អាជីវករណាដែលមិនមានសុចរិតភាពនៅក្នុងអាជីវកម្មគួរតែចាត់ការតាមច្បាប់
នៅក្នុងកាលៈទេសៈនៅពេលបច្ចុប្បន្ននេះស្ថានភាពសេដ្ឋកិច្ចគឺពិតជានៅក្នុងមាត់ជ្រោះនៃវិបត្តិ ដែល ចាំបាច់យើងត្រូវតែវះកាត់នូវអ្វីដែលជាបញ្ហាដែលអាចនឹងរីករាលដាលនិងបង្កបញ្ហាដល់សង្គម។
នៅក្នុងអំឡុងពេលដ៏វិបាកនេះ ភាពស្មោះត្រង់ ត្រឹមត្រូវ និង សុចរិតភាពគឺពិជាចាំបាច់បំផុត បើមិនដូច្នេះទេ ជាតិយើងនឹងអាចប្រឈមមឹងទល់នឹងការលំបាកនានាទាំងឡាយដែលកំពុងតែប្រឈមមុខនាពេលបច្ចុប្បន្ននេះ។
នៅពេលបច្ចុប្បន្ននេះ អ្វីដែលកំពុងតែវឹកវបំផុតនោះ គឺការហើមឡើងនូវតម្លៃនៃប្រេងឥន្ធនៈដោយនៅក្នុងពេលបច្ចុប្បន្ននេះ តម្លៃប្រេងឥន្ធនៈឡើងលើសពី៥.០០០ រៀលទៅហើយ។ គេក៏បានប៉ាន់ប្រមាណថា តម្លៃប្រេងឥន្ធនៈលក់វាយនឹងអាចឡើងថ្លៃលើសនេះច្រើនថែមទៀត ដរាបណាសង្រ្គាមនៅមជ្ឈិមបូព៌ា កាន់តែដាបទៅៗ។
នៅកម្ពុជាយើងនេះ ថ្វីត្បិតមិនប៉ះពាល់ផ្ទាល់ក៏ពិតមែន ប៉ុន្តែអ្វីភាពប្រយោលនេះ វារឹតតែធ្វើឲ្យកម្ពុជារងគ្រោះ ជាពិសេសគឺការហើមឡើងនៃតម្លៃប្រេងឥន្ធនៈ ខណៈដែលពេលនេះមន្រ្តីជាន់ខ្ពស់អះអាងថា សន្និសីទប្រេងឥន្ធនៈមិនមានសញ្ញាខ្វះខាតនៅឡើយទេ ប៉ុន្តៃក្តីមន្ទិលមួយបានកំពុងតែកើតមាន គឺអ្នកធ្វើអាជីវកម្មមួយចំនួនគ្មានសុចរិតភាពនៅក្នុងអាជីវកម្ម។
នៅក្នុងស្ថានភាពដែសង្រ្គាមនៅអ៊ឺរ៉ង់កំពុងតែក្តៅគគុក តម្លៃប្រេងឥន្ធនៈក៏កំពុងតែឡើងយ៉ាងនេះ លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ដែលជាតំណាងឲ្យក្រុមអន្តរក្រសួង សម្រាប់កំណត់រូបមន្តកែសម្រួលថ្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជា ត្រូវបានសារព័ត៌មានមួយចំនួនដកស្រង់សម្ដីថា ក្រុមជំនាញចម្រុះអន្តរក្រសួង នឹងត្រួតពិនិត្យមើលស្ថានភាពជាក់ស្តែងចំពោះស្ថានីយ៍ប្រេងឥន្ធនៈ ដែលបានបិទអាជីវកម្ម ក្រោមហេតុផល អស់ស្តុកផ្គត់ផ្គង់ក្នុងប្រតិបត្តិការអាជីវកម្ម។
នៅក្នុងស្ថានភាពបែបនេះ ប្រសិនបើការត្រួតពិនិត្យរកឃើញដូចជាការសង្ស័យបែបនោះមែន សង្ឃឹមថា ស្ថាប័នពាក់ព័ន្ធនឹងសម្រេចចិត្តវះកាត់ទៅតាមច្បាប់ដោយមិនយោគយល់។ ការវះកាត់នេះគឺចាំបាច់បំផុត ពីព្រោះវាពាក់ព័ន្ធនឹងស្ថានភាពសង្គមសេដ្ឋកិច្ចនិងសង្គមជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋកម្ពុជា។ ការរកស៊ីគឺដើម្បីប្រាក់ចំណេញ ប៉ុន្តែមិនមែនជាប្រតិបត្តិការដែលខុសច្បាប់ ហើយមិនសុចរិតនោះទេ ប្រាក់ចំណេញគួរតែជាប្រាក់ចំណេញដែលមានច្បាប់ជាគោល៕