ការហក់ឡើងនូវតម្លៃប្រេង អាចជំរុញការបង្កើនល្បឿននៃការផ្លាស់ប្តូរលើ ផលិតផល ផ្លាស្ទីក
នៅខណៈដែលតម្លៃប្រេងហក់ឡើងដោយសារតែជម្រៅនៃភាពតានតឹងខាងភូមិសាស្រ្ត នយោបាយ កត្តាដែលជារឿយៗ ត្រូវបានគេមិនសូវយកចិត្តទុកដាក់ក្រៅពីការប្រែប្រួល អាកាសធាតុ បានលេចចេញឲ្យឃើញកាន់តែច្បាស់ មានដូចជា ផលិតកម្មផ្លាស្ទីក ដែលត្រូវ ពឹងផ្អែកយ៉ាងខ្លាំងលើឥន្ធនៈផូស៊ីល និងជាអ្នកទទួលខុសត្រូវនៃការបំភាយឧស្ម័នផ្ទះកញ្ចក់ដែលកើនឡើងផងដែរ។
ភាគច្រើនលើសលុបនៃផ្លាស្ទីកធម្មតាត្រូវផលិតឡើងចេញពីប្រេង និងឧស្ម័នផូស៊ីល។ ភាពតានតឹងថ្មីៗខាងភូមិសាស្រ្តនយោបាយនៅមជ្ឍិមបូព៌ា មានជាអាទិ៍នៅជុំវិញច្រកសមុទ្រអ័រមូស បានបង្កឲ្យមានការកើនឡើងនូវតម្លៃនៃវត្ថុធាតុដើមជាយុទ្ធសាស្រ្តទាំងនេះដែរ។
ការកើនឡើងតម្លៃប្រេង និងឧស្ម័ន បង្កើនដោយផ្ទាល់នូវតម្លៃផលិតកម្មផ្លាស្ទីក។ សម្រាប់អ្នកជំនាញជាច្រើនបានឲ្យដឹងថា សំពាធខាងសេដ្ឋកិច្ចនេះ អាចនឹងបង្កើនល្បឿនការផ្លាស់ប្តូរទៅកាន់គំរូប្រើប្រាស់ដែលកាន់តែមានចីរភាពជាងមុន ការអភិវឌ្ឍនូវប្រព័ន្ធប្រើប្រាស់ឡើងវិញ និងការវិនិយោគទៅលើសម្ភារៈដែលជាជម្រើសផ្សេងៗ ដែលមានការបំពុលតិចជាង និងបំភាយឧស្ម័នកាបូនិកតិចជាងមុនដែរ។
សេដ្ឋកិច្ចផ្លាស្ទីកពិភពលោកមិនមែនគ្រាន់តែជាបញ្ហានៃសម្រាមទេ។ នេះក៏ជាបញ្ហានៃអាកាសធាតុផងដែរ។ ការប្រើប្រាស់ដែលកើនឡើងនូវផ្លាស្ទីក ដែលបង្កការបំពុលបន្ថែមទៀតជៀសមិនបាន បំផ្លាញយ៉ាងធ្ងន់ធ្ងរទៅលើស្ថានជីវចម្រុះនៃភពផែនដី និងចូលរួមចំណែកដល់ការប្រែប្រួលអាកាសធាតុ។ ផ្លាស្ទីកត្រូវបានផលិតឡើងយ៉ាងច្រើនលើសលុបចេញពីផលិតផលគីមីប្រេងដែលចម្រាញ់ចេញពីប្រេង និងឧស្ម័នធម្មជាតិ។
យោងតាមកម្មវិធីនៃអង្គការសហប្រជាជាតិសម្រាប់បរិស្ថាន (PNUE) បានឲ្យដឹងថា ផ្លាស្ទីកបង្កើតការបំភាយដ៏ចង្រៃនៃឧស្ម័នផ្ទះកញ្ចក់ពេញមួយវដ្តិនៃជីវិតរបស់វា ចាប់តាំងពីការទាញចេញវត្ថុធាតុដើម ការចម្រាញ់ ផលិតកម្ម ការដឹកជញ្ជូន រហូតដល់ការបំផ្លាញវាចោល។
កម្មវិធីនៃអង្គការសហប្រជាជាតិសម្រាប់បរិស្ថាន ព្រមានថា ឧស្ម័នផ្ទះកញ្ចក់ដែលជំរុញឲ្យមានការប្រែប្រួលអាកាសធាតុ នឹងប្រហែលជាបន្តកើនឡើង ប្រសិនបើផលិតកម្មផ្លាស្ទីកនៅតែបន្តកំណើនឡើងដោយគ្មានការគ្រប់គ្រង។
ផ្នែកដ៏សំខាន់នៃផលិតកម្មពិភពលោកនៃផ្លាស្ទីក គឺសំដៅធ្វើសម្ភារៈវិចខ្ចប់ មានជាអាទិ៍សម្រាប់ចំណីអាហារ មានដូចជា ដប ថង់ឥវ៉ាន់ និងឧបករណ៍ប្រើប្រាស់តែម្តងចោល។ ទាំងនេះក៏ជាផលិតផលដែលងាយស្រួលបំផុតនឹងជំនួសដោយជម្រើសផ្សេងផងដែរ។
ចំណែកវិស័យសំណងអគារ ក៏ស្រូបយកដ៏ធំបំផុតនៃការប្រើប្រាស់ផ្លាស្ទីក ដូចជា ការប្រើប្រាស់វាធ្វើទុយយ៉ូ សម្ភារៈមិនចម្លងអគ្គីសនី សម្ភារៈក្រាលលើដី ឬស៊ុមបង្អួច។ល។ នៅក្នុងវិស័យនេះ លទ្ធភាពនៃការយកវត្ថុផ្សេងមកជំនួសនៅមានកម្រិត។
របស់របរប្រើប្រាស់ និងវត្ថុធាតុជាល្បាយ ក៏អាស្រ័យយ៉ាងខ្លាំងផងដែរលើផ្លាស្ទីក ដូចជា សម្លៀកបំពាក់ដែលផលិតពីប៉ូលីស្ទើ របស់របរក្មេងលេង គ្រឿងសង្ហារិម របស់របរប្រើប្រាស់ក្នុងផ្ទះផ្សេងៗ ដូចជា សាប៊ូ និងសម្ភារៈសម្អាត។ល។
នៅក្នុងវិស័យដឹកជញ្ជូន ផ្លាស្ទីកត្រូវបានគេប្រើប្រាស់យ៉ាងទូលំទូលាយមានជាអាទិ៍សម្រាប់ធ្វើគ្រឿងយានយន្ត ព្រមទាំងគ្រឿងអេឡិចត្រូនិក ដែលការចង់ផ្លាស់ប្តូរពួកវាឲ្យបានលឿននៅតែមានភាពស្មុគស្មាញដោយសារហេតុផលនៃធាតុផ្សំបច្ចេកទេសរបស់ពួកវា។
ជាចុងក្រោយនៅក្នុងវិស័យវេជ្ជសាស្រ្ត មានផលិតផលជាច្រើនដូចជា ស៊ីរ៉ាង ឧបករណ៍ការពារផ្ទាល់ខ្លួន ឬការវិចខ្ចប់ការរម្ងាប់មេរោគ ដែលវានៅមានការលំបាកដែរក្នុងការស្វែងរកវត្ថុមិនមែនផ្លាស្ទីកមកជំនួស។
យោងតាមកម្មវិធីនៃអង្គការសហប្រជាជាតិសម្រាប់បរិស្ថាន បានឲ្យដឹងទៀតថា គេត្រូវតែគិតឡើងវិញអំពីវិធីដែលគេផលិត ប្រើប្រាស់ និងកម្ចាត់ប្លាស្ទីក។