រៀនច្រើន ប៉ុន្តែបើមិនយកចំណេះមកអនុវត្តទេ សឹងស្មើសូន្យ !

មកដល់ពេលបច្ចុប្បន្ននេះ ស្ថាប័នខ្លះគឺប្រកាសបណ្តុះបណ្តាលបុគ្គលិកជាច្រើន ប៉ុន្តែចុងក្រោយលទ្ធផលដែលទទួលបានគឺសឹងស្មើសូន្យ ពីព្រោះគ្មានការអនុវត្ត។

ជាការពិតមកដល់ពេលនេះស្ថាប័នមួយចំនួនគឺពិតជាផ្តល់តម្លៃនិងបានបើកវគ្គបណ្តុះបណ្តាលច្រើនណាស់ ហើយនៅក្នុងរយៈពេលមួយឆ្នាំៗគ្រាន់តែចំណាយលើការបណ្តុះបណ្តាលនេះគឺអស់លុយឬថវិកាមិនចេញតិចឡើយ ប៉ុន្តែព្រោះតែកង្វះការយកចិត្តទុកដាក់នៅក្នុងកាផ្តល់ឱកាសឲ្យបុគ្គលិកអនុវត្តបំណិនចេញពីវគ្គបណ្តុះបណ្តាលដែលខ្លួនបានចំណាយនោះ សមត្ថភាពរបស់បុគ្គលិកនៅតែមានកម្រិត។

ការរៀនគឺពិតជាសំខាន់ហើយ ប៉ុន្តែការអនុវត្តទ្រីស្តីនិងបំណិនដែលបានមកពីការៀនក៏វារិតតែសំខាន់ផងដែរ។ នៅក្នុងករណីឲ្យបុគ្គលិករៀនគិតពីរៀន ប៉ុន្តែមិនមានពេលវេលានៅក្នុងការអនុវត្តចំណេះដែលរៀនពិតប្រាកដទេនោះ បំណិននិងចំណេះដែលរៀនប្រៀបបីដូចជាចាក់ទឹកដាក់នៅលើក្បាលទា គឺមិនសើម ហើយមិនជ្រាបឡើយ។

ចំណេះនិងបំណិនដែលរៀនដោយស្ថាប័នចំណាយអស់ជាច្រើននោះ គឺបានត្រឹមតែច្បោលៗ តែមួយរយៈខ្លួនពោលគឺមិនដល់១ខែផងគឺវាចូលខ្យល់ហើយវិលត្រឡប់ទៅគ្រូវិញអស់ហើយ ប៉ុន្តែប្រសិនបើបើកវគ្គបណ្តុះបណ្តាលហើយ រួចស្ថាប័ននោះផ្តល់ឱកាសនិងពេលវេលា ឬបើកឱកាសឲ្យបុគ្គលិទាំងនោះយកវាមកអនុវត្តនឹងការងារផ្ទាល់នោះវារិតតែចេះ។​

ពេលខ្លះរៀនតែទ្រឹស្តីឃើញថាស្រួល ប៉ុន្តែនៅពេលដែលអនុវត្តជាក់ស្តែងបានដឹងថា វាលំបាកវាត្រូវការការយកចិត្តទុកដាក់បន្ថែមទៀតជាច្រើន។

នៅក្នុងស្ថានបែបនេះ ស្ថាប័នបែបនោះគួរតែសិក្សានិងវិភាគរកមុខជំនាញណាដែលចាំបាច់ហើយពិតជាចង់ឲ្យបុគ្គលិករៀនហើយមានប្រយោជន៍ចំពោះបុគ្គលិកនិងសម្រាប់ក្រុមហ៊ុនដែរ បើរៀនហើយចោលដដែលកុំចំណាយលុយរៀបចំវគ្គបណ្តុះបណ្តាលនោះនាំតែខាតលុយទេ ហើយបុគ្គលិកនោះក៏ខាតពេលវេលានឹងចូលរួមដែរ។

មុនចំណាយថវិកាបើកវគ្គបណ្តុះបណ្តាលគួរតែវិភាគនិងសិក្សាឲ្យស៊ីជម្រៅ ជៀសវាងបើកហើយបុគ្គលិកនៅដដែលប្រើមិនកើត។

ការបណ្តុះបណ្តាលបុគ្គលិកគឺជាការវិនិយោគដ៏សំខាន់សម្រាប់ការអភិវឌ្ឍធនធានមនុស្ស និងការបង្កើនប្រសិទ្ធភាពការងាររបស់ស្ថាប័ន។ ប៉ុន្តែទោះជាយ៉ាងណា ការបណ្តុះបណ្តាលនឹងមិនអាចផ្តល់លទ្ធផលជាក់ស្តែងបានឡើយ ប្រសិនបើបុគ្គលិកមិនទទួលបានឱកាស និងបរិយាកាសសមស្របក្នុងការយកចំណេះដឹង និងបំណិនដែលបានរៀនទៅអនុវត្តក្នុងការងារប្រចាំថ្ងៃ។ ចំណេះដឹងដែលរៀនហើយមិនបានប្រើប្រាស់ នឹងត្រូវបាត់បង់បន្តិចម្តងៗ ហើយថវិកាដែលបានចំណាយលើការបណ្តុះបណ្តាលក៏អាចក្លាយជាការចំណាយដែលមិនមានប្រសិទ្ធភាពផងដែរ។

សរុបទៅមុននឹងសម្រេចចិត្តរៀបចំវគ្គបណ្តុះបណ្តាលណាមួយ ស្ថាប័នគួរតែធ្វើការវិភាគតម្រូវការជាក់ស្តែង កំណត់គោលដៅឱ្យច្បាស់ និងរៀបចំផែនការគាំទ្រក្រោយការបណ្តុះបណ្តាល ដើម្បីធានាថាបុគ្គលិកអាចយកចំណេះដឹងថ្មីៗទៅអនុវត្តបានពិតប្រាកដ។ មានតែការភ្ជាប់រវាង “ការរៀន” និង “ការអនុវត្ត” ប៉ុណ្ណោះ ទើបអាចបង្កើតជាសមត្ថភាពពិត បង្កើនផលិតភាពការងារ និងធ្វើឱ្យការវិនិយោគលើការបណ្តុះបណ្តាលទទួលបានតម្លៃខ្ពស់បំផុតសម្រាប់ទាំងបុគ្គលិក និងស្ថាប័ន៕

 

 

 

Daily Program

Livesteam thumbnail