ក្រសួងអប់រំប្រកាសរើសនិស្សិតនារីក្រីក្រ ដែលកំពុងសិក្សានៅភ្នំពេញចំនួន ៩០នាក់ ឱ្យស្នាក់នៅមជ្ឈមណ្ឌលអន្តេវាសិកនិស្សិតនារី

ក្រសួងអប់រំ ប្រកាសជ្រើសរើសនិស្សិតនារីក្រីក្រឱ្យចូលស្នាក់នៅបណ្តោះអាសន្ន នៅមជ្ឈមណ្ឌលអន្តេវាសិកនិស្សិតនារីរបស់ក្រសួង ដែលមានទីតាំងជាប់វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សរុបចំនួន ៩០ នាក់។ ឱកាសនេះត្រូវបានផ្តល់ជូនសម្រាប់និស្សិតនារីក្រីក្រ ឆ្នាំទី១ ដែលកំពុងសិក្សាតាមបណ្តាគ្រឹះស្ថានឧត្តមសិក្សាសាធារណៈនានាក្នុងរាជធានីភ្នំពេញ ទាំងនិស្សិតអាហារូបករណ៍ និងនិស្សិតបង់ថ្លៃសិក្សា។

យោងតាមក្រសួងអប់រំ បេក្ខនារីត្រូវតែជានិស្សិតនារីក្រីក្រ ឬនិស្សិតនារីដែលមានពិការភាព ជានិស្សិតនៅលីវ ព្រមទាំងមានវិន័យ និងសីលធម៌ល្អ។ ជាមួយគ្នានេះ បេក្ខនារីតម្រូវឱ្យភ្ជាប់មកជាមួយនូវលិខិតបញ្ជាក់ភាពក្រីក្រ ឬពិការភាពពីអាជ្ញាធរមេឃុំ ដើម្បីជាការបញ្ជាក់ផ្ទៀងផ្ទាត់ផងដែរ។

បេក្ខជនដែលមានបំណងដាក់ពាក្យ ត្រូវយកពាក្យស្នើសុំទៅដាក់ដោយផ្ទាល់ខ្លួនឯងនៅតាមគ្រឹះស្ថានឧត្តមសិក្សាដែលខ្លួនកំពុងសិក្សា ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៦ ជាកាលបរិច្ឆេទផុតកំណត់។ ចំពោះលទ្ធផលនៃការជ្រើសរើស ក្រសួងនឹងធ្វើការបិទផ្សាយនៅមជ្ឈមណ្ឌលអន្តេវាសិកនិស្សិតនារី និងលើទំព័រគេហទំព័រផ្លូវការរបស់ក្រសួងអប់រំ នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦។

សម្រាប់ព័ត៌មានបន្ថែម សិក្ខាកាម និងសាធារណជនអាចទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ ០៩៩ ៦១៧ ៨៩៧ និង ០៧៧ ៤៨៦ ៧៨៧។

មជ្ឈមណ្ឌលអន្តេវាសិកនិស្សិតនារី គឺជាទីកន្លែងស្នាក់នៅបណ្តោះអាសន្នសម្រាប់សិស្ស-និស្សិតនារីកម្រិតឧត្តមសិក្សាឆ្នាំទី១ ដែលមានទីតាំងស្ថិតនៅ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ហៅកាត់ថា សាលាតិចណូ) រៀបចំឡើងដោយ ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីជួយសម្រួលដល់ការខ្វះខាតទីកន្លែងស្នាក់នៅរបស់និស្សិតមកពីខេត្តក្រីក្រ៕

 

Daily Program

Livesteam thumbnail
khmer popup image