អភិបាលព្រះសហគមន៍កាតូលិកបំផុសសារ «សន្តិភាពនិងភាតរភាព»
ខេត្តតាកែវ៖ ការពង្រឹងសន្តិភាព សុខដុមរមនា និងសាមគ្គីភាពរវាងសាសនានិងសាសនា ត្រូវបានលើកយកមកបង្ហាញយ៉ាងច្បាស់ពីសំណាក់មេដឹកនាំសាសនា នៅក្នុងពិធីសម្ពោធសមិទ្ធផលនានាក្នុងវត្តអង្គមេត្រី កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ នេះ ស្ថិតនៅក្នុងភូមិពងទឹកខាងត្បូង ឃុំគូស ស្រុកត្រាំកក់ ខេត្តតាកែវ។
ពិធីនេះត្រូវបានរៀបចំឡើងក្រោមអធិបតីភាពរបស់ឯកឧត្ដម ទួន ស៊ីផាន់ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកត្រាំកក់ ដោយមានការចូលរួមយ៉ាងកុះករពីសំណាក់មន្ត្រីសង្ឃ ព្រះសង្ឃ មន្ត្រីរាជការ អាជ្ញាធរ និស្សិត សិស្សានុសិស្ស ប្រជាពលរដ្ឋ ព្រមទាំងគ្រីស្តបរិស័ទ និងពុទ្ធបរិស័ទ។
ក្នុងឱកាសនោះដែរ លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ បានទទួលគ្រឿងឥស្សរិយយសព្រះរាជាណាចក្រកម្ពុជាថ្នាក់មហាសិរីវឌ្ឍន៍ ដែលជាមេដាយថ្នាក់ខ្ពស់មួយក្នុងប្រទេស ជាសក្ខីកម្មសម្រាប់ការជួយឧបត្ថម្ភ និងទំនាក់ជិតស្និទ្ធលើផ្នែកផ្សេងៗក្នុងវិស័យសាសនា។
សន្តិភាពកើតចេញពីទំនាក់ទំនង ការធ្វើធម៌មេត្តាករុណា និងការយល់ចិត្តគ្នា
នៅក្នុងកម្មវិធីនេះ លោកអភិបាល អូលីវីយ៉េ ដែលទើបតែទទួលងារពីមន្ត្រីសង្ឃជាន់ខ្ពស់ខាងពុទ្ធសាសនាជា «អគ្គមហាឧបាសក ពុទ្ធសាសនូបត្ថម្ភក៍» បានរំលឹកពីទំនាក់ទំនងជិតស្និទ្ធជាមួយវត្តអង្គមន្ត្រីតាំងពីឆ្នាំ២០០២ មក។ លោកបានសង្កត់ធ្ងន់ថា ការកសាងផ្លូវថ្នល់តភ្ជាប់រវាងវត្ត និងព្រះវិហារកាតូលិកកាលពីអតីតកាល គឺជាដើមចមនៃការបង្កើតសន្តិភាពផ្លូវចិត្ត និងសាមគ្គីភាព។
លោកអភិបាលបានបញ្ជាក់ថា «ផ្លូវនេះទៅជានិមិត្តរូបទីមួយ នៃទំនាក់ទំនងដែលយើងបង្កើត។ ដោយសារយើងដឹងហើយ មនុស្សយើងដើម្បីបង្កើតទំនាក់ទំនងត្រូវការមានមធ្យោបាយ មធ្យោបាយធ្វើដំណើរ មធ្យោបាយនិយាយ ការជួបគ្នា។ ដូច្នេះផ្លូវនេះទៅជាសញ្ញាសម្គាល់នៃទំនាក់ទំនងដែលយើងចង់បង្កើតរវាងសាសនាយើងទាំងពីរ។»
លោកបានបន្ថែមថា ការបង្កើតទំនាក់ទំនងដោយយល់ចិត្តគ្នារវាងពុទ្ធសាសនានិងគ្រីស្តសាសនា គឺសំខាន់ណាស់ ព្រោះមនុស្សគ្រប់រូបត្រូវធ្វើដំណើរជាមួយគ្នាក្នុងជីវិតប្រចាំថ្ងៃ។ សហប្រតិបត្តិការនេះស្តែងឡើងតាមរយៈសកម្មភាពមនុស្សធម៌ជាច្រើនដូចជា ការជួយបងប្អូនភៀសសឹក និងទាហានជួរមុខក្នុងពេលមានជម្លោះព្រំដែនខ្មែរ-ថៃ និងការចែកស្បៀងអាហាររួមគ្នាក្នុងអំឡុងពេលកូវីដ-១៩ ជាដើម។
លោកអភិបាលបានរំលឹកថា ធម៌មេត្តាករុណានិងចិត្តអាណិតមេត្តា មានសារៈសំខាន់ក្នុងសាសនារបស់យើងទាំងពីរ។ ហើយក្នុងពេលមានកម្មវិធីសំខាន់រវាងសាសនាទាំងពីរ ដូចជាបុណ្យព្រះយេស៊ូប្រសូត ភ្ជុំបិណ្ឌ ចូលឆ្នាំប្រពៃណីខ្មែរ ជាឱកាសដែលយើងបានជួបជុំគ្នា សួរសុខទុក្ខគ្នាទៅវិញទៅមក ហើយក៏រួមគ្នាជួយឧបត្ថម្ភដល់គ្រួសារក្រីក្រក្នុងតំបន់ ដើម្បីលើកទឹកចិត្តគ្នា។
លោកអភិបាលបញ្ជាក់ថា «នេះជាសញ្ញាមួយដែលយើងកសាងសុខសន្តិភាពតាមរយៈធម៌មេត្តាករុណាយ៉ាងជាក់ស្តែង»។
សាសនាជាស្ពាននាំមកនូវសុខដុមរមនានិងភាតរភាព
លោកអភិបាល អូលីវីយ៉េ បានអំពាវនាវឱ្យគ្រប់សាសនាទាំងអស់រួមគ្នារក្សាសន្តិភាព និងផ្តល់ផលប្រយោជន៍រួមសម្រាប់ប្រទេសជាតិ ក៏ដូចជាពិភពលោកទាំងមូល ដោយលោកមានប្រសាសន៍បន្តថា៖
«តួនាទីសាសនាគឺធ្វើដូចម្តេចដើម្បីឱ្យយើងជាពុទ្ធបរិស័ទក្តី គ្រីស្តបរិស័ទក្តី អ៊ីស្លាមបរិស័ទក្តី ឱ្យយើងយល់ថាពិភពលោកជាទ្រព្យសម្បត្តិដែលយើងបានទទួល និងយើងទាំងអស់គ្នាជាបងប្អូន។ យើងជាបងប្អូនគ្នាពិតមែន ទោះបីសាសនាខុសគ្នាក៏ដោយ ហើយជីវិតរបស់យើងមានតម្លៃថ្លៃថ្នូរ ដែលយើងគិតមិនដល់ ហើយយើងត្រូវធ្វើដូចម្តេចដើម្បីឱ្យសេចក្តីសុខ និងសន្តិភាពនៅបន្ត។»
បន្ថែមពីលើនេះ លោកអភិបាលបានរំលេចសារដាស់តឿនយ៉ាងស៊ីជម្រៅទៅកាន់ស្រទាប់យុវជនជំនាន់ក្រោយអំពីតម្លៃពិតប្រាកដនៃសន្តិភាពថា «ពិតមែន យើងជាបងប្អូននឹងគ្នា ជួយគ្នា យើងកសាងពិភពលោករបស់យើង និងខ្ញុំសង្ឃឹម(ថា) ទំនាក់ទំនងដែលយើងមាននៅទីនេះ អាចទៅជាកម្លាំង ដើម្បីជំរុញដល់យុវជនយុវនារី ឱ្យយល់ថាយើងចង់មានសុខសន្តិភាពពិតមែន។ ដោយសារយើងដឹងហើយ សំឡេងអាវុធឮសំឡេងយ៉ាងខ្លាំងណាស់ ប៉ុន្តែពេលយើងនិយាយអំពីសន្តិភាពជាសំឡេងខ្សឹបៗ ប៉ុន្តែ(បើ)សន្តិភាពស្ថិតស្ថេរ នាំឱ្យយើងទៅមុខ។»
លោកក៏បានថ្លែងអំណរគុណផងដែរដល់រដ្ឋាភិបាល និងក្រសួងធម្មការនិងសាសនា ដែលបានបង្កលក្ខណៈងាយស្រួលដល់សុខដុមរមនារវាងសាសនានិងសាសនា និងនាំមកនូវសន្តិភាពសម្រាប់ប្រទេសជាតិ ដែលលោកចាត់ទុកថាជា «ទ្រព្យសម្បត្តិដែលមានតម្លៃ»។
ការដឹងគុណចំពោះស្មារតីលះបង់ដើម្បីសហគមន៍
នៅក្នុងពិធីនោះដែរ ព្រះភិក្ខុចិរវឌ្ឍនោ ង៉ែត ចំរើន ព្រះចៅអធិការវត្តអង្គមន្ត្រី ដែលបានទទួលគ្រឿងឥស្សរិយយសព្រះរាជាណាចក្រកម្ពុជាថ្នាក់មហាសិរីវឌ្ឍន៍នេះដែរ បានឡើងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកអភិបាលអូលីវីយ៉េ ដែលបានលះបង់ទាំងកម្លាំងកាយចិត្ត និងថវិកា ក្នុងការរួមចំណែកកសាងសមិទ្ធផលជាច្រើនក្នុងវត្តនេះ តាំងពីឆ្នាំ២០០២ មក ដូចជាសាលាពុទ្ធិកបឋមសិក្សាចំរើនអូលីវីយ៉េ ការឧបត្ថម្ភប្រាក់ខែគ្រូ ចង្ហាន់ព្រះសង្ឃ និងការកសាងហេដ្ឋារចនាសម្ព័ន្ធនានា។
ព្រះចៅអធិការវត្តអង្គនេះ បន្ថែមថា «សមិទ្ធផលនានាដែលកើតមានឡើងនៅក្នុងវត្តនេះ ដូចជារូបព្រះពុទ្ធបដិមា...ការកសាងកុដិ មានមួយចំណែកធំ គឺថវិការបស់លោកអភិបាលអូលីវីយ៉េ»។
ក្នុងរយៈកាលលជាច្រើនឆ្នាំកន្លងមក លោកអិបាលអូលីវីយ៉េ បានរួមចំណែកយ៉ាងខ្លាំងលើការប្រកាសដំណឹងល្អ បម្រើប្រជាជនតូចតាច តាមរយៈសកម្មភាពមេត្តាករុណា ក្នុងវិស័យអប់រំ សិល្បៈ វប្បធម៌ សុខាភិបាល សង្គមកិច្ច និងពុទ្ធសាសនា។ ដើម្បីលើកទឹកចិត្តនិងដឹងគុណចំពោះការលះបង់ បម្រើ និងស្រឡាញ់ចំពោះប្រជាជនកម្ពុជា រាជរដ្ឋាភិបាល បានប្រគល់ជូនមេដាយ និងគ្រឿងឥស្សរិយយស ជាបន្តបន្ទាប់ រួមមាន៖គ្រឿងឥស្សរិយយសជាតូបការ គ្រឿងឥស្សរិយយសព្រះរាជាណាចក្រកម្ពុជាថ្នាក់មហាសិរីវឌ្ឍន៍ គ្រឿងឥស្សរិយយសសហមេត្រីថ្នាក់មហាសិរីវឌ្ឍន៍ គ្រឿងឥស្សរិយយសមុនីសារាភ័ណ្ឌថ្នាក់មហាសិរីវឌ្ឍន៍ គ្រឿងឥស្សរិយយសមុនីសារាភ័ណ្ឌថ្នាក់ធិបឌិន្ទ និងមេដាយមាសស្ថាបនាជាតិ។
ជាមួយគ្នានេះ លោកអភិបាលអូលីវីយ៉េក៏បានទទួលសញ្ជាតិខ្មែរ ក្រោមការប្រោសប្រទានរបស់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ ទាំងនេះស្តែងឱ្យឃើញពីការទទួលស្គាល់ចំពោះបេសកកម្មដើម្បីសន្តិភាព និងការអភិវឌ្ឍដ៏ពិតប្រាកដនៅកម្ពុជា៕
ដោយ កែវ កញ្ញា