ទឹកជំនន់មានអ្នកស្លាប់ នៅរដូវខ្យល់មូសុងធ្វើឲ្យខូចខាតធ្ងន់ធ្ងរនៅប៉ាគីស្ថាន

ភ្លៀងធ្លាក់មិនឈប់ឈរនៃរដូវខ្យល់មូសុង បានបន្តធ្វើឲ្យខូចខាតធ្ងន់ធ្ងរទូទាំងប្រទេសប៉ាគីស្ថាន ដោយបន្យល់ទុកនូវភូមិត្រូវកាត់ផ្តាច់ច្រកចូល ផ្ទះជាច្រើនត្រូវបានបំផ្លាញ ហើយគ្រួសារជាច្រើន កំពុងតស៊ូដើម្បីទទួលបានអាហារ ទឹកស្អាត និងការព្យាបាលវេជ្ជសាស្រ្ត។
អង្គការជំនួយមនុស្សធម៌បន្តធ្វើការងារដោយមិនមានសម្រាកដើម្បីចូលទៅកាន់តំបន់ដែលរងប៉ះពាល់ធ្ងន់ធ្ងរបំផុត។
អាជ្ញាធរជាតិប៉ាគីស្ថាននៃការគ្រប់គ្រងគ្រោះមហន្តរាយ ប្រកាសថា មនុស្សជិត ៨០០នាក់ បានបាត់បង់ជីវិតចាប់តាំងពីដំណាច់ខែមិថុនា ឬជិត ៣ដងលើសរយៈដូចគ្នាកាលពីឆ្នាំមុន។
ខេត្តឃីប៊ឺ ប៉ាខទុនខ្វា ទទួលរងផលប៉ះពាលធ្ងន់ធ្ងរបំផុត ដោយមានការឡើងកម្ពស់ទឹកភ្លាមៗ និងការបាក់ដីនៅស្រុកតំបន់ភ្នំ ដែលនាំយកទៅជាមួយនូវផ្ទះ និងសាលារៀនជាច្រើនខ្នង។ តាមភូមិជាច្រើន រួមទាំងសហគមន៍ទាំងមូលផង ផ្លូវច្រកចូលត្រូវបានកាត់ផ្តាច់។
ពេនចាប ខេត្តដែលមានប្រជាជនច្រើនបំផុតនៃប្រទេស ក៏ស្ថិតនៅក្នុងសភាពប្រកាសអាសន្នកម្រិតខ្ពស់ដោយសារការឡើងកម្ពស់ទឹកនៃទន្លេស៊ុតឡេ រ៉ាវី និងចេណាប់ ដែលគំរាមកំហែងដល់សហគមន៍ដែលស្ថិតនៅទីតាំងទាបៗ។ អាជ្ញាធរភ័យខ្លាចថា កម្រិតកម្ពស់ទឹកដែលហក់ឡើង និងអាងស្តុកទឹកដែលជិតពេញនឹងបង្កជាទឹកជំនន់ថ្មីៗនៅប៉ុន្មានថ្ងៃខាងមុខទៀត។
នៅតំបន់ហ្ស៊ីលហ្ស៊ីត បាល់ទីស្តង់ តំបន់ភ្នំភាគខាងជើងប៉ាគីស្ថាន ទឹកជំនន់ដោយសារការបាក់ស្រុតបឹងទឹកកក បានធ្វើឲ្យស្ថានភាពរឹតតែធ្ងន់ធ្ងរ។ វាបានបំផ្លាញផ្ទះ បណ្តាញទឹកស្អាត និងហេដ្ឋារចនាសម្ព័ន្ធអគ្គីសនីនៅតាមជ្រលងភ្នំដាច់ស្រយាល។
ទឹកជំនន់ទាំងនេះកើតមានឡើងនៅពេលមានភ្លៀងធ្លាក់ខ្លាំង ឬការកើនឡើងនូវសីតុណ្ហភាព ដែលបង្កជាបាក់ស្រុតបឹងទឹកកកពីទំនប់ធម្មជាតិរបស់វា។ វាបានរំដោះភ្លាមៗនូវបរិមាណទឹកដ៏ច្រើនមហិមា និងសម្រាម។ ដោយមិនមានសញ្ញាមុន បាតុភូតនេះជារឿយគឺបង្កមហន្តរាយខ្លាំងណាស់។
អ្នកជំនាញព្រមានថា ការប្រែប្រួលអាកាសធាតុបង្កើនល្បឿននៃការរលាយទឹកកកនៅក្នុងតំបន់ហិម៉ាល័យ និងហ៊ីនឌូ គូច និងបង្កើនចំនួន និងទំហំនៃបឹងទឹកកកដែលគ្មានស្ថិរភាព ដែលបង្កើនហានិភ័យនៃគ្រោះមហន្តរាយទឹកជំនន់ផងដែរ។
តុល្យការខូចខាតដល់មនុស្សមានកម្រិតធ្ងន់ ជាមួយនឹងប្រជាជនច្រើនជាង ១លាននាក់រងផលប៉ះពាល់ក្នុងកម្រិតប្រទេស។ គ្រួសារជាច្រើនបានភៀសខ្លួនទៅកាន់សហគមន៍ទទួលជាជាងនៅក្នុងជំរំសង្រ្គោះ និងសុំឲ្យជួយលើការព្រួយបារម្ភអំពីសត្វពាហនៈ និងការសិក្សារបស់កូនៗពួកគេ។
ទោះបីមានការខិតខំខ្លាំងក្លាដែលពង្រាយដោយអាជ្ញាធរសហព័ន្ធ និងខេត្ត ដែលគាំទ្រដោយអង្គការសហប្រជាជាតិ និងដៃគូមនុស្សធម៌ ការខ្វះខាតសេវាសាធារណៈជាច្រើនបានលេចឡើង។
យោងតាមការិយាល័យសម្របសម្រួលជំនួយមនុស្សធម៌នៃអង្គការសហប្រជាជាតិ បានឲ្យដឹងថា តម្រូវការមានទាមទារខ្លាំងបំផុតស្ថិតនៅតំបន់ភ្នំដាច់ស្រយាល ដែលមានការរអិលបាក់ដី និងរារាំងការចូលទៅដល់។ ប្រជាជនប្រឈមនឹងភាពកាន់តែធ្ងន់ធ្ងរនៃជំងឺឆ្លង គ្រោះអត់ឃ្លាន និងការខ្វះខាតទឹកស្អាត។
មូលនិធិនៃអង្គការសហប្រជាជាតិសម្រាប់កុមារ UNICEF បានប្រកាសថា ក្មេងៗ ប្រឈមនឹងហានិភ័យកើនឡើង ជាមួយនឹងសាលារៀនដែលរងការខូចខាត ការខ្វះខាតទឹកស្អាត និងតម្រូវការការពារផងដែរ។ ទីភ្នាក់ងារអង្គការបានបញ្ជូលសម្ភារៈអនាម័យ និងរួមចំណែកស្តារឡើងវិញនូវការផ្គត់ផ្គង់ទឹកដែលសំខាន់។
ចំណែកអង្គការសុខភាពពិភពលោក OMS ដឹកនាំប្រតិបត្តិការនៃការតាមដាន និងគ្រប់គ្រងជំងឺដើម្បីទប់ស្កាត់រោគរាតត្បាត។
Daily Program
