អាជ្ញាធរជាតិអប្សរា ប្រាប់ពីការត្រៀមខ្លួន និងប្រុងប្រយ័ត្នពេលចូលទស្សនារមណីយដ្ឋានអង្គរ នារដូវវស្សា

អាជ្ញាធរជាតិអប្សរា នាថ្ងៃទី១១ ឧសភា បានប្រកាសដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិពីការត្រៀមខ្លួន និងប្រុងប្រយ័ត្នពេលចូលទស្សនារមណីយដ្ឋានអង្គរនារដូវវស្សា ក្នុងគោលបំណងរក្សាឱ្យបាននូវបទពិសោធន៍ទស្សនា ប្រកបដោយភាពសប្បាយរីករាយ និងក្នុងគោលដៅបង្ការផលប៉ះពាល់ ព្រមទាំងធានាបាននូវសុវត្ថិភាពជាអតិបរមា ក្នុងដំណើរកំសាន្ត និងឆ្លងកាត់រមណីយដ្ឋានអង្គរ បេតិកភណ្ឌពិភពលោក។

អាជ្ញាធរជាតិអប្សរាបានរំលឹកអំពី វិធានការគួរអនុវត្តមួយចំនួនរួមមាន៖ គ្រោះថ្នាក់ពីដើមឈើ៖ សូមកុំចតយានយន្តគ្រប់ប្រភេទក្រោមដើមឈើនៅពេលខ្យល់កន្ត្រាក់ ឬភ្លៀង ខ្លាំងដែលអាចបណ្តាលឱ្យសភាពដីទន់ជ្រាយខ្លាំង បង្កទៅជាការបាក់មែក ឬរលំដើមឈើ ជាយថាហេតុ។ ប្រយ័ត្នផ្គររន្ទះ៖ ក្នុងករណីមេឃខ្មៅ ធ្លាក់ភ្លៀង ឬមានផ្គររន្ទះខ្លាំង សូមចៀសវាងការប្រើឧបករណ៍អេឡិច ត្រូនិច និងកុំជ្រកក្រោមដើមឈើធំៗ។

ការរៀបចំខ្លួន និងសម្លៀកបំពាក់ រួមមាន៖ ស្បែកជើង៖ គួរប្រើប្រាស់ស្បែកជើង ដែលមានសភាពស្អិតល្អ ពីព្រោះថ្មប្រាសាទអាចនឹងមានសភាព រអិលខ្លាំងនៅពេលសើម។ អាវភ្លៀង និងឆ័ត្រ៖ គួរត្រៀមអាវភ្លៀង ឬឆ័ត្រ ដែលមិនមានចុងស្រួចខ្លាំង (អាចប៉ះពាល់ថ្ម និងចម្លាក់ ប្រាសាទ) និងចៀសវាងប្រើប្រាស់សម្ភារទាំងនោះ ដែលមានស្លាកសញ្ញា (Logo) តំណាងឱ្យការ ផ្សព្វផ្សាយផលិតផលគ្រឿងស្រវឹង ផ្ទុយពីគោលការណ៍គ្រប់គ្រងបេតិកភណ្ឌពិភពលោក។ គោរពក្រមសីលធម៌៖ ស្លៀកពាក់ឱ្យបានសមរម្យ។ ការការពារសត្វល្អិត៖ គួរលាបថ្នាំការពារសត្វល្អិត ដោយសាររដូវវស្សា អាចនឹងមានសត្វល្អិតច្រើន នៅតំបន់មានព្រៃ។ គោរពស្លាកសញ្ញាព្រមាននានា៖ អនុវត្តទៅតាមស្លាកសញ្ញាឱ្យដំណឹងនានា ជាពិសេសគោរពតាមការ ណែនាំរបស់ភ្នាក់ងារទេសចរណ៍ និងភ្នាក់ងារសណ្តាប់ធ្នាប់ប្រចាំការនៅតាមទីតាំងនីមួយៗ។

ទន្ធឹមនឹងនេះ ចៀសវាងជាដាច់ខាតការផ្តល់ចំណី និងការប៉ះពាល់ផ្ទាល់ជាមួយសត្វស្វាពីព្រោះសកម្មភាពទាំងនេះ នឹងផ្តល់ផលអាក្រក់ ច្រើនជាងផលល្អ ធ្វើឱ្យរំខានដល់ឥរិយាបថធម្មជាតិរបស់សត្វ ធ្វើឱ្យ សត្វពឹងផ្អែកលើមនុស្ស និងអាចបង្កជាបញ្ហាសុខភាពធ្ងន់ធ្ងរ ដូចជាបង្កើនហានិភ័យនៃជំងឺ ការប្រឈម មុខដាក់គ្នារវាងមនុស្ស និងសត្វ ប្រកបដោយគ្រោះថ្នាក់ជាដើម។ តាមរយៈនេះសូមទុកឱ្យសត្វរស់នៅ តាមបែបធម្មជាតិ មានសុខភាពល្អ និងមានសេរីភាព។ល៕

 

Daily Program

Livesteam thumbnail