​ទំនប់វារីអគ្គិសនី អាកូសូមបូ ដែលអាចផ្តល់ ភ្លើង ៩១២ ម៉េហ្គាវ៉ាត។ ការ​អប់រំរបស់ប្រទេសបានក្លាយ​ជាមិន​យក​កម្រៃ និងជាកាតព្វកិច្ចនៅឆ្នាំ១៩៦២ ហើយការអប់រំ​ជាន់​ខ្ពស់ក៏អត់គិតថ្លៃដែរនៅឆ្នាំ១៩៦៥។ លោកខ្វាម៉េ អេនក្រូម៉ា ក៏បានប្រឹងប្រែងយ៉ាងខ្លាំង​ក្នុង​ការលើកកម្ពស់វប្បធម៌នៃ​សហភាព​អាហ្វ្រ៊ិកដែលរួបរួម។

នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ១៩៦៦ នៅខណៈដែលលោកធ្វើដំណើរទៅកាន់ប្រទេសចិន លោក​ខ្វាម៉េ អេនក្រូម៉ា ត្រូវបានផ្តួលរំលំដោយរដ្ឋប្រហារយោធាដោយគ្មានការតស៊ូណាមួយទេ។ លោក​ត្រូវរស់នៅនិរទេស ហើយមិនដែលវិលត្រឡប់មកប្រទេសវិញទេ។ នៅថ្ងៃ​ទី​២៧ ខែ​មេសា ឆ្នាំ១៩៧២ លោកខ្វាម៉េ អេនក្រូម៉ាបានទទួលមរណភាពនៅមន្ទីរពេទ្យ ប៊ុយហ្គារ៉េស នៅ​ប្រទេស​រ៉ូម៉ានី បន្ទាប់ពីមានជំងឺមហារីកក្រពះ។

 

Daily Program

Livesteam thumbnail