វៀតណាម យកភាសាអង់គ្លេសជាភាសាទី២ អ្នកខ្លះចង់ឲ្យកម្ពុជាធ្វើបែបនោះដែរ!

ដោយឃើញវៀតណាមដាក់គោលដៅយកភាសាអង់គ្លេសជាភាសាទី២ នៅមុនឆ្នាំ២០៣៥ មានទស្សនៈមួយចំនួនបានលើកឡើងថា កម្ពុជាគួរតែយកគំរូរតាមវៀតណាម។
នេះគឺជាមតិមួយ វាមិនមែនជាអ្វីខុសឬត្រូវទេគ្រាន់តែបញ្ចេញមតិ ប៉ុន្តែយើងខ្ញុំគិតថា មិនបាច់ដាក់ក៏បាន ពីព្រោះនៅពេលនេះ ក្រៅពីភាសាខ្មែរដែលជាភាសាជាតិតែមួយ ពលរដ្ឋយើងភាគច្រើនគឺបាននាំគ្នាឲ្យកូនចៅបំប៉នរៀនភាសាអង់គ្លេសនេះរួចទៅហើយ។
មកដល់ពេលនេះ ប្រសិនបើយើងនិយាយនៅក្នុងប្រព័ន្ធអប់រំ ជាពិសេសនៅក្នុងកម្មវិធីសិក្សាចំណេះទូទៅពីថ្នាក់ទី ១ ដល់ថ្នាក់ទី ១២ ភាសាមានតែពីរទេ គឺអង់គ្លេសនិងបារាំង ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយចំនួនអ្នកនិយមអង់គ្លេសគឺមានច្រើនជាងបារាំងស្រាប់ទៅហើយ ទោះបីជាកម្ពុជាប្រកាសថា ជាប្រទេសមួយដែលនិយាយភាសាបារាំង ហើយជាសមាជិកក្រុមប្រទេសនិយាយភាសាបារាំងក៏ដោយ។
ក្រៅពីភាសាទាំងពីរនេះ ក៏មានក្រុមគ្រួសារខ្លះក្រៅពីឱ្យកូនរៀនអង់គ្លេសហើយនោះ គឺនៅមានអ្នកខ្លះបង្ខំកូនឬលើកទឹកចិត្តកូនឱ្យរៀនភាសាចិនបន្ថែមទៀត ខណៈដែលអ្នកខ្លះគឺឱ្យកូនរៀនកម្មវិធីសិក្សាចំណេះទូទៅនេះជាភាសាចិនក៏មានដែរ។
ក្រៅពីភាសាទាំងបីនេះ ក៏មានស្ថាប័នដំណើរការអប់រំភាសាជាច្រើនទៀត ដើម្បីបំពេញទៅតាមតម្រូវការតាមការស្រលាញ់និងការចូលចិត្ត ឬ ក៏តាមជំនាញដែលត្រូវបន្តដែលភាសាទាំងនោះមានតាំងពីភាសាថៃ ភាសា កូរ៉េ ភាសាជប៉ុន ជាដើម។
ការលើកទឹកចិត្តឲ្យពលរដ្ឋសិក្សាភាសាបរទេស មិនចាំបាច់ប្រកាសឬដាក់ចេញជាគោលនយោបាយតម្រង់ទិសទេ តែទីផ្សារការងារតម្រូវ នោះពលរដ្ឋនឹងតម្រែតម្រង់ខ្លួន ដើម្បីចាប់យកចំណេះនិងជំនាញភាសាទាំងនោះហើយ។
ផ្អែកតាមទឡ្ហីករណ៍នេះ កម្ពុជាមិនបាច់ចាំប្រកាសយកភាសាបរទេសណាមួយជាភាសាទី២ទី៣អីទេ គឺតែភាសាជាតិមួយនេះបានហើយ។ ប៉ុន្តែប្រសិនបើចង់សម្រួចគុណភាព ក៏គួរតែគិតអំពីរបាយនៃភាសា ពីព្រោះយើងមានគោលនយោបាយការរបទេសបើកចំហរ ដូច្នេះគួរតែមានកម្មវិធីពង្រីកការសិក្សាភាសាផ្សេងៗតាមតម្រូវការនៃគោលនយោបាយ។
នៅលើពិភពលោកមានភាសាផ្លូវការ៧ ដូច្នេះប្រសិនបើយើងចង់ឲ្យប្រទេសយើងខ្លាំងគួរតែរៀបចំតម្រែតម្រង់ទិសបណ្តុះបណ្តាលភាសាទាំង៧នេះឲ្យបានវាប្រសើរណាស់ទៅហើយ។
សរុបមកវិញ ការរក្សាទុកភាសាខ្មែរជាភាសាជាតិតែមួយគឺជារឿងប្រពៃ វាគឺជារឿងដែលត្រូវតែរក្សានិងលើកកំពស់បន្ថែម ហើយភាសាផ្សេងៗគឺមិនបាច់ប្រកាសទេ តែតម្រែតម្រង់កម្មវិធីសិក្សាបន្ថែមតាមតម្រូវការដែលត្រូវប្រើប្រាស់៕
Daily Program
