កម្ពុជាស្នើជម្រើស ៣ ដើម្បីដោះស្រាយបញ្ហាព្រំដែនសមុទ្រជាមួយថៃ
កម្ពុជាបានស្នើឱ្យគណៈកម្មការសម្រុះសម្រួលដែលត្រូវបានបង្កើតឡើងក្រោមអនុសញ្ញាសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ជួយកម្ពុជា និងថៃក្នុងការឈានទៅសម្រេចបាននូវកិច្ចព្រមព្រៀង ឬសន្ធិសញ្ញាដើម្បីរួមគ្នាខណ្ឌសេម៉ាព្រំដែនសមុទ្ររបស់ពួកគេ នេះជាការថ្លែងរបស់លោក ឧបនាយករដ្ឋមន្ត្រី និងជា រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ប្រាក់ សុខុន កាលពីល្ងាចថ្ងៃពុធ។
ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាននៅអាកាសយានដ្ឋានអន្តរជាតិតេជោ បន្ទាប់ពីត្រឡប់មកពីប្រទេសសិង្ហបុរី ដែលជាកន្លែងដែលលោកបានអញ្ជើញចូលរួមកិច្ចប្រជុំលើកដំបូងនៃគណៈកម្មការសម្រុះសម្រួល UNCLOS ពាក់ព័ន្ធនឹងកម្ពុជា និងថៃ លោក ប្រាក់ សុខុន បានមានប្រសាសន៍ថា កម្ពុជាបានលើកឡើងនូវវិធីសាស្ត្រមួយចំនួនដើម្បីដោះស្រាយបញ្ហាព្រំដែនសមុទ្រដ៏យូរអង្វែងនេះ។
ប្រមុខកាទូតកំពូលរបស់កម្ពុជា បានពន្យល់ថា គំនិតផ្តួចផ្តើមក្នុងការចាប់ផ្តើមដំណើរការសម្រុះសម្រួលនេះ គឺមានគោលបំណងបង្កើតនូវយន្តការមួយដើម្បីជំនួសឱ្យក្របខ័ណ្ឌចាស់ សម្រាប់ដោះស្រាយបញ្ហាព្រំដែនសមុទ្ររវាងកម្ពុជា និងថៃ ដែលបានបង្កើតឡើងក្រោមអនុស្សារណៈនៃការយោគយល់គ្នាឆ្នាំ ២០០១ (MOU 2001) ដែលត្រូវបានថៃលុបចោលជាឯកតោភាគី កាលពីថ្ងៃទី ៥ ខែឧសភា ឆ្នាំ ២០២៦។
លោក ប្រាក់ សុខុន បានមានប្រសាសន៍ថា ការលុបចោល MOU 2001 ជាឯកតោភាគីរបស់ថៃ បានធ្វើឱ្យកម្ពុជា និងថៃ គ្មានយន្តការទ្វេភាគី ក្នុងការដោះស្រាយវិវាទព្រំដែនសមុទ្ររបស់ពួកគេដោយសន្តិវិធី និងស្របតាមច្បាប់នោះឡើយ។
យោងតាមលោក ប្រាក់ សុខុន កម្ពុជាបានលើកឡើងនូវវិធីសាស្ត្រចំនួន ៣ ដែលអាចធ្វើទៅបាន ដើម្បីដោះស្រាយបញ្ហាដ៏យូរអង្វែងនេះ។
ជម្រើសទីមួយ គឺការស្វែងរកកិច្ចព្រមព្រៀង ឬសន្ធិសញ្ញាដែលបង្កើតខ្សែព្រំដែនសមុទ្រតែមួយ និងគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ ដោយផ្អែកលើច្បាប់អន្តរជាតិ និងដោយមានការគាំទ្រពីគណៈកម្មការសម្រុះសម្រួល។ កម្ពុជាបានស្នើឱ្យយកបទពិសោធន៍របស់ទីម័រខាងកើត និងអូស្ត្រាលី ធ្វើជាគំរូដែលអាចប្រើប្រាស់បានសម្រាប់កិច្ចព្រមព្រៀងបែបនេះ។ លោក ប្រាក់ សុខុន បានមានប្រសាសន៍ថា «ប្រសិនបើកិច្ចព្រមព្រៀង ឬសន្ធិសញ្ញាបែបនេះអាចសម្រេចបាន វាស្ដែងឱ្យឃើញនូវក្របខ័ណ្ឌយ៉ាងច្បាស់លាស់សម្រាប់ប្រទេសទាំងពីរក្នុងការដោះស្រាយព្រំដែនសមុទ្ររបស់ពួកគេ»។
ជម្រើសទីពីរ នឹងជាការអភិវឌ្ឍរួមគ្នា ប្រសិនបើភាគីទាំងពីរមិនអាចព្រមព្រៀងគ្នាលើខ្សែព្រំដែនសមុទ្របានភ្លាមៗនោះទេ។ ក្រោមវិធីសាស្ត្រនេះ កម្ពុជា និងថៃ នឹងសហការគ្នាក្នុងការអភិវឌ្ឍធនធានក្រៅឆ្នេរ និងចែករំលែកផលប្រយោជន៍ដោយស្មើភាព។ លោក ប្រាក់ សុខុន បានមានប្រសាសន៍ថា កិច្ចសហប្រតិបត្តិការបែបនេះ គួរតែត្រូវធ្វើឡើងក្រោមស្មារតីនៃការគោរពគ្នាទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការ ជាពិសេសពាក់ព័ន្ធនឹងការទាញយកធនធានក្រោមបាតសមុទ្រ។ លោកបានមានប្រសាសន៍ថា «កម្ពុជាស្នើឱ្យគណៈកម្មការសម្រុះសម្រួល ជួយភាគីទាំងពីរឱ្យឈានដល់ការយោគយល់គ្នា និងសម្រេចបានកិច្ចព្រមព្រៀងសម្រាប់ការចែករំលែកផលប្រយោជន៍ដោយសមធម៌ ដែលបានមកពីការទាញយកធនធានបាតសមុទ្រ»។
ជម្រើសទីបី គឺការឱ្យគណៈកម្មការសម្រុះសម្រួលរៀបចំរបាយការណ៍អំពីដំណើរការសម្រុះសម្រួលសរុប និងផ្តល់អនុសាសន៍ ក្នុងករណីដែលមិនអាចសម្រេចបានទាំងកិច្ចព្រមព្រៀងព្រំដែនសមុទ្រ ឬការរៀបចំការអភិវឌ្ឍរួមគ្នានោះទេ។ បន្ទាប់មក កម្ពុជានឹងប្រើប្រាស់អនុសាសន៍របស់គណៈកម្មការ ជាមូលដ្ឋានសម្រាប់ការចរចាបន្ថែមទៀតជាមួយថៃ ដោយមានគោលបំណងស្វែងរកដំណោះស្រាយសមធម៌ ស្របតាមកាតព្វកិច្ចរបស់ប្រទេសទាំងពីរ ក្នុងនាមជា រដ្ឋភាគីនៃអនុសញ្ញា UNCLOS។
គណៈកម្មការសម្រុះសម្រួល UNCLOS ត្រូវបានគ្រោងទុកថានឹងរៀបចំកិច្ចប្រជុំលើកទីពីរជាមួយកម្ពុជា និងថៃ នៅទីក្រុងឡាអេ ប្រទេសហូឡង់ នាខែតុលា ដែលបន្ទាប់មកនឹងមានកិច្ចប្រជុំជាបន្តបន្ទាប់ទៀត នៅពេលដែលដំណើរការសម្រុះសម្រួលប្រព្រឹត្តទៅជាបន្ត។
