វិស័យទេសចរណ៍កម្ពុជាប្រឈមនឹងភាពស្រពិចស្រពិល

វិស័យ​ទេសចរណ៍​កម្ពុជា​កំពុង​ប្រឈម​នឹង​បញ្ហា​ជាច្រើន ដោយចំនួន​ភ្ញៀវ​ទេសចរបរទេស​បាន​ធ្លាក់​ចុះ ៤៤,៤​ភាគរយ មក​នៅ​ត្រឹម ២,២៥ លាន​នាក់ ក្នុង​រយៈពេល ៨ ខែដំបូង​នៃ​ឆ្នាំ ២០២៦ ពី​ចំនួន ៤,០៥ លាន​នាក់ ក្នុងរយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន នេះ​បើ​យោង​តាម​របាយការណ៍​របស់​ក្រសួង​ទេសចរណ៍​ដែល​បាន​ចេញផ្សាយ​កាលពី​ម្សិល​មិញ​។

អ្នកជំនាញផ្នែកទេសចរណ៍បានប្រមើលមើលថា ស្ថានភាពទេសចរណ៍សម្រាប់ចុងឆ្នាំ២០២៦នេះ នៅមិនទាន់ល្អប្រសើរនៅឡើយទេ។

អ្នកជំនាញទេសចរណ៍មួយរូបសុំមិនបញ្ចេញឈ្មោះបានឱ្យដឹងថា ការកើនឡើងក្នុងឆមាសទី១ គឺដោយសារត្រូវចំរដូវកាលដែលមានភ្ញៀវទេសចរច្រើន (High Season) ប៉ុន្តែនៅឆមាសទី២នេះ គឺជាfieldរដូវកាលធ្លាក់ភ្ញៀវ (Low Season) ដូច្នេះស្ថានភាពពិតជាមានភាពស្រពិចស្រពិល។ ម្យ៉ាងវិញទៀត បណ្តាប្រទេសជិតខាងក៏បានខិតខំប្រឹងប្រែងដូចគ្នា ហើយគេបានដើរមុនយើងមួយជំហាន ខណៈកម្ពុជាទើបតែចាប់ផ្តើមប្រជុំពិភាក្សា។

លោកបានបញ្ជាក់ថា៖ «ប្រទេសវៀតណាម ថៃ ម៉ាឡេស៊ី និងឥណ្ឌូណេស៊ី ជាដើម គេបានដាក់ចេញនូវគោលនយោបាយ និងអនុវត្តយ៉ាងសកម្មរួចទៅហើយ ប៉ុន្តែយើងនៅមិនទាន់បានអនុវត្តពេញលេញនៅឡើយទេ»។

ពាក់ព័ន្ធនឹងស្ថានភាពនេះ អ្នកជំនាញទេសចរណ៍ និងជាអ្នកប្រកបអាជីវកម្មក្នុងវិស័យនេះជាង ២ទសវត្សរ៍ បានឱ្យដឹងថា ក្នុងស្ថានភាពបែបនេះ កម្ពុជាចាំបាច់ត្រូវប្រឈម និងមានការងារជាច្រើនដែលត្រូវធ្វើ។

លោកថ្លែងថា  «យើងឃើញហើយថាយើងមិនទាន់ធ្វើបានល្អនៅឡើយទេចំពោះការងារសព្វថ្ងៃ ពាក់ព័ន្ធនឹងការផ្សព្វផ្សាយទេសចរណ៍នៅក្នុងស្រុក ព្រោះយើងត្រូវបូកផ្សំច្រើន ទាំងការកែលម្អសេវាកម្ម និងផលិតផលទេសចរណ៍បន្ថែមទៀត។ ទោះជាយ៉ាងណា យើងជឿជាក់លើរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ថានឹងធ្វើឱ្យមានការផ្លាស់ប្តូរជាវិជ្ជមានក្នុងវិស័យទេសចរណ៍ ហើយជឿជាក់ថាថ្នាក់ដឹកនាំ និងស្ថាប័នជំនាញ នឹងយកបញ្ហាទាំងនេះទៅធ្វើការកែតម្រូវ»។

វិស័យទេសចរណ៍ដែលជា «ឧស្សាហកម្មគ្មានផ្សែង» គឺជាប្រភពចំណូលយ៉ាងសំខាន់មួយសម្រាប់ទ្រទ្រង់កំណើនសេដ្ឋកិច្ចកម្ពុជា។ ក៏ប៉ុន្តែក្រោយការថមថយនៃវិបត្តិជំងឺកូវីដ-១៩ វិស័យទេសចរណ៍កម្ពុជាហាក់នៅតែដើរយឺតជាងប្រទេសមួយចំនួននៅក្នុងតំបន់ ទោះបីជាកម្ពុជាបានសាងសង់ និងដាក់ឱ្យដំណើរការអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មីរួចហើយក៏ដោយ។

រ​បាយការណ៍​បានឱ្យដឹង​ថា ចិន និង​វៀតណាម​នៅតែ​ជា​ប្រភព​ភ្ញៀវ​ទេសចរបរទេស​ធំជាង​គេ​របស់​កម្ពុជា ដោយ​មាន​ភ្ញៀវ​មក​ពី​ចិន​ចំនួន ៥៨៨.០៥១ នាក់ និង​ពី​វៀតណាម​ចំនួន ៥៨៥.៧១១ នាក់​។

ប្រភព​ភ្ញៀវ​ទេសចរ​សំ​ខាន់​ៗផ្សេងទៀត រួមមាន សហរដ្ឋអាមេរិក បារាំង ចក្រ​ភព​អង់គ្លេស ឥណ្ឌូណេ​ស៊ី អូស្ត្រា​លី ជប៉ុន និង​កូរ៉េ​ខាងត្បូង​។

ក្រសួង​ទេសចរណ៍​បាន​ឱ្យដឹង​ថា ក្នុង​អំឡុង​ខែមករា-សីហា ការ​ធ្វើដំណើរ​តាម​ផ្លូវអាកាស​មាន​ចំនួន ៦៣​ភាគរយ​នៃ​ភ្ញៀវ​ទេសចរ​បរទេស​សរុប ខណៈ ៣៧​ភាគរយ ទៀត​បាន​ចូល​មក​កម្ពុជា​តាម​ផ្លូវទឹក និង​ច្រក​ព្រំដែន​គោក​។

មន្ត្រី​រដ្ឋាភិបាល និង​អ្នកជំនាញ​ទេសចរណ៍​បាន​លើកឡើង​ថា ភាព​តានតឹង​ភូមិ​សាស្ត្រ​នយោបាយ​ដែល​កំពុង​បន្ត និង​ការ​បិទ​ព្រំដែន​គោក​កម្ពុជា-ថៃ បាន​ជះឥទ្ធិពល​ដល់​សកម្មភាព​ពាក់ព័ន្ធ​នឹង​វិស័យ​ទេសចរណ៍ រួម​មានការ​ដឹកជញ្ជូន បដិសណ្ឋារ​កិច្ច និង​ពាណិជ្ជកម្ម​។

ទោះបីចំនួន​ភ្ញៀវ​ទេសចរបរទេស​បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​ក៏​ដោយ មន្ត្រី​រដ្ឋាភិបាល​បាន​មើលឃើញ​បញ្ហា​ប្រឈម​នាពេល​បច្ចុប្បន្ន​ជា​ឱកាស​សម្រាប់​រៀបចំ​វិស័យ​ទេសចរណ៍​ឡើង​វិញ កាត់បន្ថយ​ការពឹង​ផ្អែក​លើ​តំបន់​បេតិកភណ្ឌ​ប្រពៃណី និង​ធ្វើពិពិធកម្ម​ផលិត​ផល​ទេសចរណ៍​របស់​កម្ពុជា​។

 

Daily Program

Livesteam thumbnail
khmer popup image