បទឈប់បាញ់កំពុងជិតផុតរលត់ សម្រាប់លោកដូណាល់ ត្រាំ ចំណែកអ៊ីរ៉ង់ត្រៀមវាយបក
កាលពីថ្ងៃទី១១ ខែឧសភា លោកដូណាល់ ត្រាំ ប្រធានាធិបតីអាម៉េរិកសន្និដ្ឋានថា ការឈប់ បាញ់គ្នា គឺកំពុងជិតផុតកំណត់ បន្ទាប់ពីលោកបានរិះគន់ចម្លើយរបស់អ៊ីរ៉ង់ចំពោះផែនការរបស់អាម៉េរិកដែលមានបំណងបញ្ចប់សង្គ្រាមរយៈពេលវែង។ ទីក្រុងតេអេរ៉ង់ ក៏បានប្រកាស ថា ត្រៀមខ្លួនឆ្លើយតបប្រសិនបើមានការបំពាន។
បន្ទាប់ពីរយៈពេលជាងមួយខែនៃការឈប់បាញ់ ផ្លូវនៃការទូតកំពុងជាប់ផុងរវាងទីក្រុងវ៉ាស៊ីនតុន និងទីក្រុងតេអេរ៉ង់ ដែលមានប្រទេសប៉ាគីស្ថានជាអន្តរការីសម្រាប់សំណើរពង្រឹងបទឈប់បាញ់ ដែលមិនបានចេញជាលទ្ធផលសម្រេចនោះដែរ។
លោកដូណាល់ ត្រាំ ពីសេតវិមានអាម៉េរិក បានវិនិច្ឆ័យថា ៖ “ការឆ្លើយតបរបស់អ៊ីរ៉ងសម្រាប់ ការផ្តល់ឲ្យចុងក្រោយរបស់អាម៉េរិក ត្រូវបានបោះចូលធុងសម្រាម”។
ចំណែកប្រធានសភាអីរ៉ង់ លោកម៉ូហាម៉ាដ បាហ្គេ ហ្គាលីបាហ្វ ឆ្លើយតបប្រឆាំងនៅលើ បណ្តាញសង្គមវិញថា អ៊ីរ៉ង់ត្រៀមខ្លួនដើម្បីវាយបក និងផ្តល់មេរៀនមួយក្នុងករណីមានការវាយប្រហារ។
នៅអំឡុងការហៅទូរសព្ទជាមួយអ្នកសារព័ត៌មាន ហ្វ៉ក ញូ (Fox News) លោកដូណាល់ ត្រាំ ក៏បាននិយាយថា លោកធ្លាប់បានសន្យានឹងធ្វើប្រតិបត្តិការការពារនាវាសម្រាប់ឆ្លងកាត់ ច្រកសមុទ្រអ័រមូស ដែលរាំងខ្ទប់ដោយអ៊ីរ៉ង់។
អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោកអេស្មេល បាហ្គៃ បានថ្លែងថា ៖ ”រឿងតែមួយគត់ដែលយើងទាមទារ គឺជាសិទ្ធស្របច្បាប់របស់អ៊ីរ៉ង់”។ សាធារណរដ្ឋឥស្លាមលើកឡើងការទាមទារ ដូចជា ការបញ្ចប់សង្រ្គាមនៅក្នុងតំបន់ រួមមានទាំងនៅលីបង់ ការដកការរាំងខ្ទប់កំពង់ផែអ៊ីរ៉ង់ និងការរំដោះទ្រព្យសម្បត្តិរបស់ប្រជាជនអ៊ីរ៉ង់ ដែលត្រូវបានរាំងខ្ទប់ដោយមិនត្រឹមត្រូវតាំងពីច្រើនឆ្នាំមកហើយ។"
យោងតាមសារព័ត៌មាន វ៉ល ស្ត្រីត ជូនណល់ (Wall Street Journal) ដែលបានលើកយកប្រភពដែលជិតស្និទ្ធនឹងសំណុំរឿង បានឲ្យដឹងថា សំណើររបស់ទីក្រុងតេអេរ៉ង់ គឺគ្រោងឲ្យមានសម្រាប់ការបើកឡើងវិញនូវច្រកសមុទ្រអ័រមូស ទន្ទឹមពេលនឹងការដកការរាំងខ្ទប់របស់អាម៉េរិកស្របគ្នា។ ចំណែកអ៊ីរ៉ង់នឹងផ្តល់ជូនដោយការបន្ថយកម្រិតខ្លាំងនៃមួយផ្នែកនៃអ៊ុយរ៉ានីញ៉ូមរបស់ខ្លួន ដែលមានកម្រិតចម្រាញ់ខ្ពស់ និងផ្ទេរមួយផ្នែកដែលនៅសល់ទៅកាន់ ប្រទេសទីបី ប៉ុន្តែអ៊ីរ៉ង់បានបដិសេធមិនឲ្យមានការរុះរើឧបករណ៍របស់ខ្លួន និងមិនព្រមទទួលយកការផ្អាករយៈពេល ២០ឆ្នាំ លើដំណើរការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមនោះទេ។
លោកដូណាល់ សន្និដ្ឋានថា ៖ “យើងនឹងទទួលជ័យជម្នះពេញលេញ។ យើងបានជ័យជម្នះរួចហើយជាទ្រឹស្តី គឺជោគជ័យពេញលេញបើគិតទៅលើការធ្វើសង្រ្គាមយោធា”។
ទោះបីជាយ៉ាងណា ការបិទខ្ទប់ដែលនៅបន្តមាននៅច្រកសមុទ្រ អ័រមូស ដែលជាច្រកយុទ្ធសាស្រ្តសម្រាប់ពាណិជ្ជកម្មពិភពលោកនៃឥន្ទនៈ បានធ្វើឲ្យតម្លៃនៃមាសខ្មៅហក់ឡើងជាថ្មី។ នៅពេលបិទទីផ្សារជួញដូរកាលពីថ្ងៃចន្ទ មួយបារ៉ែលនៃប្រេងប្រេនត៍ (Brent)(១) ពីសមុទ្រខាងជើងនៅអឺរ៉ុប បានកើនឡើង ២,៨៨% គឺ ១០៤,២១ ដុល្លារ នៅក្នុងមួយបារ៉ែល(២) ។
បើតាមប្រធានក្រុមហ៊ុនប្រេងយក្សរបស់ប្រទេសអារ៉ាប៊ី សាអ៊ូឌីត អារ៉ាមកូ បានឲ្យដឹងថាសង្រ្គាមដែលបានធ្វើឲ្យមានមនុស្សស្លាប់រាប់ពាន់នាក់ ជាទូទៅនៅអ៊ីរ៉ង់ និងលីបង់ បានធ្វើឲ្យមានការប៉ះទង្គិចដ៏ខ្លាំងក្លាបំផុតលើវិស័យថាមពល ដែលមិនដែលធ្លាប់ជួបនៅលើពិភពលោក។ លោកអាម៊ីន ណាសែរ ប្រធានក្រុមហ៊ុននេះ បានបញ្ជាក់ថា ៖ “ទោះបីថ្ងៃនេះ ច្រកសមុទ្រអ័រមូសត្រូវបានបើក ក៏គេនឹងត្រូវការពេលជាច្រើនខែដើម្បីឲ្យទីផ្សារអាចវិលត្រឡប់មកដំណើរការជាធម្មតាវិញ ដែលអាចនៅឆ្នាំ២០២៧។
(១) ឈ្មោះស្តង់ដារ ប្រេងឆៅ Brent ដែលជាប្រេងសំខាន់មួយក្នុងទីផ្សារពិភពលោក។
(២) មួយបារ៉ែលប្រេង = ១៥៩ លីត្រ ប្រេង។